CamNews

ព័ត៌មានអន្តរជាតិ 

តើបុគ្គលរូបណា នឹងត្រូវស្នងតំណែងលោក David Cameron ដែលត្រូវទទួលរ៉ាប់រងថ្មបាក់ នៅចក្រភពអង់គ្លេស?

(ឡុងដ៍)៖ ក្រោយពីដឹងលទ្ធផលថាចក្រភពអង់គ្លេស ត្រូវចាកចេញពីសហភាពអឺរ៉ុប តបតាមលទ្ធផលនៃការបោះឆ្នោត ធ្វើប្រជាមតិដែលបានចេញតែប៉ុន្មានម៉ោងនោះ លោក David Cameron នាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានប្រកាស ពីគំរោងលាលែងចេញពីតំណែងនៅខែតុលា ខាងមុខនេះជាផ្លូវការ ព្រោះលោកទំនងជាមិនអាចទទួលយកការពិត នេះបានទេ។ តើតំណែងដ៏ធំធេងនិងស្មុគស្មាញនេះ ត្រូវប្រគល់ទៅឲ្យបុគ្គលណាជាអ្នកស្នង?

មានបុគ្គលសំខាន់ៗនៅក្នុងគណបក្សកាន់អំណាចរបស់លោក David Cameron ដែលនឹងអាចឡើងមកជំនួសតំណែង នៅរយៈពេល បីខែខាងមុខនេះដូចជា លោក Boris Johnson, លោក George Osborne, លោកស្រី Theresa May, លោក Michaek Gove និងលោកស្រី Ruth Davidson ដែលសុទ្ធសឹងតែជាបុគ្គលជំនាញៗ ប្រកបបទពិសោធន៍ និងមាន ឥទ្ធិពលនៅក្នុងគណបក្សកាន់អំណាច។

ឥឡូវយើងងាកទៅមើលសក្តានុពល របស់បុគ្គលនីមួយៗវិញម្តង៖

ទី១) លោក Boris Johnson៖ លោកប្រៀបបីដូចជាអ្នកវិភាគស្ថានការណ៍ដ៏ជំនាញ ហើយក៏ជាអ្នកស្មានដឹងថា អង់គ្លេស នឹងបោះឆ្នោតចាកចេញពីអឺរ៉ុបយ៉ាងពិតប្រាកដដែរ។ លោកជាអ្នកដែលបានដើរតួយ៉ាងសំខាន់ នៅក្នុងជម្រុញឲ្យ ចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប។ លោកធ្លាប់បានលើកឡើងថា ប្រសិនបើអង់គ្លេសបោះឆ្នោតចាកចេញ ពីអឺរ៉ុបមមែននោះ លោកនឹងក្លាយជាបុគ្គលដែលសក្តិសមបំផុត ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស។ នៅក្នុងគណបក្សកាន់ អំណាច លោក Johnson តែងតែទទួលបានការគាំទ្រលើសគេជានិច្ច។

ទី២) លោក Michael Gove៖ បុគ្គលរូបនេះ ត្រូវបានចាត់ទុកជាមនុស្សដ៏គួរឲ្យគោរព ហើយក៏បានប្រឹងប្រែងការពារ កេរ្តិ៍ឈ្មោះខ្លួនឯងយ៉ាងខ្លាំង អំឡុងការបោះឆ្នោតប្រជាមតិផងដែរ។ ប៉ុន្តែសមាជិកក្នុងបក្សមួយចំនួនមានការព្រួយ បារម្ភថា លោកនឹងមិនអាចយកឈ្នះក្នុងការបោះឆ្នោតទូទាំងប្រទេសនោះទេ ក៏ព្រោះតែមានគូប្រជែងខ្លាំងជាងលោក ជាច្រើននាក់ទៀត។

ទី៣) លោកស្រី Theresa May៖ លោកស្រីត្រូវបានចាត់ទុកជា អ្នកនយោបាយដ៏ស្ងប់ស្ងាត់មួយ នៅអង់គ្លេស ប៉ុន្តែមិន មែនមានន័យថាជា ម្ចាស់ក្សត្រីយ៍ទឹកកក នោះទេ។ វាប្រាកដណាស់ថា លោកស្រីនឹងបង្ហាញចំណាប់អារម្មណ៍ ព្រមទាំង សកម្មភាពរបស់ខ្លួនឆាប់ៗ ដើម្បីឈោងយកតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស។ អំឡុងពេលនៃការរៀបចំយុទ្ធនាការ រៀបចំការបោះឆ្នោតប្រជាមតិនោះ លោកស្រីបាន​ឱនមុខចុះ ដែលវាបានបង្ហាញពីភាពមិនគាំទ្រចំពោះអ្វីៗដែលប្រុង នឹង កើតឡើងនោះឡើយ។

ទី៤) លោក George Osborne៖ លោក ហាក់រក្សាបាននូវប្រជាប្រិយភាពរបស់ខ្លួន ហើយកាន់តែកើនឡើងថែមទៀត នៅអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតចាកចេញពីអឺរ៉ុប។ ប្រធានក្រុមប្រឹក្សារូបនេះ នឹងអាចត្រូវគេផ្លាស់ប្តូរចេញពី តំណែងក្នុងពេលឆាប់ៗ ដែលវាអាចផ្តល់ឱកាសឲ្យរូបលោក រៀបចំខ្លួនទទួលតំណែងថ្មីឡើងវិញ ក្នុងគណរដ្ឋមន្ត្រី ហើយក៏អាចឆ្ពោះទៅរកការ ដណ្តើមតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសបន្តពីលោក David Cameron ក៏ថាបាន។

ទី៥) លោកស្រី Ruth Davidson៖ មេដឹកនាំបក្សដែលមានមូលដ្ឋាននៅស្កុតឡេនរូបនេះ ពិតប្រាកដណាស់ថានឹង ឈោងចាប់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសនៅថ្ងៃមុខ។ បើទោះបីជាលោកស្រី មិនមែនសមាជិកសភានៅអង់គ្លេស ក៏ដោយ ប៉ុន្តែក្រោយការពីការឈ្នះឆ្នោតនៅ Holyrood កាលពីខែមុន គណបក្សលោកស្រីត្រូវបានចាត់ទុកថាមាន លេខរៀងលំដាប់ទី២នៅចក្រភពអង់គ្លេស ហេតុដូច្នេះថាលោកស្រីដែលទើបមានវ័យ ៣៧ឆ្នាំរូបនេះ ក៏អាចមានសិទ្ធិ នៅក្នុងការឈោងចាប់តំណែងជានាយករដ្ឋមន្ត្រីដែរ។

តាមពិតការជ្រើសនាយករដ្ឋមន្ត្រីថ្មី ពិតជារឿងសំខាន់របស់ចក្រភពអង់គ្លេស ព្រោះមេដឹកនាំថ្មីនឹងទទួលបន្ទុកលើការ ដោះស្រាយបញ្ហាជាច្រើន ដែលកើតឡើងនៅអំឡុងដំណើរចាកចេញរបស់អង់គ្លេសពីអឺរ៉ុប ហើយជាពិសេសបើសិនជា អាចដោះស្រាយទំនាក់ទំនង ឲ្យវិលទៅរកភាពប្រសើរឡើងវិញ ជាមួយអឺរ៉ុបផងនោះគឺរឹតតែប្រសើរថែមទៀត។ បច្ចុប្បន្ន នេះ សហភាពអឺរ៉ុប ហាក់កំពុងតែដាក់សម្ពាធមកលើអង់គ្លេស ដែលវាក៏ទំនងជាសញ្ញាព្រមានមួយផងដែរដល់សមាជិក ផ្សេងៗទៀត អំពីលទ្ធផលធ្ងន់ធ្ងរនៃចាកចេញពីសហភាព ដែលមានឥទ្ធិពលបំផុតលើលោកនេះ៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: EU UK Euro Pound Brexit