CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក​ជូន​កា​ដូ​ធំ​មួយ ដល់​អង់​គ្លេស​ថ្មី គឺ​គំរោងវិនិយោគ​ក្រុមហ៊ុន​យក្ស Boeing ​នឹង​បង្កើត​ការងារ

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីដ ខេម៉ឺរ៉ូន បានប្រកាសនៅថ្ងៃចន្ទនេះថា ចក្រភពអង់គ្លេស ដែលទើបចាកចេញ​ពីសហភាពអឺរ៉ុប បានទទួលយកភាពជាដៃគូ​យុទ្ធសាស្ត្រថ្មី ជាមួយនឹងក្រុមបច្ចេកវិទ្យា អវកាសអាមេរិក Boeing (ប៊ូអ៊ីង) ជាតំណាក់កាលដំបូង​មានការវិនិយោគ ក្នុងគំរោងទឹកប្រាក់ ៥១៦លានដុល្លារអាមេរិក ទៅលើការស្រាវជ្រាវទីអវកាស និង ការអភិវឌ្ឍគំរោង នានាបន្ថែមទៀត។ នេះបើតាមស៊ិនហួរ ចេញផ្សាយនាយប់ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។

នៅក្នុងសេចក្តីប្រកាសនោះដែរលោក ខេម៉ឺរ៉ូន បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ចក្រភពអង់គ្លេសនឹង នៅតែជាប្រទេសដែលនាំមុខគេ ជានិច្ច​នៅក្នុងឧស្សាហកម្មអវកាស។ សម្រាប់ការវិនិយោគខាងលើនេះ ក្រុមហ៊ុនយក្សប៊ូអ៊ីងរបស់អាមេរិក ក៏បានអះអាងផងដែរថា នឹងអាចផ្តល់ការងារជាង ២,០០០កន្លែង ដល់ប្រជាជនអង់គ្លេស ព្រមទាំងជម្រុញសេដ្ឋកិច្ច ចក្រភពនេះឲ្យនៅតែខ្លាំងដដែល។

គួរបញ្ជាក់ថា បន្ទាប់ពីអង់គ្លេសចាកចេញ​ពីសហភាពអឺរ៉ុបទៅ ដៃគូដ៏សំខាន់បំផុត​នៃវិស័យសេដ្ឋកិច្ច និង នយោបាយរបស់អង់គ្លេសនោះ គឺនៅតែជាសហរដ្ឋអាមេរិក ដូចដែលប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ធ្លាប់បានលើកឡើងតាំងពីមុនការបោះឆ្នោត Brexit មកម្ល៉េះថា ទោះបីអង់គ្លេសចេញឬនៅបន្ត ក្នុងសហភាពអឺរ៉ុប​ក៏ដោយ ក៏អាមេរិកនៅតែ​ជា​ដៃគូយុទ្ធសាស្ត្រ មិនអាចខ្វះបាន​ជាមួយអង់គ្លេស៕

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: EU UK Euro Pound Brexit