CamNews

ប្លែកៗ 

នគរ​បាល​រៀប​ការ​សុនខ​ជា​ក្រុម ធ្វើ​ឱ្យ​រដ្ឋមន្ដ្រី​ក្ដៅ​ស្លឹក​ត្រចៀក (មាន​វីដេអូ)

រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌​របស់​ប្រទេស​ Sri Lanka បាន​ស្នើ​ឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នគរ​បាល​
របស់ទី​ក្រុង​មួយនៃ​ប្រទេស​នេះ​ ​បាន​ធ្វើ​ពិធី​រៀប​ការ​ឱ្យ​សត្វ​សុនខ​អាជីព​។

សុនខ​មួយ​គូ ក្នុងចំណោម​ ៩​គូ ដែល​បាន​រៀប​ការ​ នៅ​ក្រុង​ Kandy កាល​ពី​ថ្ងៃទី ២៦​សីហា

កាល​ពី​ថ្ងៃទី ២៦​សីហា​ ឆ្នាំ ២០១៣ កន្លង​ទៅ នៅ​ក្រុង​ Kandy ភាគ​កណ្ដាល​ប្រទេស​ Sri Lanka
មាន​ការ​ប្រារព្ធ​ពិធី​រៀប​ការ​ជាក្រុម​របស់​សុនខ​ចំនួន ៩​គូ ។ ពិធី​រៀប​ការ​នេះ ត្រូវ​បាន​​មន្ដ្រី​​ម្នាក់​ធ្វើ
​ការ​​បំពេញ​បែប​បទ ​ចុះ​ឈ្មោះ​រៀប​ការ​ឱ្យ​សុនខ​ទាំង​នេះ។ ក្នុង​អំឡុង​ពេល​រៀប​ការ ក៏​មាន​មន្ដ្រី
​​បសុពេទ្យ​​ជា​ច្រើន​រូប មន្ដ្រី​នគរ​បាល រួម​នឹង​ប្រជាជន​យ៉ាង​ច្រើន​ បាន​ចូល​រួម​ពិធី​រៀប​ការ​ដ៏​ចម្លែក​
នេះ​ដែរ​។

ស្ថានិយ​ទូរទស្សន៍​ក្នុង​ស្រុក បាន​ចាក់​ផ្សាយ​នូវ​ទិដ្ឋ​ភាព​សុនខ​ទាំង​នេះ ឈាន​ជើង​ឡើង​រថយន្ដ
​របស់​នគរ​បាល ដើម្បី “ក្រេប​ទឹក​ឃ្មុំ”​ ។ រថយន្ដ​របស់​នគរ​បាល​ ក៏​ត្រូវ​បាន​តុប​តែង​យ៉ាង​ស្រស់​
ស្អាត​ ប្លែក​ភ្នែក​ក្នុង​បំណង​អបអរ​ថ្ងៃ​រៀប​ការ​របស់​សុនខ​។

ពិធី​រៀប​ការ​របស់​ក្រុម​សុនខ​ដែល​មាន​អាជីព​ស្វែង​រក​ថ្នាំ​ញៀនជា​ដើម ខាង​លើ​នេះ ទទួល​បាន
​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​ ពី​សំណាក់​សាធារណ​ជន ប៉ុន្ដែ​ទន្ទឹម​នឹង​នេះ ក្រុម​មន្ដ្រី​ក្រសួង​វប្បធម៌
​បែរ​ជា​សម្ដែង​ការ​ខឹងសម្បារយ៉ាង​ខ្លាំង​ ​ចំពោះ​ករណីនេះ​។ លោក រដ្ឋ​មន្ដ្រីនៃក្រសួង​វប្បធម៌ និង​
សិល្បៈ​ T.B. Ekananayake បាន​ថ្កោល​ទោស​ចំពោះ​ការ​រៀបការ​ខាង​លើ​ ដោយ​លោក​​យល់​ថា
វា​បាន​ធ្វើ​ឱ្យ​សៅ​ហ្មង​ដល់​ពិធី​មង្គល​ការ​ដែល​ជា​ប្រពៃណី​ដ៏​ថ្លៃថ្លា​​របស់​ជាតិ​។ លោក​ក៏​បាន​ស្នើ​ឱ្យ
​មន្ដ្រី​ពាក់​ព័ន្ធ​ ស៊ើប​អង្កេត​ចំពោះ​រឿង​នេះ​។

Buddhika Siriwardena អ្នក​នាំ​ពាក្យ​របស់​នគរ​បាល​ បាន​ប្រកាស​សុំ​ទោស​សាធារណ​ជន​ ចំពោះ​
ពិធី​រៀប​ការ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ប្រទេស​ជាតិ។ ប៉ុន្ដែ​ លោក​ក៏​បាន​អះអាង​ថា គោល​
បំណង​នៃ​ការ​រៀប​ការ​នេះ គឺ​ដើម្បី​បង្កាត់​ពូជ​សុនខ​អាជីពដ៏​មាន​ប្រយោជន៍​នេះ​ ​តែ​ប៉ុណ្ណោះ។

លោក Siriwardena  ថ្លែង​ថា ៖  “គោល​បំណង​នៃ​កម្មវិធី​បង្កាត់​ពូជ​នេះ​ដែរ​  ក៏​ដើម្បី​ជួយ​ឱ្យ​សុនខ​
អាជីព​ សម​ទៅ​នឹង​អាកាស​ធាតុ​ និង​អាហារ​នៅ​ Sri Lanka តាម​រយៈ​នេះ ក៏​អាច​ជួយ​កាត់​បន្ថយ
​ប្រាក់​ចំណាយ​សម្រាប់​ចិញ្ចឹម​ពួកវា​។ កាល​ពី​ឆ្នាំ ២០១១ នាយកដ្ឋាននគរ​បាលក្រុង បាន​ចំណាយ
​ប្រាក់ ៥០០,០០០​ដុល្លារ​ ដើម្បី​ទិញ​សុនខ​ប្រភេទ​នេះ ពី​ប្រទេស ហូល្លង់”។

 

ដោយ ៖ តារា
ប្រភព ៖ huffingtonpost

 


Tags: Sri Lankan police dog wedding