អគ្គីភ័យមួយបានឆាបឆេះនៅរដ្ឋធានី Doha នៃប្រទេស Qatar កាលពីម្សិលមិញ បណ្ដាល
អោយមនុស្សជាច្រើននាក់ត្រូវបាត់បង់ជីវិត ក្នុងនោះភាគច្រើនគឺជាកុមារ។
ផ្សែងងងឹតចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្ម Villaggio
AFP ដកស្រង់សំដីរបស់រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ Qatar លោក Abdullah bin Nasser Al-Thani
បានអោយដឹងថា ភ្លើងបានចាប់ផ្ដើមឆាបឆេះចេញពីកុមារដ្ឋានមួយក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម
Villaggio។ លោក Al-Thani ថ្លែងថា ៖ "សេចក្ដីរាយការណ៍ពីអគ្គីភ័យនេះ ត្រូវបានធ្វើឡើងនៅ
វេលាម៉ោង ១១ និង២នាទី ភ្លាមនោះ ក្រុមអ្នកពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុ"។
មានកុមារប្រមាណជា ២០នាក់ កំពុងស្ថិតនៅក្នុងកុមារដ្ឋានរបស់មជ្ឈមណ្ឌល Villaggio ហើយ
ការជួយសង្គ្រោះត្រូវបានផ្ដោតទៅលើការជំលៀសកុមារទាំងនេះ។
ស្ដ្រីអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ Qatar បានអោយដឹងថា ក្នុងចំណោមអ្នកស្លាប់ ១៩នាក់
គឺមានកុមារ ១៣នាក់ ក្នុងនោះកុមារ ៤នាក់ជាជនជាតិអេស្បាញ និង ៣នាក់ទៀតមានសញ្ជាតិ
បារាំង។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល Qatar លោក Khaled al-Qahtani បានអោយដឹងដែរថា អ្នករងគ្រោះ
ដល់ជីវិតក្នុងករណីនេះគឺសុទ្ធតែបណ្ដាលមកពីស្ទះដង្ហើមដោយសារផ្សែង។ ក្រៅពីអ្នករងគ្រោះ
ខាងលើក៏មានមនុស្សចំនួន ១៧នាក់ផ្សេងទៀតត្រូវរងរបួសផងដែរ។
ស្ថានិយទូរទស្សន៍ Al-Jazeera មានមូលដ្ឋាននៅ Doha បានរាយការណ៍ថា រាជបុត្រា Sheikh Tamim bin Hamad al-Thani ក៏បានបញ្ជាអោយបង្កើតគណកម្មការពិសេសមួយដើម្បីស្រាវជ្រាវ
រកមូលហេតុនៃករណីនេះ។
គួរំឭកថា មជ្ឈមណ្ឌល Villaggio មានទំហំ ១២៥.០០០ម២ ត្រូវបានបើកដំណើរការកាលពីឆ្នាំ ២០០៦។ មជ្ឈមណ្ឌល Villaggio ត្រូវបានសាងសង់ឡើងយកតាមលំនាំកាស៊ីណូ Venetian នៅ
Macau៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE