CamNews

ព័ត៌មានបច្ចេកវិទ្យា 

រូបថតដំបូងបង្អស់របស់ផែនដី ដែលថតពីកាំជ្រួច កាលពី៧០ឆ្នាំមុន

អាមេរិកបានចាប់ពង្រត់ក្រុមអ្នកវិទ្យាសាស្ដ្រអាល្លឺម៉ង់ ក្រោយសង្គ្រាមលោកលើកទីពីរ ដើម្បីបម្រើ
ការឱ្យមហិច្ឆតារបស់ខ្លួន។

សព្វថ្ងៃ ការមើលរូបភាពផែនដីដ៏ច្បាស់ពីផ្កាយរណប គឺជារឿងសាមញ្ញ។ ប៉ុន្តែ កាលពី ៧០ឆ្នាំមុន
នេះគឺជារឿងផ្សេង។ កាលពីថ្ងៃទី២៤តុលាកន្លងទៅ គឺជាថ្ងៃខួបលើកទី៧០ឆ្នាំ នៃការបង្ហាញរូបភាព
ផែនដីដំបូងគេ បន្ទាប់ពីធ្វើការស្រាវជ្រាវ។

រូបភាពស-ខ្មៅ ដែលត្រូវបានថតនៅលើកំពស់ ១០៤គីឡូម៉ែត្រ

រូបភាពដែលថតកាលពីថ្ងៃទី ២៤តុលា ឆ្នាំ ១៩៤៦ ដោយកាមេរ៉ាមួយ ដែលភ្ជាប់នៅលើកាំជ្រួច ដែល
បាញ់បង្ហោះពីមូលដ្ឋានទ័ព White Sands Missile ក្នុងរដ្ឋ New Mexico អាមេរិក។

អាមេរិកបានចាប់ពង្រត់ក្រុមអ្នកវិទ្យាសាស្ដ្រផ្នែកកាំជ្រួចរបស់ពួកណាស៊ីអាល្លឺម៉ង់ ក្រោយសង្គ្រាម
លោកលើកទីពីរ ដើម្បីបម្រើឱ្យគម្រោងខាងលើ។ ពួកគេប្រើប្រាស់កាំជ្រួច V-2 របស់អាល្លឺម៉ង់
ហើយភ្ជាប់ទៅលើវានូវកាមេរ៉ា Devry 35 ដើម្បីថតយករូបភាពនៃផែនដី នៅពេលកាំជ្រួចនេះត្រូវ
បានបាញ់បង្ហោះទៅលើអាកាស។

កាមេរ៉ាត្រូវបានភ្ញាប់ក្នុងប្រអប់ដែកមួយដើម្បីការពារពីការកកិតជាមួយខ្យល់។ កាំជ្រួចត្រូវបាន
បាញ់បង្ហោះក្នុងល្បឿន ១៥០ម/វិនាទី។

នេះគឺជាការពិសោធប្រកប់ដោយភាពក្លាហាន ហើយសំណាងល្អ លទ្ធផលដែលទទួលបានគឺហួស
ពីការរំពឹងទុករបស់ក្រុមអ្នកវិទ្យាសាស្ដ្រ។ រូបភាពដំបូងស្ដីអំពីផែនដី ត្រូវបានគេប្រកាសបង្ហាញពីរ
ថ្ងៃក្រោយ បន្ទាប់ពីបានប្រមូលយកកាមេរ៉ានៅលើកាំជ្រួច។

Fred Rulli អ្នកដែលបានចូលរួមក្នុងការត្រួតពិនិត្យកាមេរ៉ាដែលភ្ជាប់នៅលើកាំជ្រួច និយាយថា
“ក្រុមអ្នកវិទ្យាសាស្ដ្របានលោត និងស្រែកសាទរដូចកូនក្មេង”។

រូបភាពស-ខ្មៅ ដែលត្រូវបានថតនៅលើកំពស់ ១០៤គីឡូម៉ែត្រ បង្ហាញអំពីរូបរាងកោងមួយផ្នែករស់
ផែនដី និងពពកគ្របដណ្ដប់តំបន់ភាគនិរតីរបស់អាមេរិក។ កាំជ្រួចដែលត្រូវបានប្រើប្រាស់ក្នុង
បេសកកម្មនេះគឺកាំជ្រួច V-2 ដែលត្រូវបានផលិតឡើងដោយពួកណាស៊ីអាល្លឺម៉ង់។

កាំជ្រួច V-2 ត្រូវបានបាញ់ជាលើកដំបូងក្នុងឆ្នាំ ១៩៤៤ ក្រោយមក Hitler បានបញ្ជាឱ្យបញ្ជូនរាប់
ពាន់គ្រាប់ទៅវាយប្រហារទៅលើក្រុង London, Antwerp និង Liège។ នេះត្រូវបានគេចាត់ទុកថា
ជាការវាយប្រហារខ្លាំងក្លាចុងក្រោយរបស់ Hitler មុនពេលសង្គ្រាមលោកលើកទីពីរបានបញ្ចប់។

កាំជ្រួច​ V-2 ត្រូវបាន​ផលិត​ឡើង​ដោយ​ពួកណាស៊ីអាល្លឺម៉ង់

បន្ទាប់ពីចាញ់សង្គ្រាម ក្រុមអ្នកវិទ្យាសាស្ដ្រកាំជ្រួចរបស់អាល្លឺម៉ង់ ត្រូវបានគេចាប់ទៅអាមេរិក និង
ធ្វើការឱ្យកម្មវិធីអវកាសរបស់កងទ័ពអាមេរិក។ ក្រុមនេះ ត្រូវបានបញ្ជាឱ្យស្រាវជ្រាវលទ្ធភាពនៃការ
ប្រើប្រាស់កាំជ្រួច V-2 ដើម្បីស្រាវជ្រាវអំពីអវកាស និងការពារជាតិ។ ក្រោយមក រូបភាពដំបូងស្ដី
អំពីផែនដីក៏ត្រូវបានគេបង្ហាញជាសាធារណៈ។

បច្ចេកវិទ្យាថតពីអវកាស ក្រោយមកក៏បានរីកចម្រើនយ៉ាងខ្លាំងក្លា ហើយកាលពីខែកុម្ភៈ ឆ្នាំ ១៩៩០
យានអវកាស Voyager 1 ក៏ថតបានរូបភាពដំបូងនៃផែនដី ពីភព Neptune៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: រូប​ថត​ដំបូង ផែនដី