(ក្រុងឡុងដ៍)៖ ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវធ្វើការធ្ងន់បន្ថែមទៀត ក្នុងការទទួលស្វាគមន៍ក្រុមភ្ញៀវ FC Barcelona មកពីអេស្ប៉ាញក្នុង Champions League យប់នេះក្នុងជើងទី១ វគ្គ១៦ក្រុម ។
តាមរយៈសារព័ត៌មាន Dailymail បានផ្សាយថា កាំភ្លើងធំបានជ្រុះចេញពីវគ្គនេះចំនួន៥សម័យកាលជាប់ៗគ្នា ហើយគ្រូបង្វឹកលោក Arsenal Wenger ក៏បានរំលឹកពីការឈឺចាប់នេះដែរ (Heartache) និងទទូចឲ្យគ្រប់កូនក្រុមទាំងអស់ប្រឹងប្រែងខ្លាំងឡើយ ក៏ដូចជាអ្នកគាំទ្រផងដែរ ដ្បិតអី Barcelona ជាក្រុមខ្លាំង និងការពារតំណែងជើងឯកផងដែរ ដោយមានកីឡាករឆ្នើម Neymar, Luis Suarez និង Lionel Messi សុទ្ធសឹងជាតារាជើងស៊ុតបើប្រហែស គឺប្រហោង ហើយ ។
ងាកទៅមើលអ្នកចាំទី Petr Cech វិញកាលលេងនៅក្នុងក្លឹប Chelsea រយៈពេល៨ឆ្នាំ គឺជួយសង្រ្គោះបាល់បានរហូត ពុំមាន Lionel Messi ស៊ុតចូល១គ្រាប់ណាឡើយ បូករួមទាំងការទាល់បាល់ប៉េណាល់ទីទៀតផង ហើយពួកគេទាំងពីរ នាក់ក៏ជាសត្រូវស្លាប់រស់ និងបំបែកប្រវត្តិសាស្រ្តដ៏ជូរចត់នេះដូចគ្នា ។
កាលពីសប្តាហ៍មុននៅកីឡដ្ឋាន Emirates ក្រុមកាំភ្លើងធំ Arsenal មិនអាចធ្វើអី្វក្រុមភ្ញៀវ Hull City បានទេក្នុងលទ្ធផល ០-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដែលធ្វើឲ្យជើងទី២កើតមានឡើងនៅទឹកដីរបស់ Hull City វិញសប្តាហ៍ក្រោយ នេះ ដើម្បីប្រជែងយកកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ គ្រាដែល Barcelona បានយកឈ្នះម្ចាស់ផ្ទះ Las Palmas ២-១ ពីការធ្វើបានសម្រេចដោយ Suarez និង Neymar ក្នុង La Liga ។
ទន្ទឹមនឹងនោះដែរ Bayern Munich ក៏ត្រូវស្វាគមន៍ក្រុមជើងឯកអ៊ីតាលី Juventus នាម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រដូចគ្នាផងដែរ (ម៉ោងនៅកម្ពុជា) ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី