ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក បានអភិវឌ្ឍដោយជោគជ័យនូវបច្ចេកវិទ្យាពិសេសមួយ អនុញ្ញាតឱ្យ
បញ្ជាទៅលើសកម្មភាពរបស់អ្នកដទៃ ដោយប្រើការគិត ដូចទៅនឹងសាស្ដ្រាចារ្យ Charles Xavier
ក្នុងភាពយន្ដ X-men ។
យើងធ្លាប់តែបានគិតថា សមត្ថភាពបញ្ជាទៅលើរាងកាយអ្នកដទៃ គឺកើតឡើងតែក្នុងរឿងនិទាន ឬ
ភាពយន្ដបែបស្រមៃប្រឌិត ក៏ប៉ុន្ដែ ការសិក្សាស្រាវជ្រាវមួយ ថ្មីៗ ដែលត្រូវបានចុះផ្សាយនៅលើទំព័រ
ទស្សនាវដ្ដី Public Library of Science One បានបញ្ជាក់នូវភាពផ្ទុយគ្នាគ្នា។
ទិដ្ឋភាពបញ្ជាទៅលើសត្រូវ ដោយប្រើខួរក្បាល នៅក្នុងភាពយន្ដ X-men
ទស្សនាវដ្ដី Public Library of Science One ឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រ និងវិស្វករកុំព្យូទ័រ មក
ពី សកលវិទ្យាល័យ Washington បានធ្វើឱ្យសមត្ថភាព X-men ក្លាយជាការពិត ដោយបង្កើតបាន
បច្ចេកវិទ្យាមួយ អនុញ្ញាតឱ្យបញ្ជាទៅលើខួរក្បាលអ្នកដទៃ។
ដើម្បីបញ្ជាក់អំពីដំណើរការរបស់ឧបករណ៍ថ្មីនេះ ក្រុមអ្នកវិទ្យាសាស្ដ្របានធ្វើការពិសោធទៅលើ
មនុស្សចំនួន ៣ក្រុម ដែលត្រូវបានគេឱ្យលេងល្បែងមួយ។ ក្រុមទាំងនេះ ត្រូវបានដាក់នៅក្នុងអាគារ
២ផ្សេងៗគ្នា។ មនុស្សម្នាក់ គឺជាអ្នកតាមដានស្ថានភាពនៃល្បែង នៅលើអេក្រង់ធំមួយ ចំណែកអ្នក
ក្រៅពីនេះ គឺមានតួនាទីអនុវត្តបញ្ជាក្នុងល្បែង ដោយមិនអាចមើលឃើញអ្វីទាំងអស់។
ឧបករណ៍ថតយករលកសញ្ញាខួរក្បាល ត្រូវបានគេភ្ជាប់លើអ្នកដែលមើលទៅលើអេក្រង់ ហើយតាមរយៈការតាមដានស្ថានភាពនៃល្បែង ការបញ្ជានៃប្រព័ន្ធសរសៃប្រសាទកណ្ដាលរបស់មនុស្ស
នេះ ត្រូវបានបញ្ជូនទៅកាន់ខួរក្បាលរបស់អ្នកផ្សេង។ រលកសញ្ញាខួរក្បាលនេះ បញ្ជាទៅលើសាច់
ដុំសរសៃប្រសាទ ដើម្បីបញ្ជាទៅលើអ្នកទទួល ឱ្យអនុវត្តតាមបញ្ជាដោយខ្លួនមិនបានដឹងអ្វីសោះ។
លទ្ធផលដែលទទួលបាន គឺពិតជានឹកស្មានមិនដល់ ៖ ការបញ្ជូនរលកសញ្ញាខួរក្បាលពីមនុស្សនេះ
ទៅកាន់មនុស្សផ្សេង គឺមានល្បឿនលឿន ពោលគឺចំណាយមិនដល់ ៦៥០មិល្លីវិនាទី(mili minute)។
ទន្ទឹមនឹងនេះ លទ្ធផលនៃការអនុវត្តបញ្ជារបស់អ្នកមិនបានមើលលើអេក្រង់ គឺមានភាពត្រឹមត្រូវដល់
ទៅ ៨៣%។ តាមរយៈការពិនិត្យទៅលើផែនទីរលកសញ្ញាខួរក្បាល បានបង្ហាញថា ការអនុវត្តខុស
បញ្ជា ភាគច្រើនគឺកើតឡើងដោយសារការរារែកក្នុងការគិតរបស់អ្នកបញ្ជាក្នុងការលេងល្បែងនេះ។
បណ្ឌិត Rajesh Rao បានឱ្យដឹងថា ៖ “លទ្ធផលនេះ ជួយឱ្យយើងដឹងថា ព័ត៌មានអាចបញ្ជូនទៅ
តាមខួរក្បាលដោយឡែក ២ ផ្សេងៗគ្នា ហើយជួយឱ្យមនុស្ស ២នាក់ អនុវត្តភារកិច្ចជាក់លាក់ ១”។
លោកបណ្ឌិត បន្តថា ៖ “ឧបករណ៍ ដែលធ្លាប់ត្រូវបានគេចិញ្ចឹមមហិច្ឆតាតាំងពីយូរមកហើយ នៅ
ក្នុងខ្សែភាពយន្ដនានា មិនត្រឹមតែមានសមត្ថភាពបង្កើតនូវបដិវត្តក្នុងវិស័យទំនាក់ទំនងប៉ុណ្ណោះទេ
ប៉ុន្ដែ វាក៏នឹងបើកផ្លូវសម្រាប់ការស្រាវជ្រាវទៅលើមុខងារទាំងឡាយរបស់ខួរក្បាល”។
ក្រុមគ្រូពេទ្យក៏អាចប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងការព្យាបាលអ្នកជម្ងឺស្លាប់មួយចំហៀងខ្លួន ឬខូច
ខាតសរសៃប្រសាទដែលបញ្ជាមកកាន់អវៈយវៈ។ល។ ក្រៅពីនេះ ក្រុមអ្នកបើកបរយន្ដហោះ ក៏អាច
បញ្ជាការហោះហើរ ពីដី ក្នុងករណីមានហេតុការណ៍បន្ទាន់នៅលើអាកាស៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Telegraph/NYdailynews