មនុស្សជាង ១០០នាក់បានស្លាប់នៅហ្វ៊ីលីពីន បន្ទាប់ពីមហាព្យុះ Haiyan បានវាយលុកចូលភាគកណ្ដាលនៃប្រទេសនេះ កាលពីម្សិលមិញ នេះបើតាមការឱ្យដឹងពីមន្ដ្រីជាន់ខ្ពស់ម្នាក់ កាលពីថ្ងៃទី ៩វិច្ឆិកានេះ។
លោក John Andrews អគ្គនាយករងនៃទីភ្នាក់ងារអាកាសចរណ៍ស៊ីវិល ហ្វ៊ីលីពីន បានឱ្យដឹងថា យោងតាមរបាយការណ៍ដំបូងពីទីក្រុង Tacloban ភាគកណ្ដាល ហ្វ៊ីលីពីន មានសាកសពមនុស្សជាង ១០០ នាក់ ដេកស្លាប់នៅលើដងផ្លូវនានា និងមានមនុស្សរាប់រយនាក់ផ្សេងទៀត ត្រូវរងរបួស ក្នុងក្រុងនេះ។
លោក John Andrews បានថ្លែងនៅលើទូរទស្សន៍ ABS-CBN ថា ៖ “ព័ត៌មាននេះ ត្រូវបានអគ្គនាយកព្រលានយន្ដហោះ បានបញ្ជូនមកយើងខ្ញុំ ដូច្នេះវាគឺជាព័ត៌មានដែលមានភាពជាក់លាក់។
មនុស្សជាង ៧៥០,០០០ នាក់ ត្រូវរត់ចេញពីលំនៅឋាន ដោយសារព្យុះ Haiyan (រូប ៖ AP)
លោក Andrews ក៏បានឱ្យដឹងថា ព្រលានយន្ដហោះ នៅ Tacloban ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។ Tacloban គឺជាទីរួមខែត្ររបស់ Leyte ដែលជាកោះធំមួយ មានប្រជាជនប្រមាណជា ២លាននាក់។ ព្យុះ Haiyan បានវាយប្រហារមកលើកោះនេះ កាលពីម្សិលមិញ បណ្ដាលឱ្យប្រព័ន្ធទូរគមនាគមន៍ត្រូវបានកាត់ផ្ដាច់ទាំងស្រុង ហើយការបញ្ជូនព័ត៌មានទាក់ទិននឹងចំនួនមនុស្សស្លាប់ ត្រូវធ្វើឡើងដោយប្រើប្រាស់រលក់វិទ្យុកម្រិតខ្ពស់។
មន្ដ្រីហ្វ៊ីលីពីន បច្ចុប្បន្ន បាន និងកំពុងបញ្ជូនក្រុមអ្នកជួយសង្គ្រោះ និងឧបករណ៍ទាក់ទង ទៅកាន់កោះ Leyte
Haiyan មានកម្លាំងខ្យល់ឡើងដល់ ៣២០គីឡូម៉ែត្រ/ម៉ោង ជាព្យុះខ្លាំងបំផុតមួយក្នុងពិភពលោក ចាប់តាំងពីដើមឆ្នាំមកនេះ បានវាយលុកចូលភាគកណ្ដាលប្រទេស ហ្វ៊ីលីពីន កាលពីម្សិលមិញ ធ្វើឱ្យផ្ទះ និងដើមឈើយ៉ាងច្រើនត្រូវប៉ើងដូចធូលី និងបណ្ដាលឱ្យមានទឹកជំនន់ និងបំណាក់ដី។ ព្យុះនេះក៏បានបង្កឱ្យដាច់ភ្លើង ដាច់ខ្សែទូរគមនាគមន៍ នៅលើកោះមួយចំនួនផងដែរ។
ព្យុះ Haiyan កំពុងឆ្ពោះមកកាន់ទឹកដីមួយផ្នែកនៃតំបន់ឥណ្ឌូចិន (រូប ៖ BBC)
មកដល់ពេលនេះ ព្យុះ Haiyan កំពុងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ឆ្ពោះមកកាន់ភាគកណ្ដាល និងភាគខាងជើងវៀតណាម ភាគឦសានកម្ពុជា និងប្រទេសឡាវ ប៉ុន្ដែវានឹងអស់ថាមពល នៅពេលទៅដល់ប្រទេសចិន នាថ្ងៃទី ១២ខាងមុខ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ហ្វីលីពីន ជួបគ្រោះធំ ដ៏អាក្រក់បំផុត ក្នុងប្រវតិ្តសាស្រ្តពិភពលោក ឆ្នាំនេះ
ប្រជាជនថៃ នៅតាមព្រំដែន កម្ពុជា-ថៃ ត្រៀមជាស្រេច សម្រាប់ ការភៀសខ្លួន
ដុតសម្លាប់កូនស្រីតូច ចោលក្នុងធុងសម្រាម រួចប៉ុនប៉ងធ្វើអត្តឃាត
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ AFP