CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone បាន “សម្លាប់” ស្រីក្រមុំម្នាក់ទៀត​ហើយ ពេលកំពុងនៅក្នុង បន្ទប់ទឹក

នារីក្រមុំម្នាក់ ត្រូវបានគេជឿថា បានស្លាប់ នៅពេលកំពុងប្រើប្រាស់ iPhone ដែលខ្លួនកំពុងបញ្ចូល
ថាមពលថ្ម ក្នុងបន្ទប់ទឹក។ នេះគឺជាករណីស្លាប់មនុស្សទីពីរ ដោយសារតែទូរស័ព្ទ និងឆ្នាំងសាក
នៅ​រុស្ស៊ី។

នាង Evgenia Sviridenko អាយុ ២៤ឆ្នាំ បានបាត់បង់ជីវិត ខណៈកំពុងអានព័ត៌មាននៅលើទូរស័ព្ទ
iPhone របស់ខ្លួន ក្នុងបន្ទប់ទឹក។ មូលហេតុដំបូង ត្រូវបានគេជឿថា ដោយសារ iPhone នោះ
កំពុងតែបញ្ចូលថាម ហើយធ្លាក់ទៅក្នុងកូនអាងទឹកដែលនាងកំពុងងូត។ ចរន្ធអគ្គីសនីដែលមាន
កម្លាំងខ្លាំង បានឆក់នារីរូបនេះ រហូតដល់ដាច់ខ្យល់ស្លាប់។

ម្នាក់ក្នុងចំណោមមនុស្សដែលបានឃើញហេតុការណ៍ដំបូងគេ ឱ្យដឹងថា Evgenia Sviridenko អណ្ដែតលើផ្ទៃទឹកដោយមានទឹកមុខស្លេកស្លាំង និងស្ថិតក្នុងសភាពកន្ត្រាក់។ ចំណែកទូរស័ព្ទ
បានធ្លាក់ដល់បាតអាង។

ការប្រើប្រាស់ទូរស័ព្ទ ដើម្បីអានព័ត៌មាន ឬលេង Facebook ជាដើម គឺជារឿងសាមញ្ញ សម្រាប់
យុវវ័យសម័យនេះ។ ពួកគេលេងទូរស័ព្ទ គ្រប់កន្លែង គ្រប់ពេលវេលា សូម្បីតែពេលកំពុងងូតទឹក។
ហើយ Evgenia Sviridenko ក៏ត្រូវគេអះអាងថា រៀបនឹងត្រូវភ្លើងឆក់ គឺនាងកំពុងប្រើ iPhone
លេង Facebook ជាភាសារុស្ស៊ី (VKontakte)។

ក្រៅពីនេះ ក្រុមសមត្ថកិច្ច ក៏កំពុងស្រាវជ្រាវ ឱ្យដឹងថា តើហេតុអ្វីបានជាឆ្នាំងសាកថ្មទូរស័ព្ទដែល
មានកម្លាំងត្រឹមតែ ៥V បែរជាអាចសម្លាប់មនុស្សបានបែបនេះ។ គេក៏បានសង្ស័យថា នេះគឺជា
ឆ្នាំងសាកក្លែងក្លាយ ដែលមិនមែនជារបស់ Apple ពិតៗ។ ការស្លាប់របស់ Evgenia Sviridenko
កើតមានឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការស្លាប់របស់នារីវ័យ ១៦ឆ្នាំម្នាក់ ជនជាតិរុស្ស៊ីដូច
គ្នា បានបាត់បង់ជីវិត នៅពេលប្រើ iPhone ក្នុងពេលកំពុងងូតទឹកក្រោមផ្កាឈូក។

គួររំលឹកថា ករណីស្លាប់ដោយសារការប្រើ iPhone កំពុងសាកថ្ម កើតមានកាន់តែច្រើនឡើងៗ។
មុននេះ ក៏ធ្លាប់មានករណីស្រដៀងគ្នានេះជា​ច្រើន កើតមាននៅប្រទេសចិន រុស្ស៊ី ប្រទេសថៃ។ល។
ករណីទាំងនេះ ភាគច្រើន ដោយសារឆ្នាំងសាកក្លែងក្លាយ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail


Tags: iPhone die Evgenia Sviridenko ស្លាប់ដោយសារទូរស័ព្ទ