CamNews

ទូរស័ព្ទ 

ការសិក្សារកឃើញថា ទូរស័ព្ទ Samsung S8 ងាយនឹងបែកអេក្រង់

ក្រុងញូយ៉ក៖ ទូរស័ព្ទស្មាតហ្វូនទំនើបចុងក្រោយរបស់ក្រុមហ៊ុន Samsung បញ្ចេញលក្ខណៈពិសេស ដែលមានអេក្រង់ធំមូលវែង និងធ្វើពីកញ្ចក់ភាគច្រើន។

SquareTrade បានបង្ហើបឱ្យដឹងថា៖” ការឌីហ្សាញផ្នែកខាងក្រៅពីកញ្ចក់ស្ទើរតែទាំងស្រង់នៃទូរស័ព្ទស្មាតហ្វូន Samsung Galaxy S8 និង S8 Plus ធ្វើឱ្យទូរស័ព្ទម៉ូដែលថ្មីនេះ ស្រស់ស្អាតគួរឱ្យទាក់ទាញសម្រាប់អ្នកប្រើប្រាស់ ប៉ុន្ដែវាក៏ងាយបែកផងដែរ នៅពេលដែលធ្លាក់ត្រូវជ្រុងណាមួយ” ។

ភ្លាមៗនេះ ក្រុមហ៊ុន Samsung មិនទាន់ឆ្លើយតប ចំពោះសំណើសុំការបកស្រាយអំពីបញ្ហានេះ នៅឡើយទេ។



ទូរស័ព្ទម៉ូដែលថ្មីសន្លាងនេះ ទទួលបានការវាយតម្លៃជាវិជ្ជមានពីភ្នាក់ងារសារព័ត៌មាន AP និងកន្លែងលក់ផ្សេងទៀត។ ក្រុមហ៊ុន Samsung បានឱ្យដឹងថា ការបញ្ជាទិញជាមុនសម្រាប់ទូរស័ព្ទ S8 នេះ មានកម្រិតខ្ពស់ជាង ការបញ្ជាទិ​ញទូរស័ព្ទ Galaxy S7  ក្នុងកម្រិត ៣០%។ ក្រុមហ៊ុននេះ មិនបានបញ្ចេញតួលេខជាក់លាក់ ចំពោះការបញ្ជាទិញជាមុននៃទូស័ព្ទម៉ូដែលថ្មីនេះទេ។ Galaxy S8 ចាប់ផ្តើមលក់ ក្នុងតម្លៃ ៧៥០$  ដែលមានតម្លៃខ្ពស់ជាង S7 ប្រហែល ១០០$។



SquareTrade បានឱ្យដឹងកាលពីថ្ងៃចន្ទថា ការប្រេះបែក បានលេចឡើង នៅលើអេក្រង់ Galaxy S8 និង S8  Plus  បន្ទាប់ពីធ្លាក់ផ្កាប់អេក្រង់ នៅលើចិញ្ចើមផ្លូវកម្ពស់ ១.៨៣ ម៉ែត្រ។ ទូរស័ព្ទម៉ូដែលនេះ មានបញ្ហាប្រេះបែកដូចគ្នា នៅពេលដែលធ្លាក់ចំផ្នែកខាងក្រោយ និងជ្រុងណាមួយ។

ប៉ុន្ដែ ទូរស័ព្ទទាំងពីរម៉ូដែលនេះ​ អាចធន់នឹងទឹកបានយ៉ាងល្អ នៅពេលយកទៅធ្វើតេស្តទម្លាក់ក្នុងទឹក។ ទូរស័ព្ទនេះមាន នូវសម្លេងអូឌីយ៉ូរំខាន(audio distortion) ខ្លះដែរ ប៉ុន្តែបញ្ហានេះ គឺជារឿងធម្មតា និងកើតឡើងម្ដងម្កាល។ Galaxy S8 នេះ មានលក្ខណៈពិសេស ការពារជម្រាបទឹក។

SquareTrade មិនបានធ្វើតេស្ដថ្មទូរស័ព្ទម៉ូដែលនេះទេ ដែលថ្មនេះហើយ ជាប្រភពនៃបញ្ហាដែលនាំឱ្យក្រុមហ៊ុន Samsung ប្រមូលទូរស័ព្ទ Galaxy Note 7 មកវិញ កាលពីពេលកន្លងទៅ៕




ប្រែសម្រួល ៖ សារ៉ាត


ប្រភព ៖ AP


Tags: Technology