CamNews

ជីវិត និងការងារ 

ក្លាយជាមហាសេដ្ឋី និងម្ចាស់ Alibaba ទោះប្រឡងធ្លាក់ពីរលើក

Jack Ma ប្រឡងធ្លាក់មហាវិទ្យាល័យ ត្រូវសកលវិទ្យាល័យ Harvard បដិសេធ ចំណែកក្រុមអ្នក
វិនិយោគ យល់ថា ពាណិជ្ជកម្មលើប្រព័ន្ធអ៊ីនធឺរណែត គឺជាគំនិតឆ្កួតៗ ប៉ុន្ដែស្ថាបនិករបស់ Alibaba
នៅតែមានការតស៊ូព្យាយាមជាមួយគោលគំនិត និងចុក្ខុវិស័យរបស់ខ្លួន។

Jack Ma និងក្រុមសហស្ថានិកដំបូងរបស់ Alibaba ។ រូបថត ៖ Crocodile in Yangtze

 

សប្ដាហ៍ក្រោយនេះ ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចធំបំផុតនៅចិន Alibaba នឹងចូល
រួមទីផ្សារមូលបត្រ IPO ដែលត្រូវគេមើលឃើញថា ធំបំផុត ក្នុងប្រវត្តិសាស្ដ្រមូលបត្រអាមេរិក។
ក្រុមអ្នកវិភាគយល់ថា ក្រោយពីបានចូលរួមក្នុងទីផ្សារមូលបត្រ តម្លៃរបស់ក្រុមហ៊ុននេះ អាចឡើង
ដល់ ២០០លានដុល្លារអាមេរិក គឺច្រើនជាង ៤ដង ធៀបនឹងទុនរបស់មហាសេដ្ឋីផលិតអាវុធ Lock
heed Martin ។

ផ្លូវឆ្ពោះពីគ្រូបង្រៀបភាសាអង់គ្លេស ទៅតំណែងមហាសេដ្ឋីបច្ចេកវិទ្យារបស់ Jack Ma បានចាប់
ផ្ដើមតាំងពីឆ្នាំ ១៩៩៥។ លើកដំបូងនៃការប្រើអ៊ីនធឺរណែត លោក Jack Ma បានស្វែងរកពាក្យ
“ស្រាបៀរ” និង “ប្រទេសចិន”។ ប៉ុន្ដែ អ្វីដែល Jack Ma បានឃើញ គឺសុទ្ធតែព័ត៌មានទាក់ទិននឹង
ស្រាបៀរអាមេរិក និងស្រាបៀរអាល្លឺម៉ង់ ចំណែកចិន គឺពុំឃើញសោះ នៅលើអ៊ីនធឺរណែត។

ដោយបានឃើញឱកាសល្អ លោក រួមនឹងមិត្តភ័ក្ដិម្នាក់ បានបង្កើតគេហទំព័រមួយ ផ្ដល់សេវាកម្ម
បកប្រែភាសាចិន។ ប៉ុន្មានម៉ោង ក្រោយពីដំណើរការដំបូង លោក Jack Ma ទទួលបានការស្នើ
ពីគ្រប់ទិសទី មកពីជុំវិញពិភពលោក។ ពេលនោះ Jack Ma យល់ថា អ៊ីនធឺរណែត នឹងប្ដូរផ្លាស់
ពិភពលោក និងប្រទេសចិន។

មកដល់ឆ្នាំ  ១៩៩៩ លោក  Jack Ma  បានអញ្ជើញមិត្តភ័ក្ដិចំនួន  ១៧នាក់  ឱ្យមកផ្ទះរបស់ខ្លួន។
ពួកគេរួមគ្នា ពិភាក្សាអំពីក្រុមហ៊ុនថ្មី នោះគឺគេហទំព័រតភ្ជាប់បណ្ដាក្រុមហ៊ុននាំចេញ ជាមួយនឹង
អតិថិជនបរទេស។ ក្រោយមក Alibaba ក៏បានកើតឡើង ហើយក្រុមហ៊ុននេះ ក៏រីកចម្រើនយ៉ាង
ឆាប់រហ័ស និងក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូវនិចនាំមុខគេ នៅប្រទេសចិន នាបច្ចុប្បន្ន។

លោក Jack Ma មានមោទនភាពជាខ្លាំង ចំពោះដំណើរឆ្ពោះចេញពីបាតដៃទទេររបស់។ នៅពេល
បង្កើត Alibaba លោក Jack Ma មិនត្រឹមតែគ្មានប្រាក់ប៉ុណ្ណោះទេ ប៉ុន្ដែ ចំណេះដឹងផ្នែកបច្ចេកវិទ្យា
ក៏លោកមិនមាន រីឯការគ្រប់គ្រង ក៏យោងទៅតាមអារម្មណ៍ផ្ទាល់ខ្លួន។

យ៉ាងនេះក្ដី លោក Jack Ma ក៏មានចំនុចទាក់ទាញយ៉ាងខ្លាំងមួយ។ ក្រុមអតីតអ្នកដឹកនាំរបស់
Alibaba សុទ្ធតែអះអាងថា លោក Jack Ma គឺជាមនុស្សដែលអាចលើកទឹកចិត្ត និងភាពជឿជាក់
ដល់អ្នកដទៃ បានយ៉ាងងាយ។ ចំណែកសមត្ថភាពផ្នែកភាសាបរទេស ក៏ជួយឱ្យលោក ទទួល
បានជោគជ័យច្រើន ក្នុងការងារ។

អតីតទីប្រឹក្សានៅ Alibaba លោក Duncan Clark បានឱ្យ CNN ដឹងថា ៖ “លោក Jack Ma ជា
មនុស្ស រាក់ទាក់ ហើយអាចនិយាយរឿងសប្បាយៗ ទាំងជាភាសាចិន និងជាភាសាអង់គ្លេស។
លោក Jack Ma សម្របខ្លួនបានយ៉ាងឆាប់រហ័ស នៅចំពោះមុខទស្សនិកជន ហើយធ្វើឱ្យអ្នក
រាល់គ្នាក្នុងបន្ទប់ មានអារម្មណ៍ថា លោក កំពុងនិយាយជាមួយមនុស្សម្នាក់”។


Jack Ma ល្បីខាងមានភាពជឿជាក់ខ្ពស់ ៖ រូបថត Bloomberg

 

Porter Erisman ដែលជាអតីតអ្នកដឹកនាំម្នាក់ របស់ Alibaba ឱ្យដឹងថា ៖ “លោក Jack Ma យក
ចិត្តទុកដាក់ទៅលើភាពក្លៀវក្លា និងភាពស្មោះត្រង់របស់បុគ្គលិក ជាជាងប្រវត្តិរូបសង្ខេប។ ចូរ
មើលទៅលើក្រុមអ្នកដឹកនាំរបស់ Alibaba ពួកគេភាគច្រើន មិនមានបទពិសោធខាងពាណិជ្ជកម្ម
មុនពេលចូលធ្វើការឱ្យក្រុមហ៊ុននេះ”។

Jack Ma បានថ្លែងនៅក្នុងកិច្ចប្រជុំមួយ ជាមួយក្រុមសហស្ថានិករបស់ខ្លួន កាលពីឆ្នាំ ១៩៩៩ថា
៖ “ភាពឆ្លាតវៃរបស់ជនជាតិចិន ក៏មិនអន់ប៉ុន្មានដែរ។ នេះគឺជាមូលហេតុដែលយើងហ៊ានប្រឈម
មុខជាមួយនឹងក្រុមហ៊ុនអាមេរិក។ យើងអាចយកឈ្នះលើបណ្ដាក្រុមហ៊ុនធំៗ ដោយសារតែស្មា
រតីតែងតែប្ដូរថ្មីជានិច្ច”។

ប្រការខាងលើ បានជួយឱ្យ Alibaba ហ៊ានប្រជែងជាមួយ eBay នៅពេលដែលក្រុមហ៊ុននេះ បាន
គ្រប់គ្រងទីផ្សារ C2C (អ្នកប្រើប្រាស់ លក់ឱ្យអ្នកប្រើប្រាស់) ចិន ក្នុងឆ្នាំ ២០០៣។ ដើម្បីដណ្ដើម
បាននូវចំណែកទីផ្សារ  លោក  Jack Ma  បានបើកកិច្ចប្រជុំមួយ  នៅក្នុងផ្ទះរបស់ខ្លួន  និងត្រៀម
គម្រោងធំៗ ដើម្បីអនុវត្តបន្ត។  លោក Jack Ma ថ្លែងថា ៖ “eBay  គឺជាត្រីឆ្លាមនៅមហាសមុទ្រ
ចំណែកយើង គឺជាក្រពើក្នុងទន្លេ យ៉ាងហ្សេ (Yangtze River/ ទន្លេវែងបំផុតនៅចិន និងវែងបំផុត
ទីបី ក្នុងលោក)។ ប្រសិនបើ  ប្រយុទ្ធគ្នានៅមហាសមុទ្រ យើងនឹងចាញ់ ប៉ុន្ដែ  បើប្រយុទ្ធក្នុងទន្លេ
យើងនឹងឈ្នះ”។

ក្រោយកិច្ចប្រជុំនេះ ក្រុមរបស់លោក Jack Ma ក៏បានបង្កើត Taobao ដែលមានន័យថា “ស្វែងរក
កំណប់”។ បណ្ដាញនេះ គឺប្រហាក់ប្រហែលទៅនឹង eBay ប៉ុន្ដែ វាត្រូវបានរចនាឱ្យសមស្របទៅ
នឹងទីផ្សារក្នុងស្រុក និងមិនគិតប្រាក់ពីអ្នកប្រើប្រាស់។

Erisman ថ្លែងថា ៖ “ក្នុងក្រសែផ្នែករបស់ eBay លោក Jack Ma ប្រៀបបានទៅនឹងមនុស្សល្ងង់
ម្នាក់។ ចំណែកការយល់ឃើញរបស់អ្នកវិនិយោគនៅ Wall Street លោក Jack Ma គឺជាមនុស្ស
ប្រថុយប្រថាន យកទាំង Alibaba មកប្រយុទ្ធជាមួយ eBay ។ ប្រការដែលគួរភ័យខ្លាចជាងគួ
ប្រជែងឆ្លាតវៃ នោះគឺ គូប្រជែងដែលមានការប្រថុយ រហូតដល់ហ៊ានចំណាយប្រាក់ទាំងអស់
ដោយមិនសង្ឃឹមថាបានចំណេញមកវិញ”។

លោក Jack Ma ក៏​ជា​អ្នក​គុន​និយម​ម្នាក់ និង​ធ្លាប់​បង្ហាញ​ស្នា​ដៃ​របស់​ខ្លួន ជា​មួយ​នឹង​ Jet Li

 

ប៉ុន្ដែ យុទ្ធនេះបានជួយឱ្យ លោក Jack Ma ទទួលបានជោគជ័យ។ ឆ្នាំ ២០០៥ Taobao ដណ្ដើម
បានចំណែកទីផ្សារ ចំនួន ៧០% នៅក្នុងទីផ្សារលក់រាយលើអ៊ីនធឺរណែត ក្នុងប្រទេសចិន។ ក្នុងឆ្នាំ
ដដែល Alibaba ទទួលបានការវិនិយោគពី Yahoo ចំនួន ១ពាន់លានដុល្លារអាមេរិក ដើម្បីកាន់
កាប់ភាគហ៊ុន ៤០%។ មកដល់ឆ្នាំ ឆ្នាំ ២០០៦ eBay ប្រកាស ដកថយពីទីផ្សារចិន។

បច្ចុប្បន្ន Alibaba  បានក្លាយជាក្រុមហ៊ុនអន្ដរជាតិមួយ  ដោយមានបុគ្គលិក  ២២.០០០នាក់ និង
ការិយាល័យចំនួន ៩០កន្លែង ក្នុងពិភពលោក។ គេហទំព័រល្បីបំផុតរបស់ Alibaba គឺ Taobao និង
Tmall ដែលរកបាន ៨០% នៃប្រាក់ចំណូលបានមកពីការលក់រាយលើបណ្ដាញអ៊ីនធឺរណែត ក្នុង
ប្រទេសចិន។ ជារៀងរាល់ថ្ងៃ គេហទំព័រ Taobao និង Tmall ទទួលបានអ្នកចូលមើល ចំនួន ១០០
លានលើក។

Alibaba ក៏មានសេវាកម្មទូទាត់ប្រាក់អេឡិចត្រូនិច មូលនិធិវិនិយោគ អាជីវកម្មកុំព្យូទ័រពពក (cloud
computing business) និងសេវាកម្មមួយចំនួនផ្សេងទៀត សម្រាប់ទូរស័ព្ទចល័ត។ Alibaba ថែម
ទាំង ទិញយកបណ្ដាក្រុមហ៊ុនក្នុងវិស័យកំសាន្ដ កីឡា ប្រព័ន្ធផ្សព្វផ្សាយ និងមានក្រុមបាល់ទាត់ធំ
មួយផងដែរ។

ពីតំណែងនាយកប្រតិបត្តិ លោក Jack Ma បានក្លាយប្រធានក្រុមហ៊ុន ចាប់ពីឆ្នាំ ២០១៣ ហើយ
លោកក៏បានចាប់ផ្ដើមបេសកកម្មមនុស្សធម៌។ ប៉ុន្ដែ លោក នៅតែជាប្រធានអ្នកបង្កើតយុទ្ធសាស្ដ្រ
នៅ Alibaba និងជាមុខមាត់របស់ក្រុមហ៊ុន នៅចំពោះមុខសាធារណជន។

ក្នុងបណ្ដាព្រឹត្តិការណ៍ធំៗប្រចាំឆ្នាំ របស់ Alibaba គឺ Alifest (សិក្ខាសាលា ស្ដីអំពីពាណិជ្ជកម្មអេឡិច
ត្រូនិច ប៉ុន្ដែ វាត្រូវបានគេប្រារព្ធឡើង មិនខុសអ្វីទៅនឹងពិធីប្រគុំតន្រ្ដី)។ អតីតប្រធានាធិបតីអាមេរិក
លោក Bill Clinton និងកំពូលកីឡាករបាល់បោះអាមេរិក Kobe Bryant ក៏ធ្លាប់បានអញ្ជើញចូលរួម
ក្នុងព្រឹត្តិការណ៍នេះ។

ការិយ៉ា​ល័យ​កណ្ដាល​របស់ Alibaba

 

លោក Jack Ma ក៏ធ្លាប់បានចូលរួមសម្ដែង  ក្នុងកម្មវិធីសិល្បៈ  ក្នុងព្រឹត្តិការណ៍ Alifest ហើយគាត់
បានធ្វើឱ្យភ្ញៀវកិត្តិយស មានការសប្បាយរីករាយយ៉ាខ្លាំង។ លោក Jack Ma ធ្លាប់បាននិយាយថា
លោកមិននឹកស្មានថា ខ្លួនមានឱកាសបានឡើងសម្ដែងនៅលើឆាក ហើយក៏មិននឹកដល់ថា Alibaba
បានរីកចម្រើនដូចសព្វថ្ងៃ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN/Bloomberg


Tags: Alibaba Jack Ma