CamNews

ព័ត៌មានបច្ចេកវិទ្យា 

Ahmed Mohamed ទទួលបានការអញ្ជើញពី MIT, Reddit, Autodesk និង NASA

កុមារាអាយុ ១៤ឆ្នាំ Ahmed Mohamed កំពុងមានឈ្មោះល្បីល្បាញខ្លាំងនៅលើបណ្ដាបណ្ដាញ
សង្គម ហើយបន្តទទួលបានការអញ្ជើញពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា សកលវិទ្យាល័យធំៗនៅ
លើពិភពលោក។

មកដល់ពេលនេះ Ahmed Mohamed ធ្លាប់ទទួលបានការអញ្ជើញឱ្យទៅទស្សនាកិច្ចពីអ្នកមាន
អំណាចជាច្រើន ដូចជាប្រធានាធិបតីអាមេរិក និងម្ចាស់ Facebook លោក Mark Zuckerberg
។ល។ មិនតែប៉ុណ្ណោះ Ahmed Mohamed ក៏ទទួលបានការគាំទ្រពីសំណាក់អ្នកវិទ្យាសាស្ដ្រជា
ច្រើនផងដែរ។ ជាងនេះ នៅលើបណ្ដាញសង្គម គេឃើញមានចលនាថតរូបជាមួយនាឡិកា
ដើម្បីគាំទ្រដល់កុមារារូបនេះទៀតផង។

បន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោក Obama និង CEO Mark Zuckerberg បានអញ្ជើញ
Ahmed Mohamed ទៅទស្សនកិច្ចសេតវិមាន និង Facebook កុមាររូបនេះ ក៏បន្តទទួលបាន
ការ អញ្ជើញជាច្រើនពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃក្នុងពិភពលោក។

ក្នុងនោះគេឃើញមានអគ្គនាយកប្រតិបត្តិ Carl Bass របស់ក្រុមហ៊ុន Autodesk ផងដែរ ដែល
បានអញ្ជើញ Ahmed Mohamed ឱ្យមកធ្វើទស្សនកិច្ចក្រុមហ៊ុន ហើយគេរំពឹងថា អាចនឹងមាន
អ្វីមួយដ៏គួរឱ្យចាប់អារម្មណ៍ ត្រូវបានបង្កើតឡើងរួមគ្នា។

ចំណែកក្រុមហ៊ុន 123D Circuits ក៏បានឱ្យដឹងថា នឹងផ្ដល់ជូនដោយមិនគិតថ្លៃនូវ circuit board
ដើម្បីឱ្យកុមារនេះអាចបន្តស្រាវជ្រាវ និងច្នៃឧបករណ៍បច្ចេកវិទ្យាផ្សេងៗ។

រីឯបណ្ដាញសង្គម ដូចជា Foursquare និង Reddit ជាដើម ក៏បានសំដែងឱ្យដឹងអំពីបំណងចង់
ជួបកុមារាអាយុ ១៤ឆ្នាំនេះដែរ។

អ្នកវិទ្យាសាស្ដ្រផ្នែកតារាវិទូ Chanda Prescod-Weinstein នៃសកលវិទ្យាល័យ MIT ឱ្យដឹងថា ៖
"Ahmed គឺជាសិស្សដ៏ល្អ ដែលមានការច្នៃប្រឌិតខ្ពស់។ កុមារានេះគឺជាសិស្សគំរូដែលយើងខ្ញុំ
ចង់បានមកសិក្សានៅ MIT ឬ Harvard"។

អតីតអវកាសចររបស់ NASA លោក Daniel Tani មានបំណងផ្ដល់ជូនអាវ NASA មួយដល់
Ahmed បន្ទាប់ពីបានឃើញកុមារនេះ ពាក់អាវដែលមានរូប NASA ក្នុងពេលត្រូវបានចាប់ខ្លួន។

ក្រៅពីនេះ Ahmed ក៏ទទួលបានការអញ្ជើញឱ្យចូលសិក្សាដោយមិនគិតថ្លៃ នៅមជ្ឈមណ្ឌល
SpaceCamp និងសាលាពាណិជ្ជកម្ម New European។

ប្រការដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺថា តារាចម្រៀង R&B Ne-Yo បានបង្ហោះនៅលើ Tweeter
ថា នឹងទទួលយក Ahmed បើសិនកុមាររូបនេះ មានបំណងឈានជើងចូលប្រលូកក្នុងវិស័យ
ឧស្សាហកម្មតន្ត្រី។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN


Tags: កុមារច្នៃនាឡិកា Ahmed Mohamed MIT Reddit Autodesk NASA