(មេនឆេស្ទើ)៖ ក្លឹបដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ ក្នុង Premier League រដូវកាលមុននេះ Manchester City បានសម្រេចផ្ទេរកីឡាករ ៧រូបចេញនៅថ្ងៃបិទបញ្ចប់រដូវកាលថ្មីឆ្នាំ២០១៦-២០១៧ នេះ ដោយក្នុងនោះក៏មានអ្នក ចាំទី Joe Hart និងខ្សែបម្រើ Nasri ផងដែរ។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងថា ស្ថិតក្រោមការដឹករបស់អតីតគ្រូបង្វឹកក្លឹប Bayern Munich លោក Pep Guardiola បានសម្រេចផ្ទេរកីឡាករចេញ ៨រូបមានដូចជា កីឡាករខ្សែបម្រើប្រយុទ្ធជនជាតិបារាំង Samir Nasri ទៅក្លឹប Sevilla ជាលក្ខណៈខ្ចីជើងរយៈពេលវែង គ្រាដែល Eliaquim Mangala ត្រូវបាន Valencia ខ្ចីជើងរហូតដល់ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។
កីឡាករវ័យ២៩ឆ្នាំ Nasri ទើបតែចូលលេងបាន ១ប្រកួតដំបូងនៅ Man City កាលពីសប្តាហ៍ពេលដែលបានយកឈ្នះ ភ្ញៀវ West Ham United ៣-១ ក្នុងសប្តាហ៍ទី៣ នៃ Premier League បន្ទាប់ពីរូបគេបានជាសះស្បើយពីរបួស និង ឡើងទម្ងន់ជាខ្លាំងនោះ ខណៈដែលមិត្តរួមក្រុមជនជាតិអង់គ្លេស អ្នកចាំទី Joe Hart ត្រូវបានផ្តល់សិទ្ធិឲ្យក្លឹប Torino លេងក្នុង Serie A របស់អ៊ីតាលីខ្ចីជើង។
ជាមួយគ្នានោះដែរ កីឡាករខ្សែប្រយុទ្ធ Wildfried Bony ដែល Man City ទិញពីក្លឹប Swansea City កាលពី២ឆ្នាំមុន ក៏ត្រូវបានក្លឹបផ្ទេរជាលក្ខណៈខ្ចីជើងទៅឲ្យក្លឹបលេងក្នុង Premier League ដូចគ្នា Stoke City រហូតដល់ចប់រដូវកាល នេះដែរ។ បន្ថែមពីលើនេះទៀត ក្លឹបដែលទើបតែឈ្នះកៅអីវគ្គចែកពូលក្នុង Champions League រដូវកាលឆ្នាំថ្មីនេះ Man City ក៏បន្តផ្ទេរខ្ចីជើងកីឡាករខ្សែការពារ Jason Denayer ទៅឲ្យក្លឹប Sunderland ទៀតផង ហើយខ្សែការពារ ដូចគ្នា Shay Facey វ័យ២១ឆ្នាំ ក៏ត្រូវបានផ្ទេរទៅកាន់ក្លឹប Heerenveen ផងដែរ ហើយក្លឹបលេងនៅក្នុងក្របខណ្ឌ League One របស់អង់គ្លេស Bury ក៏បានចុះកិច្ចសន្យាខ្ចីជើងខ្សែបម្រើ Kean Bryan វ័យ១៩ឆ្នាំរហូតដល់បញ្ចប់រដូវ កាលនេះដែរ។
ក្រៅពីផ្ទេរកីឡាករចេញ ៧រូបរួចមក លោក Pep Guardiola ក៏បាននាំចូលកីឡាករសំខាន់ ២រូបផងដែរមានដូចជា កីឡាករខ្សែប្រយុទ្ធជួរមុខ Nolito មកពីក្លឹប Celta Vigo និងអ្នកចាំទី Claudio Bravo មកពីក្លឹប FC Barcelona ដែល ជាក្លឹបលេងនៅ La Liga នៃក្របខណ្ឌកំពូលអេស្ប៉ាញដូចគ្នា៕
អ្នកចាំទី Bravo
ខ្សែប្រយុទ្ធ Nolito
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង