(ក្រុងឡុងដ៍)៖ ក្រុមជាប់លេខ៤ រដូវកាលមុន Manchester City បានកំពុងនាំមុខកំពូលតារាងដាច់ក្នុង Premier League ដោយបំបែកកំណត់ត្រាឈ្នះ៦ប្រកួតជាប់គ្នា រកបាន១៨ពិន្ទុពេញ មិនដែលចាញ់ និងស្មើឡើយ គ្រាដែលក្រុម ការពារតំណែងជើងឯក Leicester City បានធ្លាក់ដល់លេខរៀងទី១២ឯណោះ។
ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិអេស្ប៉ាញ Pep Guardiola រកបាន៣ពិន្ទុទៀតនៅក្នុងផ្ទះរបស់ក្រុមហ្វូង ក្ងាន ដោយលទ្ធផលបច្ចេកទេស ៣-១ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុនក្នុងការប្រកួតទី៦ក្នុងលីគកំពូលរបស់អង់គ្លេស រដូវកាលថ្មីឆ្នាំ២០១៦-២០១៧ ស្របពេលដែល Leicester City បានបរាជ័យក្នុងផ្ទះរបស់ Manchester United រហូតដល់ទៅ ៤-១។
ការនាំមុខកំពូលតារាងដាច់រហូតដល់ទៅ៤ពិន្ទុនេះ ទោះបី Manchester City ចាញ់១ប្រកួតក៏មិនជាបញ្ហាដែរ ពោលគឺ បន្តឈរនៅកំពូលតារាងជាបណ្តោះអាសន្នដដែល នៅពេលជួបក្រុមម្ចាស់ផ្ទះ Tottenham Hotspur នៅថ្ងៃទី០២ តុលា ចុងសប្តាហ៍នេះក៏ដោយ បើទោះបីជា Spurs កំពុងឈរនៅលេខ២ តាមពីក្រោយទើបរកបាន១៤ពិន្ទុប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង