(មេនឆេស្ទើ)៖ ក្លឹបអង់គ្លេស Manchester City កំពុងចរចាសុំទិញកីឡាករខ្សែបម្រើប្រយុទ្ធ Ikay Gundogan នៃក្លឹប Borussia Dortmund របស់អាល្លឺម៉ង់ បើទោះបីជាកីឡាករវ័យ២៥ឆ្នាំរូបនេះបានកំពុងតែមានបញ្ហារបួសជង្គង់ក៏ដោយ ។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថ្ងៃនេះថា បានឈានដល់ការព្រមព្រៀងជាមួយនឹងក្លឹបលេងនៅ Bundesliga របស់អាល្លឺម៉ង់ហើយ ដើម្បីនាំយកកីឡាករ Gundogan មកកាន់កីឡដ្ឋាន Etihad ក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ ដោយត្រូវបានគេដឹងថា មានតម្លៃខ្លួនប្រហែល ២០លានផោន ដោយនឹងត្រូវបានធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola ។
ការញាំញីដោយបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ បានធ្វើឲ្យកីឡាករខ្សែបម្រើ Ikay Gundogan ខកខានក្នុងក្រុមជម្រើសជាតិ អាល្លឹម៉ង់ ក្នុងការលេងនៅ Euro 2016 ហើយក៏បន្តអវត្តមានពីក្នុងក្លឹបនៅដើមរដូវកាលនេះផងដែរ ក្រោយពេលរូបគេ បានទទួលរងរបួសកាលពីដើមខែឧសភា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ហើយ Gundogan ក៏បានខកខាន World Cup 2014 ម្តងរួចមកហើយដែរ ដោយសារតែគេមានបញ្ហារបួសខ្នង ៕