CamNews

ព័ត៌មានអន្តរជាតិ 

មេបញ្ជាការជាន់ខ្ពស់៥រូបរបស់ ISIS ក្រសោបប្រាក់រាប់លានដុល្លារ រត់ចេញពីអ៊ីរ៉ាក់

មេបញ្ជាការជាន់ខ្ពស់៥រូបរបស់អង្គការរដ្ឋអ៊ីស្លាម បានឱបប្រាក់រត់គេចខ្លួនពីខែត្រ Nineveh ភាគ
ខាងជើងអ៊ីរ៉ាក់។

ទំព័រ Sputniknews កាលពីម្សិលមិញបានដកស្រង់ប្រភពព័ត៌មានពីទូរទស្សន៍ Al Sumaria របស់
អ៊ីរ៉ាក់ ឱ្យដឹងថា “មេបញ្ជាការជាន់ខ្ពស់៥រូប ក្នុងនោះមានមេបញ្ជាការម្នាក់ត្រូវបានគេស្គាល់ឈ្មោះ
ថា Abu Bara Kakhtani ទទួលខុសត្រូវក្នុងការគ្រប់គ្រងប្រាក់របស់ក្រុម ISIS បានរត់គេចខ្លួន ខណៈ
ដែលប្រាក់មួយចំនួនធំក៏បានបាត់ស្រមោលពីឃ្លាំង”។

ទឹកប្រាក់​ដែល​បណ្ដា​មេបញ្ជាការ​ ISIS ប្រមូល​យក​ទៅតាម​ខ្លួន មានចំនួន​ដល់ទៅរាប់លានដុល្លារ

យោងតាមទូរទស្សន៍នេះ ទឹកប្រាក់ដែលមេបញ្ជាការទាំងនេះបានប្រមូលយក មានចំនួនឡើង
ដល់រាប់លានដុល្លារអាមេរិក។ ISIS គ្រោងនឹងប្រើប្រាស់ប្រាក់ទាំងនេះ ដើម្បីបើកប្រាក់ខែឱ្យក្រុម
សកម្មប្រយុទ្ធ។

បច្ចុប្បន្ន យោងតាមប្រភពព័ត៌មានមួយចំនួន ក្រុមមេបញ្ជាការខាងលើ កំពុងឆ្ពោះទៅកាន់ទីក្រុង
Tal Afar ដើម្បីទៅកាន់ទីរួមស្រុក Baa'j រួចក្រោយមក ឆ្ពោះទៅកាន់ស៊ីរី។ ISIS បានចេញបញ្ជាឱ្យ
តាមចាប់បន្ទាន់ និងប្រហារជីវិតអ្នកដែលបានរត់គេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងក្នុងពេលដែលកងទ័ពអ៊ីរ៉ាក់ ដោយមានជំនួយពីកងទ័ពជនជាតិ
Kurd និងកងទ័ពសម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិក កំពុងបន្តវាយប្រហារដើម្បីរំដោះក្រុង Mosul
ទាំងស្រុងចេញពីកណ្ដាប់ដៃ ISIS ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Sputniknews


Tags: ISIS ប្រមូលប្រាក់​រត់គេចខ្លួន