CamNews

សុខភាព 

រកឃើញអ្នកផ្ទុកជម្ងឺ Ebola ទីពីរ នៅអាមេរិក ខណៈ ៤៨នាក់ ផ្សេងទៀត “ជាប់សង្ស័យ”

ស្ថាបនវេជ្ជសាស្ដ្រនៃរដ្ឋ Texas របស់អាមេរិក ទើបតែបានប្រកាសថា បន្ទាប់ពីករណីគ្រូពេទ្យស្រី
នាង Nina Pham គេក៏បានរកឃើញថា បុគ្គលិកសុខាភិបាលម្នាក់ទៀតរបស់រដ្ឋបានឆ្លងជម្ងឺ Ebola
ហើយអ្វីដែលគួរចាប់អារម្មណ៍ នោះគឺ អ្នកជម្ងឺទាំងពីរខាងលើ សុទ្ធតែធ្លាប់បានចូលរួមព្យាបាល
Thomas Eric Duncan  ដែលបានស្លាប់កាលពីពេលថ្មីៗនេះ។

អ្នក​ជម្ងឺ​ដែល​ទើប​តែ​ត្រូវ​បាន​រក​ឃើញ ត្រូវ​គេ​ដាក់​ឱ្យ​នៅ​ដោោយ​ឡែក

មន្ទីរសុខាភិបាល Texas បានឱ្យដឹងថា ៖ “ក្រុមបុគ្គលិកវេជ្ជសាស្ដ្រ បានធ្វើការស្រាវជ្រាវលើអ្នក
ជម្ងឺ Ebola ថ្មីនេះ ដើម្បីស្វែងរកមនុស្សដែលបាននៅក្បែរ និងមានហានិភ័យឆ្លងជម្ងឺនេះ។ បណ្ដា
មនុស្សដែលត្រូវបានរកឃើញថា អាចនឹងឆ្លងជម្ងឺនេះ នឹងត្រូវគេតាមដានយ៉ាងយកចិត្តទុកដាក់។”

អ្នកជម្ងឺថ្មីខាងលើនេះ ត្រូវបានគេពិនិត្យកាលពីព្រលប់ថ្ងៃទី ១៤តុលា ហើយបានទទួលលទ្ធផល
នៅពាក់កណ្ដាលអាធ្រាត្រ។

លោក Thomas Eric Duncan ជា​អ្នក​ជម្ងឺ Ebola ទី​មួយ ដែល​ចូល​
មក​ព្យា​បាល​នៅ​អាមេរិក ហើយ​បាន​ស្លាប់

យោងតាមទំព័រ Bloomberg ស្ថាបនសុខាភិបាលរដ្ឋ Texas ឱ្យដឹងថា អ្នកជម្ងឺថ្មីនេះ គឺជាបុគ្គលិក
បម្រើការនៅមន្ទីរពេទ្យ Presbyterian រដ្ឋ Texas ។ អ្នកជម្ងឺនេះ ក្ដៅខ្លួនខ្លាំងកាលពីម្សិលមិញ
ហើយភ្លាមនោះ ក៏ត្រូវបានគេនាំទៅកាន់បន្ទប់ដាច់ដោយឡែក។ ដូចទៅនឹង គ្រូពេទ្យស្រី Nina
Pham អ្នកជម្ងឺថ្មីនេះ ក៏ធ្លាប់បានចូលរួមព្យាបាល Thomas Eric Duncan ជាជនជាតិ Liberia ដែល
បាននាំជម្ងឺនេះចូលអាមេរិក ហើយបានស្លាប់កាលពីសប្ដាហ៍មុន។

នាង Nina Pham ជា​អ្នក​រង​គ្រោះ​ទី​មួយ ដែល​​ឆ្លង​ជម្ងឺ​ Ebola នៅ​អាមេរិក

បណ្ឌិត Thomas Frieden អគ្គនាយកនៃមជ្ឈមណ្ឌលគ្រប់គ្រង និងប្រយុទ្ធប្រឆាំងជម្ងឺឆ្លងនៅសហ
រដ្ឋ​អាមេរិក ឱ្យដឹងថា បច្ចុប្បន្ន មិនទាន់បានដឹងអំពីកំហុសឆ្គងជាក់ស្ដែង ក្នុងការព្យាបាលអ្នកជម្ងឺ
មុន (Thomas Eric Duncan) នៅឡើយ ដែលនាំឱ្យមានការឆ្លងបែបនេះ។

គួររំលឹកថា ករណីឆ្លង Ebola ទីមួយ នៅលើទឹកដីអាមេរិក គឺនាង Nina Pham ជាជនជាតិអាមេរិក
ដើមកំណើតវៀតណាម។ បច្ចុប្បន្ន នាងកំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរឡើងវិញ។ យោងទៅ
តាមព័ត៌មានថ្មីបំផុត នាង Nina Pham បានសារភាពថា ខ្លួនមិនបានស្លៀកពាក់ឈុតការពារនោះ
ទេ នៅពេលថែទាំងអ្នកជម្ងឺ Thomas Eric Duncan ដែលបានស្លាប់កាលពីសប្ដាហ៍កន្លងទៅ។

 

លោក​វេជ្ជ​បណ្ឌិត Kent Brantly ជា​មនុស្ស​ទី​មួយ ដែល​បាន​រួច​ផុត​ពី​ការ​ស្លាប់ ក្រោយ​ពី​
បាន​ឆ្លង Ebola ពី​ក្រៅ​ប្រទេស និង​មក​ព្យា​បាល​នៅ​អាមេរិក

សារព័ត៌មានអាមេរិក ចេញផ្សាយថា មិត្តប្រុសរបស់នាង ក៏មានរោគសញ្ញាដែលត្រូវការតាមដាន
ផងដែរ។ ប៉ុន្ដែ ដំណឹងនេះ មិនទាន់ត្រូវបានទទួលស្គាល់ដោយមន្ដ្រីសមត្ថកិច្ចនៅឡើយ។

អង្គការ​សុខ​ភាព​ពិភព​លោក បាន​ព្រមាន​ថា ករណី​ស្លាប់​ដោយ​សារ​ជម្ងឺ Ebola អាច​នឹង​កើត​ដល់
១០.០០០ នាក់​

បច្ចុប្បន្ន ក្រុមជំនាញអាមេរិក កំពុងតាមដានមនុស្សចំនួន ៤៨នាក់ ក្នុងនោះមានក្រុមគ្រូពេទ្យ
ដែលធ្លាប់បានចូលរួមព្យាបាលអ្នកជម្ងឺ Ebola និងក្រុមមនុស្សដែលមានទំនាក់ទំនងនឹងអ្នកជម្ងឺ
នេះផងដែរ។

មេរោគ Ebola

កាលពីម្សិលមិញ មន្ដ្រីសុខាភិបាលអាល្លឺម៉ង់ ក៏បានប្រកាស់ថា បុគ្គលិកនៃអង្គការសហប្រជាជាតិ
ម្នាក់ គឺជាជនជាតិ Sudan ដែលកំពុងត្រូវបានព្យាបាលនៅក្នុងក្រុង Leipzig បានបាត់បង់ជីវិត។
ចំណែកអ្នកជម្ងឺពីរនាក់ផ្សេងទៀត កំពុងទទួលការព្យាបាលនៅក្នុងប្រទេសនេះ នៅឡើយ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC/AFP


Tags: Second Texas Ebola America