(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងលែងទទួលស្គាល់គោលនយោបាយចិនតែមួយ បើសិនជាទីក្រុងប៉េកាំង មិនព្រមផ្ដល់សម្បទានណាមួយ ជាពិសេស នៅក្នុងវិស័យពាណិជ្ជកម្មទេនោះ។ គោលនយោបាយចិនតែមួយនេះ ឯងបានជម្រុញទីក្រុងវ៉ាស៊ីនតោន កាត់ផ្ដាច់ចំណងការទូតមួយផ្នែកជាមួយកោះតៃវ៉ាន់ នៅឆ្នាំ១៩៧៩ ហើយងាកមកចាប់ដៃជាន់ជើង ជាមួយនឹងរដ្ឋាភិបាលកុម្មុយនីស្ដចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។
លោក ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News ថា «ខ្ញុំមិនចង់ឱ្យចិនបង្គាប់បញ្ជា ឬប្រាប់ឱ្យខ្ញុំធ្វើអ្វីដែលខ្ញុំត្រូវធ្វើនោះទេ ហើយខ្ញុំក៏មិនដឹងដែរថា តើហេតុអ្វីបានជាយើងត្រូវទទួលស្គាល់គោលនយោបាយចិនតែមួយ? ដរាបណាយើងអាចឈានដល់កិច្ចព្រមព្រៀង មួយជាមួយចិនដើម្បីទទួលបានការតបស្នង ក្នុងនោះរួមមានទាំងវិស័យពាណិជ្ជកម្ម»។
ដោយឡែកក្រៅតែពីរឿងពាណិជ្ជកម្ម លោក ដូណាល់ ត្រាំ ក៏បានចោទប្រកាន់ផងដែរថា ចិនមិនបានសហការពេញដៃពេញជើង ជាមួយសហរដ្ឋអាមេរិកនោះឡើយ ស្ដីពីគោលនយោបាយប្ដូរប្រាក់របស់ខ្លួន រួមទាំងបញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ឬក៏ភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងប៉េកំាងបាន និងកំពុងពង្រឹងវត្តមានយោធា។ លោក ត្រាំ បានបន្ថែមថាចិនដែលជាខ្នងបង្អែកដ៏ធំរបស់ ទីក្រុងព្យុងយ៉ាង មានលទ្ធភាពដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែ នៅតំបន់ឧបទ្វីបកូរ៉េ ក៏ប៉ុន្តែពួកគេ (ចិន) មិនបានជួយអ្វីទាល់សោះដល់ពួកយើង (សហរដ្ឋអាមេរិក)។
គួរបញ្ជាក់ថាសហរដ្ឋអាមេរិក និងចិនបានជួបភាពតានតឹងនឹងគ្នា មួយប្រាវកាលពីថ្ងៃទី០២ ខែធ្នូ កន្លងទៅ ក្រោយពេលដឹងពីដំណឹងកិច្ចសន្ទានា តាមទូរស័ព្ទរវាងលោកត្រាំ និងមេដឹកនាំកោះតៃវ៉ាន់ ត្បិតអីសម្រាប់ចិនកិច្ចសន្ទនានេះ គឺបង្ហាញពីការគំាទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ ដែលរដ្ឋាភិបាលចិនគ្រប់ជំនាន់ចាត់ទុកថាតៃវ៉ាន់ គ្រាន់តែជាខេត្តមួយរបស់ខ្លួន៕
ប្រភព ៖ CNA