(អាមេរិក)៖ សន្និសីទសារព័ត៌មានផ្លូវការជាលើកដំបូង ត្រូវបានប្រធានាធិបតជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងអគារពាណិជ្ជកម្ម Trump Tower ក្នុងទីក្រុងញូយ៉ក ដោយលោកបានអញ្ជើញភ្នាក់ងារសារព័ត៌មានល្បីៗជាច្រើនចូលរួម ក្នុងនោះមានទាំងសារព័ត៌មានប្រឆាំង និងគាំទ្ររូបលោកផងដែរ រួមទាំងសារព័ត៌មាន CNN។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BBC ដែលត្រូវបានដកស្រង់នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។
ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រើពាក្យសម្ដីធ្ងន់ៗទៅកាន់អ្នកសារព័ត៌មាននៃទូរទស្សន៍ CNN និងគេហទំព័រព័ត៌មានមួយឈ្មោះថា BuzzFeed ដោយលោកបានហៅ CNN ថាអ្នកផ្សាយ «ព័ត៌មានក្លែងក្លាយ» ហើយ BuzzFeed គឺជាគំនរសំរាម។
ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានជាលើកដំបូងនៅឯអាគារ Trump Tower។ ប៉ុន្តែទន្ទឹមគ្នានោះដែរ លោកបានបដិសេធឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន CNN ហើយថែមទំាងបន្ទោសអ្នកសារព័ត៌មានរូបនេះចំៗដូច្នេះថា៖ «ទេ ! មិនជាអ្នកទេ ព្រោះប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកគឺជាព័ត៌មានក្លែងក្លាយ (...) អ្នកគួរតែនៅស្ងៀម ហើយទុកឱ្យស្ត្រីម្នាក់នោះសួរសំណួរ... អ្នកឯងកុំឈ្លើយ! ខ្ញុំនឹងមិនឆ្លើយនឹងសំណួររបស់អ្នកទេ»។ បន្ថែមពីលើនេះលោក ដូណាល់ ត្រាំ ក៏បានហៅ គេហទំព័រព័ត៌មាន BuzzFeed ដែលជាអ្នកបញ្ចេញរឿងអាស្រូវផ្លូវភេទរបស់លោកនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា «គ្រាន់តែគឺជាគំនរសំរាមប៉ុណ្ណោះ»៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី