CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទូរស័ព្ទ Windows Phone អាចបញ្ជាកុំព្យូទ័រ ពីចម្ងាយ ដោយកម្មវិធី Remote Desktop

ក្រុម​ហ៊ុន Microsoft ទើបតែបានបញ្ចេញកម្មវិធី Remote Desktop ដែល​អនុញ្ញាតឱ្យអ្នកប្រើប្រាស់
Windows Phone អាចបញ្ជាកុំព្យូទ័រពីចម្ងាយ។ ប៉ុន្ដែ គួរឱ្យស្ដាយ កម្មវិធីនេះ តម្រូវឱ្យមានWindows
Phone 8.1 ទើបអាចប្រើបាន។

តាំងពីឆ្នាំទៅ Microsoft ធ្លាប់បានឧទ្ទេសនាមកម្មវិធីបញ្ជាកុំព្យូទ័រពីចម្ងាយ សម្រាប់ឧបករណ៍ដែល
ប្រើប្រាស់ Android និង iOS ។ ហើយថ្មីៗនេះ ក្រុមហ៊ុន ក៏ទើបបានដាក់ឱ្យប្រើប្រាស់កម្មវិធីដូចគ្នា
នេះ សម្រាប់ Windows Phone ដែលមានឈ្មោះថា Remote Desktop ។


បច្ចុប្បន្ន កម្មវិធីនេះ ត្រូវបានក្រុម​ហ៊ុន Microsoft ដាក់ឱ្យទាញយកដោយឥតគិតថ្លៃ នៅលើទំព័រ
Windows Phone Store ក៏ប៉ុន្ដែ វាតម្រូវឱ្យអ្នក ត្រូវប្រើប្រាស់ Windows Phone 8.1 ទើបអាចប្រើ
បាន។ Windows Phone 8.1 នឹងត្រូវបានបន្ទាន់សម័យលើស្មាតហ្វូនបច្ចុប្បន្ន នៅប៉ុន្មានសប្ដាហ៍
ខាងមុខ តែពេលនេះ អ្នកអាចបំពាក់កំណែសាកល្បង developer preview ប្រសិនចង់បាន។

កម្មវិធី Remote Desktop សម្រាប់ Windows Phone 8.1 មានមុខងារដូចទៅនឹងកម្មវិធី នៅលើ
Android និង iOS ហើយវាអនុញ្ញាតឱ្យអ្នក តភ្ជាប់ និងបញ្ជា PC Windows ។ Remote Desktop
បំពាក់បច្ចេកវិទ្យា Remote Desktop Protocol (RDP) ដែល Microsoft បានប្រើប្រាស់តាំងពីប៉ុន្មាន
ឆ្នាំមកនេះ ក្នុងបណ្ដាកំណែ Windows សម្រាប់ desktop និង server ដើម្បីភ្ជាប់ជាមួយកុំព្យូទ័រ។

បណ្ដាកម្មវិធី បញ្ជាកុំព្យូទ័រពីចម្ងាយ នឹងមានសារសំខាន់ នៅក្នុងករណីដែលអ្នក ចង់ប្រើប្រាស់
កុំព្យូទ័រជាបន្ទាន់ ពេលមិនមានវត្តមាននៅទីនោះ។ Microsoft បានបង្កើតមុខងារ ដើម្បីឱ្យអ្នកអាច
ចូលទៅប្រើកុំព្យូទ័រ ដោយកម្រិតរីសូលូសឹនដើម។ ក្រៅពីនេះ Microsoft ក៏ផ្ដល់ក្ដាចុចស្រមោល
ដោយមានទាំងគ្រាប់ចុចសំខាន់ៗ ដូចជា shift, ctrl, alt, esc, tab រួមនឹង ប៊ូតុង Windows ផងដែរ។

ប្រសិនមានចំណាប់អារម្មណ៍ ចង់ប្រើប្រាស់កម្មវិធីបញ្ជាកុំព្យូទ័រពីចម្ងាយ ដោយទូរស័ព្ទ Windows
Phone អ្នកអាចទាញយកតាមរយៈ Windows Phone Store

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Theinquirer/Windowsphone