អត្រាគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោក និងអ្នកបាត់បង់ជីវិត ក្នុងរយះពេល១១ខែ ឆ្នាំ២០១២នេះ មាន
ការថយចុះ បើប្រៀបធៀបទៅនឹងរយះពេលដូចគ្នា ក្នុងឆ្នាំ២០១១ ដោយក្នុងឆ្នាំ២០១២នេះគ្រោះ
ថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣,៩៥៣លើក និងបណ្តាលឲ្យស្លាប់មនុស្ស១,៧៤៨នាក់។
ព័ត៌មានខាងលើនេះ ត្រូវបានបង្ហើបឲ្យដឹង ក្នុងពីធីប្រជុំស្តីពីការចែករំលែកបទពិសោធន៍ ការត្រួត
ពិនិត្យករណីបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងការមិនពាក់មួកសុវត្ថិភាពពេលយប់ ដែល
ធ្វើឡើងនៅថ្ងៃទី២ខែតុលា ឆ្នាំ២០១២ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាពរបស់
ឯកឧត្តម ឧត្តមសេនីយ៍ឯក យុន ឈុន្នី អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្រ្តៃយ៍
លេខាធិការដ្ឋានគបចគ ឯកឧត្តម ពៅ ម៉ាលីអគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូន និងជា
អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង
ចូលរួមពីប្រធានអង្គការ GRSP ប្រចាំកម្ពុជា ព្រមទាំងអស់លោក ដែលជាស្នងការរងនគរបាល និង
ការិយាល័យជំនាញ មកពីរាជធានី និងបណ្តាខេត្តជាច្រើនរូប។
តាមរយះរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តន៍ច្បាប់លើករណីបើកបរក្រោមឥទ្ធិពល នៃជាតិ
ស្រវឹង និងមិនពាក់មួកសុវត្ថិភាពពេលយប់ ក្រោមគំរោងRS10 បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១២
នេះ (គិតពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២) គ្រោះថ្នាក់ចរាចរណ៍កើត
ឡើងចំនួន ៣,៩៥៣លើក ប្រៀបធៀបរយះពេលដូចគ្នាក្នុងឆ្នាំ២០១១ មានចំនួន ៤,៧៣៣លើក គឺ
ថយចុះ ៧៨០លើក ស្មើ១៦% បណ្តាលឲ្យស្លាប់មនុស្ស១,៧៤៨នាក់ លើ១,៧៥៥នាក់ ថយចុះ០៧
នាក់ ស្មើ០,៤% របួសធ្ងន់៣,៩៥៤នាក់ លើ៤,៦៦១នាក់ ថយ៧០៧នាក់ ស្មើ១៥% និងរបួសស្រាល
ចំនួន២,៨២៩នាក់ លើ៣,៥២៦នាក់ ថយ៦៩៧នាក់ ស្មើ២០%។
ប្រភពពីទំព័រ PL បានចុះផ្សាយថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ច្រើនជាងគេគឺ មកពី
ការបើកបរលើសល្បឿន ដែលមានរហូតដល់ទៅ៤៧% ក្រៅពីនេះមិនគោរពសិទ្ធិអាទិភាព១៥%
ស្រវឹង១១% ប្រជែង៩% ប្រហែស៧% មិនប្រកាន់ស្តាំ៤% កត្តាយានយន្ត២% មិនគោរពភ្លើងសញ្ញា
២% សុខភាព២% និងកត្តាផ្សេងៗ៣%។ ប្រភពដដែល បានឲ្យដឹងទៀតថា អ្នកជិះម៉ូតូមិនពាក់មួក
សុវត្ថិភាពក្នុងពេលមានគ្រោះថ្នាក់មាន៣៥%៕
ដោយ ៖ សីហា
ប្រភព ៖ PL