នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ Twitter នឹងកាន់តែមានសុវត្ថិភាពខ្លាំងឡើងមួយកំរិតទៀត
ខណៈពេលដែលគេហទំព័រកំសាន្តសង្គមមួយនេះទើបតែបានទិញនូវប្រព័ន្ធការពារសុវត្ថិភាព
អ៊ីនធើណែត Whisper Systems ។ នេះគឺជាដំណឹងដ៏ល្អមួយសំរាប់បណ្តាអ្នកដែលកំពុងតែ
ប្រើប្រាស់នូវគេហទំព័រមួយនេះ។ ជាក់ស្តែងគណនី ក៏ដូចជាប្រព័ន្ធការពារសុវត្ថិភាពពត៌មាន
របស់ពួកគេនឹងកាន់តែល្អជាងពេលណាៗទាំងអស់។
Whisper Systems ត្រូវបានគេដឹងថាគឺជាក្រុមហ៊ុនដ៏ស្ទាត់ជំនាញមួយក្នុងការធ្វើការអភិវឌ្ឍន៍
បង្កើតនូវកម្មវិធីការពារប្រព័ន្ធសុវត្ថិភាពដំណើរការលើមូលដ្ឋាន Android ដូចជា Encrypte
ឯកសារ,firewall ,កម្មវិធីការពារសុវត្ថិភាពផ្ញើសារនៅលើទូរស័ព្ទ...ជាដើម។ អាចទិញបាន
Whisper Systems គឺជាក្តីប្រាថ្នារបស់ក្រុមហ៊ុនជាច្រើននាពេលកន្លងមក។
អ្នកតំណាងរបស់ Twitter បានអោយដឹងថា៖"យើងខ្ញុំទិញ Whisper នេះក្នុងទិសដៅធ្វើអោយ
កាន់តែមានភាពប្រសើរឡើងផ្នែកសុវត្ថិភាព និងភាពដោយឡែកមួយសំរាប់ឧបករណ៍ចល័ត
និងនេះក៏គឺជាឱកាសមួយសំរាប់យើងខ្ញុំធ្វើការអភិវឌ្ឍន៍អោយកាន់តែប្រសើរឡើងថែមទៀត
នូវរាល់សេវាកម្មដែលផ្តល់ជូនអ្នកប្រើប្រាស់ទូទៅ "។
ចំពោះការទិញបន្តនូវក្រុមហ៊ុនការពារសុវត្ថិភាពនេះ បានឆ្លុះបង្ហាញអោយឃើញថាពីមួយថ្ងៃ
ទៅមួយថ្ងៃ Twitter ហាក់កំពុងតែមានការយកចិត្តទុកដាក់កាន់តែខ្លាំងជាងមុនទៅលើប្រព័ន្ធ
របស់ខ្លួន នៅចំពោះមុខទិសដៅនៃវាយលុកពីសំណាក់ជនខិលខូចដែលធ្លាប់បានបង្កនៅលើ
គេហទំព័រ Facebook នារយៈកាលកន្លងមកថ្មីៗនេះ។ មុខនាទីក៏ដូចជាកម្មវិធីថ្មីៗត្រូវបាន
បង្កើតឡើងនៅបន្ទាប់ពីក្រុមហ៊ុនបានទិញ Whisper រួចមក និងមិនយូរទៀតទេកម្មវិធីទាំង
នោះនឹងត្រូវបានដាក់អោយដំណើរការផងដែរ៕
ប្រភព៖ Diditaltrends
ដោយ៖ រដ្ឋា