ក្រុមហ៊ុនផលិតកុំព្យូទ័ររបស់ តៃវ៉ាន់ ទើបតែបានអោយដឹងកាលពីពេលថ្មីៗនេះថាក្រុមហ៊ុន
នឹងធ្វើការបញ្ចុះតំលៃនូវផលិតផល Ultrabook របស់ខ្លួនពីតំលៃ ១០០០ដុល្លាអាមេរិកមក
ត្រឹមតែប្រហែលជា ៧០០ ទៅ ៨០០ដុល្លាអាមេរិកវិញ នៅក្នុងត្រីមាសទី២ ឆ្នាំ ២០១២ ខាង
មុខ និងមកសល់ត្រឹមតែ ៥០០ដុល្លាអាមេរិកនៅក្នុងឆ្នាំ ២០១៣ ។
Ultrabook Aspire S3 របស់ Acer
បើយោងតាមប្រភពពី DigiTimes, Acer នឹងបន្ថយតំលៃ Ultrabook របស់ខ្លួនចំនួនប្រមាណ
ជា ២០% នៅក្នុងឆ្នាំ ២០១២ ខាងមុខនេះ។ លោក Jim Wong, អគ្គនាយករបស់ Acer បាន
អោយដឹងថាកំរិតតំលៃរបស់ laptop មានកំរាស់ស្តើងរបស់ក្រុមហ៊ុនលោកនឹងបញ្ចុះមកសល់
ត្រឹមតែ ៥០០ដុល្លាអាមេរិកប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០១២ ខាងមុខ ស្របពេលដែលមានក្រុម
ហ៊ុនផលិត ultrabook ដូចគ្នាជាច្រើនក៏មានគំរោងធ្វើការបញ្ចុះតំលៃរបស់ខ្លួនក្នុងឆ្នាំ ២០១២
ផងដែរនោះ។
បច្ចុប្បន្ន Acer កំពុងតែបានធ្វើការផលិតនូវ Ultrabook នេះ ចំនួន ១០០.០០០គ្រឿងក្នុងមួយ
ខែៗ និងបានធ្វើការសន្និដ្ឋានថានឹងអាចលក់ចេញបានចំនួនចាប់ពី ២៥០.០០០ គ្រឿងទៅ
៣០០.០០០គ្រឿង នៅចុងឆ្នាំនេះផងដែរ។
លោក Wong អោយដឹងថាស្ថានភាពទឹកជំនន់នៅក្នុងប្រទេសថៃ បានធ្វើអោយតំបន់ឧស្សា
ហកម្មជាច្រើនជួបនូវការលំបាកក្នុងការផលិតរបស់ខ្លួន,មិនអាចផលិតនូវ Hard Drive បាន
គ្រប់គ្រាន់តាមតំរូវការទីផ្សារកុំព្យូទ័រ។ ដូច្នេះហើយបានជា Acer ត្រូវធ្លាក់ចុះនូវបរិមាណផ្គត់
ផ្គង់របស់ខ្លួនប្រមាណជាពី ១០ទៅ ១៥% នៅក្នុងត្រីមាសទី៤ នេះ។
Acer បច្ចុប្បន្នគឺជាក្រុមហ៊ុនដំបូងគេដែលបានធ្វើការបញ្ចេញទៅក្នុងទីផ្សារនូវផលិតផល
Ultrabook ដែលមាន Intel ជាមេគំនិត និងក៏ជាក្រុមហ៊ុនដែលលក់ Ultrabook បានត្រឹមត្រូវ
ទៅតាមលក្ខខ័ណ្ឌផងដែរគឺក្រោមតំលៃ ១០០០ពាន់ដុល្លាអាមេរិក។ ដោយឡែកចំពោះគូរ
ប្រជែងរបស់ខ្លួនដូចជា Asus និង Lenovo បានលក់នូវផលិតផលប្រណិតរបស់ខ្លួនក្នុងតំលៃ
មួយយ៉ាងខ្ពស់គឺចន្លោះពី ១០០០ដុល្លាអាមេរិក ទៅ ២០០០ដុល្លាអាមេរិកឯណោះ៕
ប្រភព៖ DigiTimes
ដោយ៖ រដ្ឋា