CamNews

កុំព្យូទ័រ 

កុំព្យូទ័រប្រើប្រាស់ Windows មានជាង ១ពាន់លានគ្រឿង នៅទូទាំងពិភពលោក

នៅក្នុងព្រឹត្តិការណ៍មួយស្តីអំពីការឧទ្ទេសនាម Windows 8 App Store ដែលបានធ្វើឡើង
នាពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft ក៏បានធ្វើការបង្ហាញអំពីតួលេខជាប្រវត្តិសាស្រ្តមួយ
របស់ខ្លួនផងដែរដែលទាក់ទងនឹងបរិមាណដ៏លើសលប់នៃកុំព្យូទ័រ នៅទូទាំងពិភពលោក
ដែលបានប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows របស់ក្រុមហ៊ុនមួយនេះ។ ហើយបើ
យោងតាមតួលេខដែល Microsoft បានបង្ហាញនោះ ឆ្លុះបញ្ចាំងអោយឃើញថា Windows មានការពេញនិយមប្រើប្រាស់ទូលំទូលាយបំផុតនៅលើ PC បើប្រៀបធៀបគ្នារវាងកុំព្យូទ័រ
ជាមួយ smartphone និងឧបករណ៍ tablet ។

Microsoft បានអោយដឹងថាបច្ចុប្បន្នមានកុំព្យូទ័រទាំងអស់ចំនួន ១,២៥ ពាន់លានគ្រឿងនៅ
ទូទាំងពិភពលោកដែលកំពុងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows នេះ (ក្នុងនោះបូក
រួមទាំងកំណែមុននឹងក្រោយរបស់ Windows ទាំងអស់)។ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ
Microsoft លក់បានចំនួន ៥០០ លានអាជ្ញាប័ណ្ណនៃ Windows 7 នេះ ទៅអោយអ្នកប្រើ
ប្រាស់ទូទៅ ដែលមានន័យថាបច្ចុប្បន្នយ៉ាងហោចណាស់ក៏មានកុំព្យូទ័រជាង ៤០០លាន
គ្រឿងដែលកំពុងតែប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការនេះផងដែរ ហើយក្នុងនោះ ៨០ភាគរយ
គឺលក់ទៅអោយផលិតផលកុំព្យូទ័រដែលទើបចេញមកថ្មីៗ ។

ប្រៀបធៀបជាមួយ Android៖

-ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធ Android មានចំនួន ២៣៤ លានគ្រឿងនិងឧបករណ៍
Tablet Android មានចំនួន ១៣លានគ្រឿង សរុបទាំងអស់មានចំនួន ២៤៧លានគ្រឿងនៃ
ផលិតផលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ។

ប្រៀបធៀបជាមួយ iOS៖

-ទូរស័ព្ទ iPhone មានចំនួន ១១២លានគ្រឿង និង iPad ចំនួន ៤០លានគ្រឿង សរុបមាន
ចំនួន ១៥២ លានគ្រឿងនៃឧបករណ៍ដំណើរការលើប្រព័ន្ធ iOS ។

Microsoft ក៏បានធ្វើការពន្យល់បង្ហាញផងដែរថា អ្នកប្រើប្រាស់ទូទៅមានភាពងាយស្រួល
បំផុតក្នុងការតំឡើងកម្មវិធីផ្សេងៗនៅលើ Interface Metro (tablet-style) របស់ Windows 8
ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់ខ្លួន ដែលផ្ទុយស្រឡះពី Windows ធម្មតាដែលត្រូវ
ចំណាយពេលច្រើនក្នុងការតំឡើងនោះ។ ដូចគ្នានេះផងដែរប្រហែលជា Microsoft នឹងធ្វើ
ការអភិវឌ្ឍន៍អោយកាន់តែមានភាពប្រសើរឡើងមួយកំរិតទៀតនូវបច្ចេកវិទ្យាថ្មីជួយអោយ
ការតំឡើងនូវកម្មវិធីផ្សេងៗកាន់តែមានភាពរហ័សជាងមុននៅលើ Interface desktop ទៀត
ផងដែរ៕

ប្រភព៖ Businessinsider
ដោយ៖ រដ្ឋា

Tags: electronictabletandroidmicrosoftsmartphonewindowstechnologywindows 8