យោងតាមប្រភពពត៌មានពីគេហទំព័រ BGR បានអោយដឹងថា HTC នឹងបញ្ចេញនូវវត្តមាន
ទូរស័ព្ទថ្មីចំនួនពីរទៀតនៅក្នុងឆ្នាំក្រោយនេះ។ សមិទ្ធិផលទូរស័ព្ទទាំងពីរនេះក្នុងនោះមាន
មួយប្រភេទមានប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich និងមួយប្រភេទទៀត
ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone និងដំណើរការលើ 4G LTE របស់ក្រុម
ហ៊ុន AT&T របស់អាមេរិច។ ឈ្មោះរបស់ទូរស័ព្ទ Android គឺ HTC Elite ចំណែកទូរស័ព្ទដែល
ដំណើរការលើ Windows Phone មានឈ្មោះថា HTC Congressional។ និងយោងតាមប្រភព
ពត៌មានដដែលអោយដឹងទៀតថា HTC Congressional នឹងក្លាយជាទូរស័ព្ទ Windows Phone
ដំបូងគេដែលប្រើប្រាស់ប្រព័ន្ធ LTE ។ ក្រៅពីនោះផលិតផលនេះក៏នឹងមានអេក្រង់ទំហំ ៤,៧
អ៊ីង(resolution មិនទាន់បានបញ្ជាក់) និងមានបំពាក់នូវប្រព័ន្ធសំលេងប្រភេទ Beats Audio ។
HTC Elite និង HTC Congressional អាចនឹងបង្ហាញវត្តមាននៅក្នុងកំឡុងខែមេសាឆ្នាំ ២០១២
ខាងមុខនេះ។ លទ្ធភាពច្រើនដែលសមិទ្ធិផលទាំងពីរនេះអាចនឹងត្រូវបានដាក់បង្ហាញវត្តមាន
នៅក្នុងពិធីតាំងពិព័រណ៌ CES ២០១២ ផងដែរ។
នៅក្នុងឆ្នាំ ២០១២ ខាងមុខ HTC អាចនឹងបញ្ចេញវត្តមានសមិទ្ធិផលរបស់ខ្លួនមានចំនួនតិច
ជាងឆ្នាំនេះ។ ត្រីមាសទី ១ អាចនឹងស្ងប់ស្ងាត់បំផុតសំរាប់បរិមាណផលិតផលដែលនឹងត្រូវ
ឧទេ្ទសនាមរបស់ក្រុមហ៊ុនមួយនេះ។ ចំពោះមូលហេតុគឺដោយសារតែ HTC ចង់ធ្វើការពង្រឹង
លើគុណភាពសមិទ្ធផលជាជាងការបង្ហាញតែបរិមាណដែលគ្មានគុណភាព។ កាលពីខែ
វិច្ឆិការកន្លងទៅក្រុមហ៊ុនបានធ្វើសេចក្តីរាយការណ៍ស្តីអំពីលទ្ធផលពាណិជ្ជកម្មរបស់ខ្លួនថា
បានថយចុះអស់ចំនួន ៣០ភាគរយនៃប្រាក់ចំណេច។ បើទោះបីជាក្រុមហ៊ុនមិនបានប្រាប់
ពីមូលហេតុនៃការធ្លាក់ចុះនេះ ប៉ុន្តែមានប្រភពពត៌មានជាច្រើនបានលើកឡើងថាដោយសារ
តែសមិទ្ធិផលជាច្រើនរបស់ក្រុមហ៊ុននេះមានលក្ខណៈស្រដៀងគ្នាពេក មិនអាចបង្កើតបាន
នូវភាពលេចធ្លោនៅលើទីផ្សារ។ HTC ក៏បាននិយាយថាក្រុមហ៊ុននឹងធ្វើការផ្តោតការយកចិត្ត
ទុកដាក់ធ្វើការអភិវឌ្ឍន៍អោយកាន់តែប្រសើរឡើងលើសមិទ្ធផលរបស់ខ្លួននៅក្នុងរយៈពេល
ខាងមុខនេះគឺផ្តោតលើគុណភាពមិនមែនបរិមាណទៀតនោះឡើយ៕
ប្រភព៖ BGR
ដោយ៖ រស្មី