CamNews

កុំព្យូទ័រ 

ចាប់ពីឆ្នាំ ២០១២, Facebook នឹងមានការផ្សាយ ពាណិជ្ជកម្មនៅក្នុង News Feed របស់អ្នកប្រើប្រាស់

បើយោងតាមប្រភពពត៌មានរបស់ Blog បច្ចេកវិទ្យា TechCrunch កាលពីពេលថ្មីៗនេះបាន
អោយដឹងថា ក្រុមអ្នកគ្រប់គ្រងគេហទំព័រកំសាន្តសង្គម Facebook បានធ្វើសេចក្តីសំរេចថា
នឹងដាក់បញ្ចូលនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មតូចមួយទៅក្នុងតារាង News Feed របស់អ្នក
ប្រើប្រាស់ទូទៅ ដែលចាប់ពីពេលនេះតទៅនៅពេលដែលចូលទៅកាន់ Facebook អ្នកប្រើ
ប្រាស់នឹងអាចឃើញនូវកំណត់ហេតុតូចមួយស្តីអំពីការផ្សព្វផ្សាយពាណិជ្ជកម្មនោះ។



News Feed គឺជាផ្នែកចំបងរបស់ Facebook ជាកន្លែងដែលអ្នកប្រើប្រាស់អាចមើលឃើញ
អំពីពត៌មានដែលមិត្តភក្តិរបស់គេធ្វើការ Update នូវខ្លឹមសារទាំងឡាយក៏ដូចជាការចែករំលែក
រូបភាព រឺវីដេអូ...ជាដើម។ ប្រភពដដែលនេះបានអោយដឹងបន្ថែមថា ជាការចាប់ផ្តើមដំបូង
របស់ Facebook គឺក្នុងមួយថ្ងៃនឹងធ្វើការបញ្ចូលនូវផ្ទាំងផ្សាយពាណិជ្ជកម្មមួយចូលទៅក្នុង
តារាង News Feed របស់អ្នកប្រើប្រាស់ លុះក្រោយមកចំនួននេះនឹងមានការកើនឡើង ប៉ុន្តែ
មិនមានប្រភពណាមួយអាចបញ្ជាក់ច្បាស់ថាលទ្ធភាពនេះនឹងអាចកើតឡើងរឺមួយយ៉ាងណា
នោះទេ។

Facebook ក៏បានផ្តល់ជំរើសសំរាប់អ្នកប្រើប្រាស់អាចធ្វើការលាក់នូវផ្ទាំងពាណិជ្ជកម្មនេះពី
តារាង News Feed របស់ខ្លួនបាន ប៉ុន្តែមិនអាចធ្វើការលប់បំបាត់ចោលបានទាំងស្រុងចេញពី
News Feed នោះឡើយ។ ចំពោះសេវាកម្មគេហទំព័រកំសាន្តដែលប្រើប្រាស់ដោយឥតគិតថ្លៃ
ដូចជា Facebook នេះ បញ្ហាការប្រើប្រាស់នូវផ្ទាំងផ្សាយពាណិជ្ជកម្មវាគឺជារឿងធម្មតា គ្រាន់
តែថាតើគេគ្រប់គ្រងវាដោយរបៀបណា និងរៀបចំបែបណាដើម្បីកាត់បន្ថយនូវការរំខានដល់
អ្នកប្រើប្រាស់ប៉ុណ្ណោះ។ ចំពោះ Facebook ក៏នៅមិនទាន់បានធ្វើការបញ្ជាក់ច្បាស់លាស់អំពី
ពេលវេលាដែលនឹងដាក់ផ្ទាំងពាណិជ្ជកម្មនេះទៅក្នុងតារាង News Feed របស់អ្នកប្រើប្រាស់
នៅឡើយ៕

ប្រភព៖ Facebook, TechCrunch
ដោយ៖ រស្មី

Tags: facebookelectronictechnologysocial networknews feed