CamNews

ថេបប្ល៊ែត 

ASUS ជួបបញ្ហាដោយសារឈ្មោះ Transformer Prime

ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ , ASUS កាលពីពេលថ្មីនេះត្រូវបានក្រុមហ៊ុនផលិតឧបករណ៍
លែ្បងលេងឈ្មោះ Hasbro របស់សហរដ្ឋអាមេរិក ប្តឹងពីព្រោះតែឈ្មោះហៅរបស់ផលិត
ផលអេឡិចត្រូនិចមួយដែលកំពុងទទួលបានការចាប់អារម្មណ៍បំផុត គឺឧបករណ៍ Tablet
Transformer Prime។ ដូចដែលមនុស្សភាគច្រើនបានដឹងមកហើយថា Prime គឺជាឈ្មោះ
របស់រថយន្តមួយក្នុងចំណោមឧបករណ៍ល្បែងលេងរបស់ក្មេងៗ និងជាឈ្មោះរបស់ខ្សែ
ភាពយន្តតុក្កតា( និងទើបតែបានប្តូរមកជាខ្សែភាពយន្តដែលសំដែងដោយមនុស្ស)គឺមាន
ចំណងជើងថា Tranformers ។ សមិទ្ធិផលរបស់ ASUS បើទោះបីជាមិនអាចប្រែកាយ
ក្លាយជា robot ក៏ពិតមែន ប៉ុន្តែក៏ត្រូវបានយកឈ្មោះតាមឈ្មោះខាងលើនេះដែរដោយសារ
បានភ្ជាប់មកជាមួយនូវ Keyboard ប្រភេទ QWERTY ដែលអាចដកចេញបាន។

Hasbro បានដាក់ពាក្យបណ្តឹងឡើងទៅតុលាការនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក
កាលពីសប្តាហ៍មុនដោយបានទាមទារអោយក្រុមហ៊ុន ASUS ធ្វើការសងជំងឺចិត្ត និងស្នើ
អោយតុលាការចេញសាលក្រមធ្វើការហាមឃាត់ជាបណ្តោះអាសន្នក្នុងការចែកចាយផលិត
ផលរបស់ ASUS នេះ។ នៅក្នុងសារអេឡិចត្រូនិចមួយដែល Hasbro ឆ្លើយជាមួយប្រភពពត៌
មាន៖
Hasbro នឹងធ្វើការការពារយ៉ាងសកម្មនិងខ្លាំងក្លាបំផុតចំពោះម៉ាកយីហោរនៃរាល់សមិទ្ធិផល
របស់ខ្លួន។ ចំណែកឯពាក្យបណ្តឹងដែលទើបតែដាក់ជូនតុលាការនៅថ្ងៃនេះគឺសំរាប់ ASUS
គឺជាឧទាហរណ៍មួយបង្ហាញពីភាពដ៏ម៉ឺងម៉ាត់របស់ Hasbro ចំពោះការធ្វើប្រតិកម្មជាមួយនឹង
ក្រុមហ៊ុនដែលបានប្រើប្រាស់ដោយខុសច្បាប់នូវកម្មសិទ្ធិបញ្ញារបស់យើងខ្ញុំដើម្បីទទួលបាន
ផលប្រយោជន៍ផ្ទាល់ខ្លួននោះ។

Transformer Prime គឺជាកំណែទី២ របស់ស្រឡាយឧបករណ៍ Tablet ដំណើរការលើប្រព័ន្ធ
Android ដែលទទួលបានជោគជ័យបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់។ ឧបករណ៍នេះ
ត្រូវបានបន្ថែមពាក្យ Prime ( កំណែដំបូងមានឈ្មោះថា Transformer) គឺប្រហែលមកពី
ASUS ចង់បង្ហាញអោយឃើញថាវាគឺជាសមិទ្ធិផលដែលកំពុងបាននាំមុខគេនៅក្នុងទីផ្សារ។
Transformer Prime មានប្រព័ន្ធដំណើរការខ្លាំង និងលេចធ្លោបំផុតនោះគឺប្រើប្រាស់ chip
Tegra 3 Quad Core ជាមួយ Card ក្រាហ្វិកគុណភាពខ្ពស់បំផុត។ បច្ចុប្បន្ន ASUS មិនទាន់
បានបញ្ចេញប្រតិកម្មអ្វីចំពោះពាក្យបណ្តឹងរបស់ Hasbro នៅឡើយទេ។

ចំពោះក្រុមអ្នកវិភាគវិញបានលើកឡើងថា Hasbro អាចនឹងត្រូវធ្វើការតាមដានស៊ើបអង្កេត
លើករណីពាក្យបណ្តឹងនេះនៅក្នុងរយៈពេលដ៏វែងបន្ថែមទៀត ពីព្រោះក្នុងទិដ្ឋភាពជាក់
ស្តែងគឺកម្រកើតមានករណីដែលអតិថិជនមានការភ័ន្តច្រឡំគ្នារវាងឧបករណ៍ល្បែងលេង
របស់កុមារ ជាមួយឧបករណ៍ Tablet ដែលមានឈ្មោះដូចគ្នានោះណាស់។ ច្បាប់ស្តីអំពី
កម្មសិទ្ធិផ្លាកយីហោរអាចអនុវត្តទៅបានតែចំពោះសមិទ្ធិផលកំណត់មួយចំនួនប៉ុណ្ណោះ។
ហេតុដូច្នេះបណ្តាក្រុមហ៊ុនដែលមានឈ្មោះដូចគ្នា ប៉ុន្តែដំណើរការក្នុងវិស័យពីរផ្សេងគា្ន
ដាច់ដោយឡែក (ឧទាហរណ៍ Delta Faucets និង Delta Airline) គឺអាចដំណើរការទៅបាន
ដូចគ្នា។ ប៉ុន្តែទន្ទឹមនឹងនោះ Hasbro អាចនឹងលើកឡើងនូវមូលហេតុដែលថាផ្លាកយីហោរ
Transformers កំពុងតែទទួលបានការពេញនិយមកាន់តែខ្លាំងឡើងៗ ដូច្នេះច្បាប់ការពារ
របស់វាក៏ត្រូវបើកអោយកាន់តែទូលំទូលាយផងដែរ៕

ប្រភព៖ paidContent
ដោយ៖ រដ្ឋា

Tags: electronictablettechnologyasuslegaltrademarkhasbrotransformer prime