ពេលថ្មីៗនេះ LG ទើបតែបានធ្វើការឧទ្ទេសនាមនូវវ៉ែនតា 3D អកម្មថ្មីមួយទៀតរបស់ខ្លួន
ដែលមានច្រើនពណ៌ច្រើនប្រភេទសំរាប់ជ្រើសរើស និងមានទំងន់ស្រាលជាងបណ្តាវ៉ែនតា
ជំនាន់មុនរបស់ក្រុមហ៊ុន។ វ៉ែនតាប្រភេទ F310 (រូបខាងស្តាំបង្អស់) មានទំងន់ ១៣,៥ក្រាម
ស្រាលជាងវ៉ែនតាជំនាន់មុន ២០% និងមានការរចនាកោងជាងមុនដែលសមល្មមនឹងទំរង់
មុខរបស់អ្នកប្រើប្រាស់។ វ៉ែនតាប្រភេទ F320 (រូបខាងឆ្វេងបង្អស់) មានទំងន់ ៥,៥ក្រាម
និងស្រាលជាង" បង" ជំនាន់មុនរបស់ខ្លួនចំនួន ២៥% និងជាវ៉ែនតាស្ថិតនៅក្នុងប្រភេទ
clip-on (អ្នកប្រើប្រាស់ដែលមីញ៉ូបអាចយកវ៉ែនតា F320 បំពាក់ពីលើវ៉ែនតាដែលខ្លួនកំពុង
ពាក់) ។ ចុងក្រោយគឺវ៉ែនតាប្រភេទ F360 (រូបកណ្តាល) ទំងន់ ១៦ក្រាមជាមួយនឹងកញ្ចក់
រាងកោងដែលអាចគ្របបានស្ទើរតែពេញមុខអ្នកប្រើប្រាស់ដើម្បីទស្សនារូបភាព 3D កាន់
តែបានច្បាស់បំផុត។ F360 នេះរចនាម៉ូដដោយក្រុមហ៊ុន Alain Mikli ដែលជាយីហោរវ៉ែនតា
ល្បីបំផុតមួយនៅលើពិភពលោកផងដែរ។
ក្នុងឱកាសនេះ LG ក៏បានធ្វើការប្រកាសជូនដំណឹងមួយផងដែរស្តីពីមុខងារថ្មីៗនឹងត្រូវបាន
បំពាក់នៅលើស្រឡាយ Smart TV Cinema 3D របស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១២ ខាងមុខនេះ
ទៀតផង។ ក្នុងនោះ LG នឹងបំពាក់បច្ចេកវិទ្យា Wireless Display (WiDi) ទៅក្នុងឧបករណ៍
ទូរទស្សន៍ថ្មីយោងទៅតាមកិច្ចព្រមព្រៀងគ្នាមួយរវាង LG និង Intel ។ មុខងារ Smart Share
Plus ថ្មីអាចអនុញ្ញាតអោយអ្នកប្រើប្រាស់ចូលទៅបើកប្រើប្រាស់នូវឯកសារផ្សេងៗ ដែល
ផ្ទុកនៅក្នុងម៉ាស៊ីនកុំព្យូទ័រ ឧបករណ៍ Tablet និង Smartphone តាមវិធីច្រើនបែប,ក្នុងនោះ
ក៏មានមុខងារមួយទៀតដែលអាចអោយធ្វើការផ្ទេរខ្លឹមសារពីអេក្រង់មួយទៅកាន់អេក្រង់មួយ
ផ្សេងទៀតបានផងដែរ។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថាក្រុមហ៊ុននឹងប្រើប្រាស់ Magic
Remote បញ្ជារពីចំង៉ាយកំណែថ្មីសំរាប់ឧបករណ៍ TV ដែលមានសមត្ថិភាពបញ្ចូលទិន្នន័យ
និងស្វែងរកតាមសំលេងនិយាយទៀតផង៕
ប្រភព៖ Engadget
ដោយ៖ រស្មី