CamNews

ព័ត៌មានអន្តរជាតិ 

សកម្មជន al-Qaeda ដើមកំណើត វៀតណាម ប្ដឹងអង់គ្លេស ពីបទដកហូតសញ្ជាតិ

ជនជាតិវៀតណាមម្នាក់ កាលពីម្សិលមិញ បានដាក់ពាក្យប្ដឹងប្រឆាំងនឹងរាជរដ្ឋាភិបាលអង់គ្លេស
ក្រោយពីជននេះ ត្រូវបានដកហូតសញ្ជាតិ ដោយសារជាប់ពាក់ព័ន្ធនឹងបណ្ដាញភេរវកម្មអន្តរ​ជាតិ
al-Qaeda ។

បុរសដើមកំណើតវៀតណាម ដែលត្រូវបានគេហៅថា B2 នេះ យល់ថា ការសម្រេចដកហូត
សញ្ជាតិរបស់គាត់ គឺជារឿងខុសច្បាប់អន្តរជាតិ ព្រោះថា ប្រការនេះ បណ្ដាលឱ្យគាត់ក្លាយជា
មនុស្សគ្មានសញ្ជាតិ។ អំពីផ្នែកច្បាប់ ការដកហូតសញ្ជាតិនៃពលរដ្ឋរបស់ប្រទេសណាមួយ គឺ
ជាបញ្ហាខុសច្បាប់។

ទំព័រ AFP ឱ្យដឹងថា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Theresa May បានសម្រេចចិត្ត
បញ្ចប់សិទ្ធិជាពលរដ្ឋរបស់ B2 កាលពីឆ្នាំ ២០១១ ក្រោយពីស្ថាបនសន្តិសុខអង់គ្លេសរកឃើញ
ថា ជននេះ ជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម។

ស្ថាបនសន្តិសុខអង់គ្លេសអះអាងថា B2 បានទទួលការហ្វឹកហាត់ពីក្រុមភេរវកម្ម al-Qaeda នៅ
ឧបទ្វីប Arap។ ក្នុងឆ្នាំ ២០១០ ជននេះ បានធ្វើដំណើរទៅកាន់មូលដ្ឋានរបស់ក្រុមភេរវកម្ម នៅ
Yemen ដែលគ្រប់គ្រងដោយអាចារ្យជនជាតិ Yemen ដើមកំណើតអាមេរិក  Anwar al-Awlaki ។

ក្រោយពីការតវ៉ាផ្នែកច្បាប់អស់រយៈពេល ៣ឆ្នាំ ចៅក្រមនៃតុលាការកំពូលនៅក្រុង London ក៏
បានសម្រេចថា នឹងបើកសវនាការជុំនុំជម្រះលើពាក្យបណ្ដឹងរបស់ B2 ដែលនឹងត្រូវចំណាយពេល
២ថ្ងៃ ហើយការសម្រេចរបស់តុលាការ ក៏នឹងត្រូវបានប្រកាសភ្លាមៗនោះផងដែរ។

 លោកស្រី Theresa May

B2 កើតនៅវៀតណាម និងបានទៅកាន់ហុងកុង មុនពេលមកធ្វើជាជនភៀសខ្លួននៅអង់គ្លេស រួម
ជាមួយពុកម្ដាយ កាលពីឆ្នាំ ១៩៨៩ ដែលពេលនោះ ជននេះ មានអាយុ ១២ឆ្នាំ។ ក្រោយពីស្នាក់
នៅអង់គ្លេសបាន ៦ឆ្នាំ B2 ក៏ទទួលបានសញ្ជាតិអង់គ្លេស។ អាយុ ២១ឆ្នាំ B2 ងាកមកកាន់សាសនា
អ៊ីស្លាម ហើយធ្វើដំណើរទៅកាន់ Yemen នាឆ្នាំ ២០១០ ដែលក្រោយមក ក៏ត្រូវគេចោទប្រកាន់ និង​កាត់ទោសពីបទជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្ម al-Qaeda ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC


Tags: Vietnames UK al-Qaeda B2