CamNews

បច្ចេកវិទ្យា 

នៅទូទាំងពិភពលោកមានមនុស្ស ២,១ពាន់លាននាក់ ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត

នៅក្នុងសេចក្តីរាយការណ៍ថ្មីមួយរបស់ Pingdom កាលពីពេលថ្មីៗនេះបានអោយដឹងថា
បរិមាណនៃអ្នកប្រើប្រាស់ប្រព័ន្ធ អ៊ីនធើណែត នៅទូទាំងពិភពលោកមានការកើនឡើង
យ៉ាងឆាប់រហ័សបំផុតគឺចាប់ពីចំនួន ៣៦០លាននាក់កាលពីចុងឆ្នាំ ២០០០ បានឡើងមក
ដល់ចំនួន ២,១ពាន់លាននាក់ហើយគិតមកដល់ឆ្នាំ ២០១១ កន្លងមកនេះ និងចំនួននេះ
ដណ្តើមប្រហែល ៣០% នៃចំនួនប្រជាជនសរុបនៅទូទាំងពិភពលោក។

បច្ចុប្បន្នទ្វីបអាស៊ីគឺជាទ្វីបដែលបាននាំមុខគេនៃចំនួនអ្នកប្រើប្រាស់ អ៊ីនធើណែត ដែលមាន
ចំនួនប្រហែល ៩២២ លាននាក់,ទ្វីបអឺរ៉ុបស្ថិតក្នុងលំដាប់ទីពីរមានចំនួនប្រហែល ៤៧៦លាន
នាក់ និងអាមេរិកខាងជើងស្ថិតក្នុងលំដាប់ទីបីជាមួយចំនួន ២៧១លាននាក់។ ដោយឡែក
ប្រសិនបើគេគិតទៅលើបណ្តាប្រទេសវិញ បង្ហាញអោយឃើញថាប្រទេសចិនគឺជាប្រទេស
ដែលឈរមុខគេជាមួយចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតមានចំនួនរហូតដល់ ៤៨៥លាននាក់
គឺមានចំនួន ៣៦% នៃចំនួនប្រជាជនសរុបនៅក្នុងប្រទេសនេះ។

ក្នុងនោះ Pingdom ក៏បានរកឃើញថាមានចំនួនប្រហែល ៣,១ពាន់លាន Email ត្រូវបានប្រើ
ប្រាស់នៅទូទាំងពិភពលោកផងដែរ ហើយ Microsoft Outlook គឺជាកម្មវិធី mail client ដែល
ត្រូវបានប្រើប្រាស់ច្រើនបំផុតនៅក្នុងសម័យបច្ចុប្បន្នជាមួយចំនួនប្រហែល ២៧% នៃចំនែក
នៅក្នុងទីផ្សារទាំងមូល ខណៈពេលដែល Hotmail គឺជាសេវាកម្ម email ដែលត្រូវបានប្រើ
ប្រាស់ច្រើនជាងគេដែលមានអ្នកប្រើប្រាស់រហូតដល់ចំនួន ៣៦០លាននាក់។ ឆ្នាំ ២០១១ ក៏
គឺជាឆ្នាំដែលត្រូវបានគេធ្វើកំណត់សំគាត់ថាការរីកចំរើននៃប្រព័ន្ធអ៊ីនធើណែតនេះមានអាយុ
កាលបាន ៤០ឆ្នាំផងដែរ។

បរិមាណនៃគេហទំព័រសរុបនៅទូទាំងពិភពលោកមានចំនួនរហូតដល់ ៥៥៥ លានគិតមក
ដល់ខែធ្នូ ឆ្នាំ ២០១១ គឺមានចំនួនស្មើជិតពីរដងធៀបជាមួយត្រីមាសដូចគ្នាក្នុងឆ្នាំ ២០១០
ដែលមានចំនួន ៣០០លាននៃចំនួនគេហទំព័រសរុបនោះ។ ហើយឈ្មោះ Domain ដែលត្រូវ
បានប្រើប្រាស់ច្រើនបំផុតគឺ .com ជាមួយតួលេខ ៩៥,៥លាន។

ស្របពេលជាមួយគ្នានោះដែរគេសង្កេតឃើញថាចំនួននៃអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញគេហ
ទំព័រកំសាន្តសង្គមនានានៅតែមានការកើនឡើងយ៉ាងខ្លាំង។ ជាក់ស្តែងរហូតមកដល់ចុងឆ្នាំ
២០១១ កន្លងមកនេះ គេហទំព័រ Facebook ទទួលបានចំនួននៃអ្នកចូលទៅប្រើប្រាស់មាន
ចំនួនរហូតដល់ ៨០០លាននាក់ ដែលចំនួន ២០០ លាននាក់ក្នុងនោះគឺបានចុះឈ្មោះកាល
ពីឆ្នាំ ២០១០ ។ ចំនួននៃអ្នកប្រើប្រាស់ Twitter បានកើនឡើងរហូតដល់ ២២៥លាននាក់បើ
ធៀបជាមួយ ១០០លាននាក់នៃអ្នកប្រើប្រាស់ជាអចិន្ត្រៃកាលពីឆ្នាំ ២០១០។ ហើយនៅចុង
ឆ្នាំ ២០១១ កន្លងមកនេះ Lady Gaga គឺជាតារាមួយរូបដែលមានគណនីនៅលើ Twitter ត្រូវ
បានអ្នកប្រើប្រាស់ផ្តោតការយកចិត្តទុកដាក់បំផុតជាមួយចំនួន ១៨,១លាននាក់ផងដែរ។ បើ
គិតជារួមមានចំនួនប្រហែល ២,៤ពាន់លានគណនីនៃគេហទំព័រកំសាន្តសង្គមកំពុងតែវាយ
លុកនៅក្នុងពិភពអ៊ីនធើណែតក្នុងឆ្នាំ ២០១១ កន្លងមកនេះ។

Pingdom ក៏បានអោយដឹងបន្ថែមថា រហូតមកដល់ចុងឆ្នាំ ២០១១ នេះចំនួននៃអ្នកប្រើប្រាស់
ទូរស័ព្ទនៅទូទាំងពិភពលោកមានការកើនឡើងរហូតដល់ ៥,៩ពាន់លាននាក់នៅក្នុងចំនោម
ប្រជាជនសរុបចំនួន ៧ពាន់លាននាក់នៅទូទាំងពិភពលោកយើងនេះ ហើយក្នុងនោះម្ចាស់
គណនី Broadband ដណ្តើមបានចំនួនប្រហែល ១,២ពាន់លាន។ មិនត្រឹមតែប៉ុណ្ណោះមាន
ចំនួនរហូតដល់ ៨៥% នៃឧបករណ៍អេឡិចត្រូនិចអាចកាន់នឹងដៃត្រូវបានបញ្ចេញទៅក្នុងទី
ផ្សារនៅក្នុងឆ្នាំ ២០១១ កន្លងទៅជាមួយនឹងការបំពាក់រួចជាស្រេចនូវកម្មវិធី Web Browser
ទៀតផង។

Pingdom បានអោយដឹងទៀតថា ប្រព័ន្ធអ៊ីនធើណែត នឹងនៅបន្តមានការរីកចំរើននៅក្នុងឆ្នាំ
២០១២ នេះ ហើយក៏នឹងមានការកើនឡើងនូវវិស័យផ្នែកវិជ្ជាជីវៈនិយមកាន់តែខ្លាំងផងដែរ
ធៀបជាមួយរយៈកាលកន្លងមក។ អ៊ីនធើណែត បានក្លាយជាផ្នែកយ៉ាងសំខាន់បំផុតមួយ
ស្ទើរតែគ្រប់វិស័យនៅក្នុងសម័យកាលបច្ចុប្បន្ននេះ៕

ប្រភព៖ CNET
ដោយ៖ រស្មី

Tags: facebookelectronictechnologysocial networkinternettwitterpingdom