CamNews

បច្ចេកវិទ្យា 

Apple បន្តធ្វើការប្តឹង Samsung នៅក្នុងប្រទេសអាល្លឺម៉ង់

ជំលោះប្តឹងផ្តល់គ្នានៅមុខតុលាការរវាង Apple និង Samsung បានផ្ទុះឡើងសារជាថ្មីម្តង
ទៀតហើយបន្ទាប់ពីមានការស្ងប់ស្ងាត់អស់មួយរយៈពេលរួចមក។ ដោយឡែកលើកនេះ
Apple បានដាក់ពាក្យបណ្តឹងថ្មីចំនួនពីរទៀតឡើងទៅកាន់តុលាការក្នុងប្រទេសអាល្លឺម៉ង់
ដោយបានធ្វើការចោទទៅលើទូរស័ព្ទ Smartphone ចំនួន ១០ប្រភេទនិងឧបករណ៍ Tablet
ចំនួន ៥ ប្រភេទរបស់ Samsung ថាបានល្មើសលើគំរូរចនាម៉ូដរបស់ខ្លួន ។



ពាក្យបណ្តឹងនោះត្រូវបានដាក់ជូនតុលាការនៅក្នុងទីក្រុង Dusseldord ដោយ Apple បាន
ស្នើសុំអោយតុលាការធ្វើការហាមឃាត់មិនអោយ Samsung ធ្វើការដាក់លក់នៅក្នុងទីផ្សារ
ប្រទេសអាល្លឺម៉ង់នូវផលិតផលទូរស័ព្ទ Smartphone របស់ខ្លួនចំនួន ១០ប្រភេទដែលជា
ទូរស័ព្ទលេចធ្លោរបំផុតនាពេលបច្ចុប្បន្ននេះរបស់ Samsung ក្នុងនោះមានដូចជា Galaxy
S II, Galaxy S Plus�ជាមួយនឹងគំរូឧបករណ៍ Tablet ចំនួន ៥ដែលរួមមានដូចជា Galaxy
Tab 10.1, Galaxy Tab 10.1(�)...ជាដើម។

បណ្តឹងថ្មីនេះក៏ដូចជាបណ្តឹងនាពេលកន្លងមកដែរ Apple បានធ្វើការចោទប្រកាន់ទៅលើ
Samsung ថាបានលួចចម្លងនូវគំរូរចនាម៉ូដពី iPad និង iPhone របស់ខ្លួនដោយចេតនា និង
យកគំរូទាំងនោះទៅរចនាម៉ូដអោយផលិតផល smartphone និង Tablet របស់ Samsung
ដែលធ្វើអោយអតិថិជនមានការភ័ន្តច្រឡំ។

Peter Schutz អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បានអោយដឹងថា៖ " Apple ជាថ្មីម្តងទៀត
បានធ្វើការកត់សំគាល់ឃើញថារាល់ផលិតផលរបស់ Samsung មើលទៅគឺមានលក្ខណៈ
ប្រហាក់ប្រហែលគ្នានឹងផលិតផលរបស់ខ្លួនខ្លាំងណាស់ ហេតុដូច្នេះក្រុមហ៊ុនត្រូវតែធ្វើពាក្យ
បណ្តឹងទៅកាន់តុលាការដើម្បីរារាំងទប់ស្កាត់រាល់ប្រការទាំងអស់នោះ"។

នេះមិនមែនជាលើកទីមួយនោះទេដែល Apple ដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន Samsung ទៅ
កាន់តុលាការក្នុងប្រទេសអាល្លឺម៉ង់។ កាលពីឆ្នាំកន្លងទៅ Apple ក៏ធ្លាប់បានដាក់ពាក្យបណ្តឹង
ឡើងទៅតុលាការក្នុងប្រទេសនេះផងដែរដោយបានចោទប្រកាន់ Samsung ថាបានល្មើស
លើគំរូរចនារបស់ខ្លួនដែលទាក់ទងនឹងឧបករណ៍ Tablet Galaxy Tab 10.1 របស់ Samsung។
តុលាការអាល្លឺម៉ង់ក៏បានចេញសាលក្រមមួយដោយធ្វើការហាមឃាត់មិនអោយ Samsung
ដាក់លក់ Tablet Galaxy Tab 10.1 នៅក្នុងប្រទេសនេះកាលពីខែតុលា ឆ្នាំកន្លងទៅ ជាហេតុ
ធ្វើអោយក្រុមហ៊ុន Samsung ត្រូវតែធ្វើការផ្លាស់ប្តូរនូវរូបរាងរចនាម៉ូដរបស់ Galaxy Tab 10.1
នេះនិងបានបញ្ចេញនូវគំរូឧបករណ៍ Tablet ថ្មីមួយទៀតមានឈ្មោះថា Galaxy Tab 10.1N
ដើម្បីបញ្ចៀសអោយផុតពីសាលក្រមរបស់តុលាការ។

ជាមួយនឹងការរចនាម៉ូដថ្មីមានការផ្លាស់ប្តូរបន្តិចបន្តួចរបស់ Samsung នេះតុលាការអាល្លឺម៉ង់
ក៏បានចេញសេចក្តីសំរេចថ្មីមួយកាលពីខែធ្នូ ឆ្នាំ ២០១១ ដោយបានធ្វើការអនុញ្ញាតអោយ
សមិទ្ធិផល Galaxy Tab 10.1N អាចធ្វើចរាចរនៅក្នុងប្រទេសនេះឡើងវិញ។ ហើយនៅពេល
នេះ Galaxy Tab 10.1N គឺជាកម្មវត្ថុដែលត្រូវបាន Apple លើកឡើងនៅក្នុងពាក្យបណ្តឹងរបស់
ខ្លួនដើម្បីធ្វើការស្នើដល់តុលាការចេញសាលក្រមហាមឃាត់ការដាក់លក់នូវប្រភេទនៃផលិត
ផលនេះ។

ដោយឡែកកាលពីកំឡុងខែធ្នូ ឆ្នាំ​ ២០១១ កន្លងទៅ Apple ក៏ធ្លាប់បានទទួលបរាជ័យម្តងរួច
មកហើយនៅក្នុងជំលោះប្តឹងផ្តល់គ្នាជាមួយ Samsung ក្នុងតុលាការប្រទេសអូស្រ្តាលី គឺនៅ
បន្ទាប់ពីតុលាការប្រទេសនេះធ្វើការច្រានចោលនូវពាក្យបណ្តឹងរបស់ Apple ដែលបានស្នើ
សុំអោយតុលាការធ្វើការហាមឃាត់ Samsung មិនអោយចេញលក់ផលិតផល smartphone
Galaxy S II របស់ខ្លួនក្នុងទីផ្សារប្រទេសនេះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung ក៏បានធ្វើការបញ្ជាក់ថាក្រុមហ៊ុនទទួលបានពត៌មានស្តី
អំពីពាក្យបណ្តឹងថ្មីចំនួនពីរពីខាងភាគី Apple នេះផងដែរ ប៉ុន្តែអ្នកនាំពាក្យរូបនោះបានធ្វើការ
បដិសេធមិនធ្វើការបញ្ចេញមតិអ្វីជុំវិញរឿងនេះឡើយ។

បណ្តាទំនាស់ក្តីប្តឹងផ្តល់គ្នាបានអូសបន្លាយអស់រយៈពេលដ៏យូរអង្វែងនៅតាមបណ្តាប្រទេស
ជាច្រើនក្នុងពិភពលោករវាងក្រុមហ៊ុន Apple និង Samsung បានធ្វើអោយគណៈកម្មការទ្វីប
អឺរ៉ុប (EC) ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។ ហើយបើយោងតាមប្រភពពត៌មានជា
ច្រើនបានអោយដឹងថា EC នឹងធ្វើយុទ្ធនាការសើបអង្កេតពិសេសរបស់ខ្លួនមួយទៅលើសិទ្ធិ
ផ្តាច់មុខរបស់ Apple និង Samsung នេះផងដែរ៕

ប្រភព៖ LATimes
ដោយ៖ រស្មី

Tags: electronicipadapplesamsungsmartphonetechnologygalaxy tab 10.1galaxy s iigalaxy s plusgalaxy tab 10.1n