CamNews

កុំព្យូទ័រ 

Apple នាំមុខ HP ក្លាយជាក្រុមហ៊ុនផលិតកុំព្យូទ័រ ធំបំផុតក្នុងពិភពលោក

Apple បាននាំមុខក្រុមហ៊ុន HP និងក្លាយជាក្រុមហ៊ុនផលិតកុំព្យូទ័រធំបំផុតក្នុងពិភព
លោកដោយពឹងផ្អែកលើបរិមាណនៃការលក់ផលិតផលឧបករណ៍ Tablet iPad មាន
ការកើនឡើងយ៉ាងខ្លាំងក្លានារយៈពេលថ្មីៗកន្លងមក នេះបើយោងតាមការស្ទង់មតិ
របស់ក្រុមហ៊ុនវិភាគទីផ្សារឈ្មោះថា Canalys ។


Canalys អោយដឹងថា ក្នុងត្រីមាសទី៤ ឆ្នាំ ២០១១ កន្លងមកនេះ Apple ទទួលបានជោគជ័យ
ជាប្រវត្តិសាស្រ្តថ្មីមួយទៀតដែលមិននឹកស្មានដល់ និងបានក្លាយជាក្រុមហ៊ុនផលិតកុំព្យូទ័រ
ធំបំផុតនៅក្នុងពិភពលោកជាមួយបរិមាណជាង ១៥លានគ្រឿងនៃឧបករណ៍ Tablet iPad
និង ៥លានគ្រឿងកុំព្យូទ័រ Mac ដែលបានលក់ចេញនៅក្នុងទីផ្សារ។ ជាមួយតួលេខគួរអោយ
មោទនភាពនោះ បច្ចុប្បន្ន Apple ដណ្តើមបានចំនួន ១៧% នៃចំនួនសរុប ១២០ លានគ្រឿង
ឧបករណ៍កុំព្យូទ័រ (PC) ដែលបានធ្វើចរាចរនៅលើទីផ្សារនៅទូទាំងពិភពលោកក្នុងរយៈពេល
៣ ខែចុងឆ្នាំ ២០១១ កន្លងមកនេះ និងខណៈពេលនោះដែរ HP បានធ្លាក់មកលេខរៀងទីពីរ
ជាមួយតួលេខនៃចំណែកនៅក្នុងទីផ្សារមានប្រហែល ១២,៧% ប៉ុណ្ណោះ។

Steve Brazier, CEO របស់ Canalys ធ្វើសេចក្តីអត្ថាធិប្បាយថា "យើងទាំងអស់គ្នាកំពុងតែធ្វើ
ដំណើរឆ្លងកាត់នូវដំណាក់កាលនៃការផ្លាស់ប្តូរដ៏ធំបំផុតរបស់ប្រវត្តិសាស្រ្តនៃវិស័យបច្ចេក
វិទ្យាកុំព្យូទ័រក្នុងរយៈពេល ២០ឆ្នាំកន្លងមក។ និងវាពិតជាមានការពិបាកបំផុតក្នុងការធ្វើការ
ព្យាករណ៍នូវកំរិតនៃការកើនឡើងរបស់ទីផ្សារកុំព្យូទ័រ (PC) ខណៈពេលដែលវិស័យឧបករណ៍
Tablet ជាពិសេសគឺ iPad កំពុងតែមានការរីកចំរើនយ៉ាងខ្លាំង ក្នុងល្បឿនមួយមិននឹកស្មាន
ដល់នោះ" ។ វិស័យឧបករណ៍ netbook ក៏ធ្លាប់បានធ្វើព្យុះធ្វើភ្លៀងនៅក្នុងទីផ្សារកុំព្យូទ័រនា
រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះផងដែរ ប៉ុន្តែបច្ចុប្បន្នប្រហែលជាត្រូវបាន iPad ធ្វើការទប់
ស្កាត់ទើបហាក់មានសភាពស្ងប់ស្ងាតទៅវិញ និងម្យ៉ាងវិញទៀត iPad នេះក៏ជាបញ្ហាដ៏សំខាន់
បំផុតដែល HP កំពុងតែខិតខំរិះរកនូវវិធីក្នុងការទប់ទល់ជាមួយនោះ។

តាម Canalys អោយដឹងបន្ថែមថាក្រៅពី Tablet ,ទីផ្សារកុំព្យូទ័រ PC នៅក្នុងត្រីមាសទី៤ នេះ
បានធ្លាក់ចុះចំនួន ០,៤% ។

នៅក្នុងចំណោម ៥ ក្រុមហ៊ុនផលិតកុំព្យូទ័រធំបំផុតក្នុងពិភពលោក មានតែក្រុមហ៊ុន Lenovo
មួយគត់ដែលនៅមានការកើនចំណែកនៅក្នុងទីផ្សាររបស់ខ្លួនជាមួយចំនួន ២% ខណៈពេល
ដែល Apple កើនបាន ៦% បើធៀបជាមួយត្រីមាសដូចគ្នាក្នុងឆ្នាំកន្លងទៅ។ ចំពោះ HP,Acer
និង Dell គឺសុទ្ធតែមានការធ្លាក់ចុះដូចៗគ្នា។

ដោយឡែក នៅក្នុងឆ្នាំ ២០១២ នេះឧបករណ៍ Ultrabook រឺជាកុំព្យូទ័រជំនាន់ថ្មីដែលមានកំរាស់
ស្តើងបំផុតនោះ ត្រូវបានគេធ្វើការព្យាករណ៍ថានឹង"ជំនួសតំណែង" របស់ឧបករណ៍ Tablet
បានជាក់ជាមិនខាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តីនឹងមានចំនួនតិចតួចប៉ុណ្ណោះនៃឧបករណ៍
Ultrabook ដែលត្រូវបានចេញលក់នៅពាក់កណ្តាលឆ្នាំនេះ។ ទីផ្សារ Ultrabook នឹងក្លាយជា
ព្រឹត្តិការណ៍កក្រើកបំផុតមួយទៀតនៅចុងឆ្នាំ ២០១២ នេះ ខណៈពេលដែលតំលៃរបស់វាក៏
ចាប់ផ្តើមធ្លាក់ចុះ និងពេលដែល Intel ដាក់បង្ហាញនូវប្រភេទ Chip ជំនាន់ថ្មីរបស់ខ្លួន។

ម្យ៉ាងវិញទៀត Canalys ក៏បានធ្វើការកត់សំគាល់ផងដែរទៅលើ " អ្នកជើងថ្មី" ដែលកំពុងតែ
បង្កអោយមានភាពភ្ញាក់ផ្អើលបំផុតនៅក្នុងទីផ្សារបច្ចុប្បន្នដែលក្នុងនោះគឺចង់ផ្តោតទៅលើ
Amazon តែម្តង៖ "ត្រឹមតែក្នុងរយៈពេល ៥ឆ្នាំខាងមុខ រឺក៏តិចជាងនេះ Amazon នឹងក្លាយខ្លួន
ជាក្រុមហ៊ុនដ៏រឹងមាំមួយជាង"បងធំ"មួយចំនួនក្នុង top ៥ ដែលកំពុងមានតំណែងជាក្រុមហ៊ុន
ផលិតកុំព្យូទ័រធំបំផុតសម័យបច្ចុប្បន្ននេះទៀតផង"។

គ្រប់យ៉ាងហាក់ដូចជាកំពុងតែដំណើរការមានលក្ខណៈកាន់តែប្រសើរឡើងសំរាប់ Amazon
ខណៈពេលដែលក្រុមហ៊ុននេះបានឈានជើងប្រឡូកក្នុងទីផ្សារ Tablet ។ ក្រុមហ៊ុនពាណិជ្ជ
កម្មអេឡិចត្រូនិចដ៏ធំបំផុតក្នុងពិភពលោកមួយនេះលក់បានចំនួន ៥លានគ្រឿងនៃឧបករណ៍
Tablet ឈ្មោះថា Kindle Fire របស់ខ្លួននៅក្នុងត្រីមាសទី ៤ កន្លងមក។ ហើយប្រសិនបើគិត
ទាំងឧបករណ៍ Tablet Fire បូករួមជាមួយនឹងសៀវភៅអេឡិចត្រូនិច Kindle នោះ Amazon គឺ
ជាគូរប្រកួតធំបំផុតថ្មីមួយទៀតរបស់ក្រុមហ៊ុន PC ពេលបច្ចុប្បន្ននេះ៕

ប្រភព៖​ CNET
ដោយ៖ រស្មី

Tags: electronictabletipadamazonapplekindle firetechnologyultrabookcanalyssteve brazier