ទំព័រពត៌មានជាភាសាចិន ឈ្មោះថា Commercial Times កាលពីពេលថ្មីៗនេះបានអោយដឹង
ថានៅក្រោយពេលដែលបានបង្ហាញវត្តមានទូរស័ព្ទ smartphone iPhone 4S កាលពីកំឡុង
រដូវស្លឹកឈើជ្រុះកាលពីឆ្នាំកន្លងទៅរួចមកនោះ ពេលនេះក្រុមហ៊ុន Apple កំពុងដាក់ចេញនូវ
គំរោងថ្មីក្នុងការបង្ហាញវត្តមានគំរូទូរស័ព្ទជំនាន់ថ្មីមួយទៀតរបស់ខ្លួនដែលត្រូវបានគេស្គាល់
ឈ្មោះថាជា iPhone 5 ។
តាមគំរោង iPhone 5 នឹងត្រូវបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា
WWDC (Worldwide Developer Conference) ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខែមិថុនា ខាង
មុខនេះ។
ពត៌មានលំអិតស្តីអំពីសមិទ្ធិផលថ្មីរបស់ Apple នេះមិនត្រូវបានទំព័រ Commercial Times លើក
ឡើងនោះឡើយ ក្រៅពីពត៌មានដែលបង្ហើបអោយដឹងថា iPhone 5 នឹងប្រើប្រាស់បច្ចេកវិទ្យា
Touch screen Glass-to-glass នោះ។
កន្លងមកក៏មានប្រភពពត៌មានជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ស្តីអំពីគំរូទូរស័ព្ទ iPhone ថ្មី
នេះផងដែរ ដោយបានធ្វើការបញ្ជាក់ថាសមិទ្ធិផលជំនាន់ថ្មីនេះត្រូវបានរចនាម៉ូដថ្មីស្រឡាង
ធៀបជាមួយ iPhone 4S និង iPhone 4 ដោយមានអេក្រង់ធំជាង ក៏ដូចជាសំបកខាងការពារ
ខាងក្រៅគឺត្រូវបានផលិតឡើងពីសារធាតុអាលុយមីញ៉ូមដូច iPad...ជាដើម។ ក្រៅពីនោះ
iPhone 5 នេះក៏នឹងត្រូវបានធ្វើការរចនាឡើងវិញទាំងស្រុងនូវផ្នែកប្រព័ន្ធ អង់តែន ផងដែរ៕
ប្រភព៖ Commercial Times
ដោយ៖ រស្មី