CamNews

ទូរស័ព្ទ 

Nokia កាត់បន្ថយបុគ្គលិកចំនួន ៤០០០នាក់និងផ្លាស់ ទីតាំងរោងចក្រផលិតមកកាន់ទ្វីបអាស៊ី

Nokia ពេលថ្មីៗនេះទើបតែបានធ្វើសេចក្តីប្រកាសមួយអោយដឹងថាក្រុមហ៊ុននឹងធ្វើការកាត់
បន្ថយនូវបុគ្គលិករបស់ខ្លួនចំនួន ៤០០០នាក់ នៅពេលដែលពួកគេធ្វើការផ្លាស់ទីតាំងរោង
ចក្រផលិតមកកាន់ទ្វីបអាស៊ី។

យោងតាមសេចក្តីប្រកាសនោះ ការកាត់បន្ថយចំនួនបុគ្គលិករបស់ខ្លួននឹងធ្វើឡើងនៅក្នុងឆ្នាំ
២០១២ នេះនៅតាមរោងចក្រមួយចំនួនដូចជា Komarom ក្នុងប្រទេសហុងហ្គារី , Reynosa
ក្នុងប្រទេសម៉ិចស៊ិចកូ និង Salo ក្នុងប្រទេសហ្វាំងឡង់។ ហើយក្រុមហ៊ុនទាំងនោះក៏នឹងនៅ
បន្តធ្វើការងារជាច្រើនផ្សេងៗទៀតផងដែរ។

លោក Niklas Savander អគ្គនាយករងផ្នែកប្រតិបត្តិ និងជាអគ្គនាយកខាងផ្នែកទីផ្សាររបស់
Nokia បានអោយដឹងថា៖ " ចំពោះការផ្លាស់ប្តូរទីតាំងរោងចក្រដំឡើងឧបករណ៍ទៅកាន់ទ្វីប
អាស៊ីនេះគឺក្នុងទិសដៅធ្វើអោយកាន់តែមានភាពប្រសើរឡើងលើពេលវេលារបស់ក្រុមហ៊ុន
គឺតាមរយៈកិច្ចសហប្រតិបត្តិការការងារអោយកាន់តែមានភាពជិតស្និទ្ធជាងមុនជាមួយបណ្តា
ក្រុមហ៊ុនផ្គត់ផ្គង់ទាំងឡាយ។ ក្នុងនោះក្រុមហ៊ុនសង្ឃឹមថានឹងអាចធ្វើការឧទ្ទេសនាមនូវសមិទ្ធិ
ផលថ្មីៗរបស់ខ្លួនចូលទៅក្នុងទីផ្សារបានលឿនជាង និងមានលក្ខណៈប្រកួតប្រជែងជាង" ។

បណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាស៊ីដូចជាប្រទេស ម៉ាឡេស៊ី ថៃ តៃវ៉ាន់ និងជាពិសេសនោះ
គឺប្រទេសចិន បានក្លាយជាទីតាំងផលិតដ៏សំខាន់ជាមួយកំរៃឈ្មួលពលកម្មមានកំរិតទាប
បំផុតហើយភាពស្ទាត់ជំនាញរបស់កម្មករទាំងអស់នោះក៏កាន់តែមានភាពរីកចំរើនពីមួយថ្ងៃ
ទៅមួយថ្ងៃ និងកាន់តែពិសេសបំផុតទៀតនោះគឺទីតាំងនៅជិតជាងបើធៀបជាមួយបណ្តាក្រុម
ហ៊ុនផ្គត់ផ្គង់សម្ភារៈទាំងឡាយរបស់ក្រុមហ៊ុន។

ការកាត់បន្ថយចំនួនបុគ្គលិករហូតដល់ ៤០០០ នាក់នៅក្នុងទ្វីបអឺរ៉ុបនេះ គឺមានចំនួនប្រហាក់
ប្រហែលនឹង ៨% នៃបរិមាណពលកម្មសរុបរបស់ក្រុមហ៊ុន។ ដូច្នេះបើគិតតាំងពីពេលដែល
Stephen Elop ទទួលតំណែងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនតាំងពីខែកញ្ញា ឆ្នាំ ២០១០
មក ចំនួនបុគ្គិលិកដែលត្រូវបានកាត់បន្ថយមានចំនួនឡើងរហូតដល់ ៣០០០០ នាក់ហើយ។
ប៉ុន្តែ Nokia នៅក្រោមការដឹកនាំរបស់អគ្គនាយកថ្មីលោក Stephen Elop នេះគេសង្កេតឃើញ
មានបំលាស់ប្តូរជាច្រើនគួរអោយកត់សំគាល់នៅក្នុងទិសដៅធ្វើការអភិវឌ្ឍន៍ខាងផ្នែកប្រព័ន្ធ
ប្រតិបត្តិការ Meego និង Symbian ក៏ដូចជា Windows Phone ជាដើម។

លទ្ធិផលពាណិជ្ជកម្មរបស់ Nokia នៅរយៈពេលថ្មីៗកន្លងមកនេះបានធ្វើការសង្កត់ធ្ងន់ទៅលើ
ករណីចាំបាច់ត្រូវតែធ្វើការកាត់បន្ថយនូវកំលាំងពលកម្ម។ នៅចុងខែកន្លងមក Nokia បានធ្វើ
សេចក្តីរាយការណ៍មួយពីស្ថានភាពពាណិជ្ជកម្មត្រីមាសទី៤ ក្នុងឆ្នាំ ២០១១ របស់ខ្លួនអោយ
ដឹងថាប្រាក់ចំណូលរបស់ក្រុមហ៊ុនមានការធ្លាក់ចុះចំនួន ៧៣% ។ រីឯបរិមាណលក់ចេញនូវ
ផលិតផលទូរស័ព្ទ smartphone នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១១ មានការធ្លាក់ចុះចំនួន ៣១%
បើធៀបជាមួយត្រីមាសដូចគ្នាកាលពីឆ្នាំ ២០១០ ។

ដោយឡែកចំពោះភាគីបុគ្គលិកដែលនឹងត្រូវបាត់បង់ការងារនៅក្រោយពេលដែល Nokia ធ្វើ
ការផ្លាស់ទីកន្លែងរោងចក្រទៅកាន់ទ្វីបអាស៊ីនោះ, Nokia អោយដឹងថាក្រុមហ៊ុននឹងផ្គត់ផ្គង់
ផ្នែកហិរញ្ញវត្ថុក៏ដូចជាជួយស្វែងរកការងារថ្មីនៅក្នុងតំបន់សំរាប់ពួកគេផងដែរ៕

ប្រភព៖ CNET, Reuters
ដោយ៖​ រស្មី

Tags: electronicceonokiasmartphonetechnologywindows phonesymbiankomaromreynosaniklas savander