CamNews

ថេបប្ល៊ែត 

iPad ត្រូវបានហាមដាក់លក់ក្នុងប្រទេសចិន

យោងតាមប្រភពពត៌មានថ្មីបំផុតពីប្រទេសចិនអោយដឹងថា អាជ្ញាធរប្រទេសចិនកំពុងតែ
អនុវត្តនូវយុទ្ធនាការហាមឃាត់មិនអោយដាក់លក់ក៏ដូចជាធ្វើការហាមប្រាមមិនអោយធ្វើ
ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល Tablet iPad របស់ Apple នៅក្នុងប្រទេសមួយនេះ
ដោយចោទប្រកាន់ថា Apple បានរំលោភលើកម្មសិទ្ធិផ្លាកយីហោរបស់ក្រុមហ៊ុនបច្ចេកវិទ្យា
Proview ។

យោងតាមប្រភពពត៌មានពី Hebei Youth Daily អោយដឹងថាអាជ្ញាធរមានសមត្ថកិច្ចនៅក្នុង
តំបន់បានធ្វើយុទ្ធនាការរឹមអូសយករាល់ផលិតផល iPad ទាំងអស់ដែលបានដាក់លក់នៅ
តាមហាងលក់រាយនានា ហើយមិនតែប៉ុណ្ណោះអាជ្ញាធរក៏បានបញ្ជារអោយបណ្តាហាងលក់
ផលិតផលដទៃទៀតធ្វើការដកចេញនូវផលិត iPad ពីធ្នើលក់របស់ខ្លួនទៀតផង។

បច្ចុប្បន្ននៅមិនទាន់មានប្រភពពត៌មានណាមួយស្តីពីផលិតផល iPad នៅតាមសាខាលក់
សំខាន់ៗរបស់ Apple ត្រូវបានអាជ្ញាធរបញ្ជារអោយដកចេញពីធ្នើរបស់ខ្លួនដូចហាងលក់
រាយនានា រឺមួយយ៉ាងណានោះនៅឡើយទេ។

ដោយឡែកខាងភាគី Apple វិញក៏មិនទាន់មានប្រភពពត៌មានណាមួយស្តីពីប្រតិកម្មឆ្លើយ
តបរបស់ក្រុមហ៊ុនទៅនឹងបញ្ជារហាមប្រាមរបស់អាជ្ញាធរចិននេះនៅឡើយដែរ ប៉ុន្តែដំណឹង
នេះកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកចំពោះបណ្តាសហគមន៍នៃអ្នកស្រលាញ់បច្ចេក
វិទ្យាទាំងឡាយនិងកំពុងតែរីករាលដាលយ៉ាងខ្លាំងក្លានៅលើគេហទំព័រសង្គមធំបំផុតរបស់
ចិនឈ្មោះថា Weibo ។

ក្រុមហ៊ុនបច្ចេកវិទ្យា Proview បានប្តឹងក្រុមហ៊ុន Apple ដោយធ្វើការចោទប្រកាន់ថាក្រុមហ៊ុន
នេះបានល្មើសលើផ្លាកយីហោជាកម្មសិទ្ធរបស់ខ្លួនមានឈ្មោះហៅថា" iPad" ហើយដែលត្រូវ
បាន Apple យកមកប្រើប្រាស់នៅលើផលិតផលរបស់ខ្លួនក្នុងឆ្នាំ ២០១០។ រហូតមកដល់ឆ្នាំ
២០១១, Apple ក៏ត្រូវបានតុលាការក្នុងប្រទេសចិតនកាត់អោយចាញ់ក្តីដោយចោទប្រកាន់ថា
ក្រុមហ៊ុននេះបានល្មើសលើកម្មសិទ្ធិផ្លាកយីហោ "iPad" នៅលើទឹកដីប្រទេសចិន។

អាជ្ញាធរមានសមត្ថកិច្ចក្នុងប្រទេសចិនបានធ្វើការហាមប្រាមមិនអោយ Apple ដាក់លក់ក៏ដូច
ជាធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលដែលមានឈ្មោះថា" iPad "​នៅក្នុងប្រទេសនេះ
នោះទេ។ ម្យ៉ាងវិញទៀត Apple ក៏នឹងត្រូវបង់ប្រាក់ជំងឺចិត្តមានចំនួនរហូតដល់ ២,៤ពាន់លាន
យាន់ដែលប្រហែលនឹង ៣៨០​ លានដុល្លាអាមេរិកទៅអោយក្រុមហ៊ុន Proview ក្នុងប្រទេស
ចិនទៀតផង៕

ប្រភព៖ Micgadget
ដោយ៖ រស្មី

Tags: electronictabletipadappletechnologypatentproview