CamNews

ថេបប្ល៊ែត 

iPad ប្រឈមនឹងបទបញ្ញតិហាមប្រាមមិនអោយ នាំចេញនិងនាំចូលនៅក្នុងប្រទេសចិន

ជំលោះក្តីនៅក្នុងតុលាការស្តីអំពីកម្មសិទ្ធផ្លាកយីហោ "iPad" របស់ Apple នៅក្នុងប្រទេសចិន
ហាក់ដូចជាកំពុងតែមានភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើងហើយពេលនេះ ខណៈពេលដែលក្រុម
ហ៊ុន Proview International Holdings របស់ចិនបានស្វែងរកគ្រប់វិធីសាស្រ្តដើម្បីធ្វើការហាម
ឃាត់មិនអោយ Apple ធ្វើការនាំចូលក៏ដូចជាការនាំចេញនូវផលិតផល iPad នៅក្នុងប្រទេស
នេះ។

គេហទំព័រ Bloomberg បានស្រង់ពត៌មានចេញពីក្រុមហ៊ុន Proview International Holdings
អោយដឹងថាក្រុមហ៊ុននេះកំពុងតែប្រមូលឯកសារទាំងឡាយដាក់ទៅកាន់ស្ថាប័នគយរបស់
ប្រទេសចិន ក្នុងទិសដៅស្វែងរកបទបញ្ញតិហាមឃាត់មិនអោយ Apple ធ្វើការនាំចូលក៏ដូច
ជានាំចេញនូវផលិតផលល្បីឈ្មោះបំផុតរបស់ខ្លួនឈ្មោះថា iPad នៅក្នុងប្រទេសចិន។

Proview គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលបច្ចុប្បន្ននេះកំពុងតែជាម្ចាស់កម្មសិទ្ធិនៃផ្លាក
យីហោ iPad នៅក្នុងប្រទេសចិន។ ហើយប្រសិនបើ Proview ទទួលបានជោគជ័យនៅក្នុង
កិច្ចការធ្វើការហាមឃាត់មិនអោយមានវត្តមានឧបករណ៍ iPad នៅក្នុងប្រទេសចិនមែននោះ
នោះវាគឺជាគ្រោះកាចធំបំផុតមួយទៀតចំពោះ Apple ហើយវានឹងជះឥទ្ធិពលយ៉ាងខ្លាំង
ដល់បរិមាណលក់ចេញនៃផលិតផល iPad ទៀតផង។ ជាពិសេសជាងនេះទៅទៀតនោះ
គឺប្រសិនបើបទបញ្ញតិហាមឃាត់ត្រូវបានយល់ព្រមជាផ្លូវការ នោះ Apple ក៏នឹងជួបនូវផល
វិបាកយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រព័ន្ធចែកចាយសមិទ្ធិផលទាំងឡាយរបស់ខ្លួនទៅកាន់ទីផ្សារ
ពិភពលោកផងដែរ ខណៈពេលដែល iPad និងបណ្តាសមិទ្ធិផលផ្សេងៗរបស់ Apple ដូចជា
iPhone, iPod Touch សុទ្ធសឹងតែផលិតនិងដំឡើងនៅក្នុងប្រទេសចិនទាំងអស់។

ជំលោះក្តីនៅក្នុងតុលាការរវាងក្រុមហ៊ុន Apple និង Proview បានកើតមានឡើងគឺចាប់តាំង
ពីពេលដែលសមិទ្ធិផល iPad ត្រូវបាន Apple ដាក់អោយធ្វើចរាចរនៅក្នុងទីផ្សារមកម្ល៉េះ។
ឆ្នាំ ២០១០ ក្រុមហ៊ុន Apple ចាប់ផ្តើមដាក់ពាក្យបណ្តឹងទៅកាន់តុលាការដោយធ្វើការចោទ
ប្រកាន់លើក្រុមហ៊ុន Provew ថាបានល្មើសលើឈ្មោះផ្លាកយីហោ iPad របស់ខ្លួន។ ប៉ុន្តែក្រុម
ហ៊ុន Proview ក៏បានធ្វើការតបតមកវិញដោយអមមកជាមួយនូវលិខិតស្នាមដែលបញ្ជាក់
អោយឃើញថាក្រុមហ៊ុននេះបានចុះឈ្មោះធ្វើជាម្ចាស់កម្មសិទ្ធិលើផ្លាកយីហោ iPad នៅតាម
បណ្តាប្រទេសជាច្រើនចាប់តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។ ហើយនៅពេលដែល Apple បានទិញ
បន្តនូវផ្លាកយីហោ iPad នេះពីក្រុមហ៊ុន IP Application Development ដែលមានទីស្នាក់ការ
ក្នុងប្រទេសអង់គ្លេសកាលពីឆ្នាំ ២០០៦ នោះ, ក្រុមហ៊ុន Proview អោយដឹងថាខ្លួននៅមិន
ទាន់មានម្តងណាដែលចាប់កាន់ប៊ិចដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រាងនោះនៅឡើយទេ
ប៉ុន្តែកិច្ចព្រមព្រាងនេះត្រូវបានប្រពឹ្រត្តឡើងដោយសារតែផ្នែកតូចមួយរបស់ក្រុមហ៊ុន
IP Application Development ជាអ្នកអនុម័តប៉ុណ្ណោះ។ ក្រៅពីនោះ Proview ក៏បានអោយដឹង
បន្ថែមដែរថាកិច្ចសន្យាព្រមព្រាងនោះមិនបានធ្វើការរំលឹកដល់ឈ្មោះ"iPad" របស់ Apple នឹង
ត្រូវបានបង្ហាញវត្តមាននៅក្នុងប្រទេសចិននោះឡើយ។

គួរបញ្ជាក់ដែរថាកាលពីដើមសប្តាហ៍កន្លងទៅនេះ អាជ្ញាធរមានសមត្ថកិច្ចក្នុងប្រទេសចិន
បានដាក់ចេញនូវបទបញ្ញតិធ្វើការរឹបអូសនូវរាល់ផលិតផល iPad ទាំងអស់នៅតាមបណ្តា
ហាងលក់ផលិតផលនានាក្នុងប្រទេសនេះផងដែរ។

ដោយឡែកអ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បានអោយដឹងថាៈ " Proview កំពុងតែបង្កភាព
ស្មុគស្មាញលំបាកដល់ក្រុមហ៊ុនយើងខ្ញុំនៅក្នុងប្រទេសចិន, ​ពួកគេបានធ្វើការច្រានចោលមិន
ទទួលស្គាល់នូវកម្មសិទ្ធិផ្លាកយីហោដែលក្រុមហ៊ុនយើងខ្ញុំបានទិញនោះឡើយ។ បណ្តឹងក្តី
នៅតែកើតមានឡើងជាបន្ត" ។

ដោយ៖ រស្មី
ប្រភព៖ CNet

Tags: electronictabletipadappletechnologypatentproviewproview international