មកដល់ព្រឹកនេះ (២០មេសា) ក្រុមអ្នកមុជទឹក បានរកឃើញ និងយកសាកសព ចំនួន ១៣នាក់
ចេញពីសាឡាង Sewol ហើយចំនួនអ្នកស្លាប់ បានកើនដល់ ៤៩នាក់ ខណៈដែលបេសកកម្មនៃ
ការស្រង់សាឡាងនេះ នឹងត្រូវចំណាយពេល ច្រើនខែ។
សាឡាង Sewol បានលិចទៅក្នុងទឹកទាំងស្រុង
ព័ត៌មានខាងលើ ត្រូវបានប្រកាសឱ្យដឹង បន្ទាប់ពីក្រុមអ្នកមុជទឹក បានចូលទៅដល់ផ្នែកខាងក្នុង
សាឡាង ក្រោយរយៈពេល ៣ថ្ងៃ ធ្វើមិនបានសម្រេច ដោយសារខ្សែទឹកហូរខ្លាំង និងមើលមិន
បានឆ្ងាយ។
កាលពីយប់មិញ ក្រុមអ្នកមុជទឹក បានវាយបំបែកបង្អួចមួយរបស់សាឡាង និងយកបានសាក
សព ចំនួន៣នាក់ នេះបើតាមការអះអាងរបស់ Kim Kwang-hyun មន្ដ្រីម្នាក់នៃកងកម្លាំងល្បាតនៅ
ឆ្នេរសមុទ្រ។ ទាំងនេះ គឺជាសាកសពមួយចំនួន ក្នុងចំណោមសាកសពដំបូងៗ ដែលត្រូវបានយក
ចេញពីសាឡាង Sewol ។
សាច់ញាតិជនរងគ្រោះម្នាក់ ចង់ចូលទៅក្នុងតំបន់កើតហេតុ
ក្រោយមក ក្នុងថ្ងៃទី ២០មេសានេះ ក្រុមអ្នកមុជទឹក ក៏បាននាំយកសាកសពចេញបន្ថែម ចំនួន
១៣នាក់ទៀត ធ្វើឱ្យចំនួនអ្នកស្លាប់ដែលត្រូវបានយកចេញ កើនឡើងដល់ ៤៩នាក់។ សមត្ថកិច្ច
កូរ៉េខាងត្បូង ឱ្យដឹងថា មកដល់ពេលនេះ នៅសល់មនុស្សចំនួន ២៥៣នាក់ផ្សេងទៀត កំពុងតែ
បាត់ខ្លួន ក្នុងនោះ ភាគច្រើនគឺជាសិស្សសាលា ដែលពួកគេកំពុងធ្វើដំណើរទៅលំហែកាយ។
ចំណែក ប្រធានក្រុមនាវិក លោក Lee Joon-seok អាយុ ៦៩ឆ្នាំ និងសមាជិកក្រុមនាវិកចំនួន ២
នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ លោក Lee Joon-seok កំពុងប្រឈមនឹងការចោទប្រកាន់ជា
ច្រើនករណី ក្នុងនោះ ក៏មានការចោទប្រកាន់ ទាក់ទិននឹងការធ្វេសប្រហែស និងរំលោភច្បាប់ចរា
ចរណ៍ជើងទឹក។
កាលពីថ្ងៃទី ១៩កន្លងទៅ ចំនួនទាហាន ដែលបានចូលរួមជួយសង្គ្រោះ ឡើងដល់ ៦៥២ នាក់
ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់ក្រុមស៊ីវិលជាច្រើនផងដែរ។
សាច់ញាតិរបស់ជនរងគ្រោះ
លោក Shin Won-Nam មេបញ្ជាការនៃអង្គភាពប្រតិកម្មបន្ទាន់ អះអាងថា បេសកកម្មជួយសង្គ្រោះ
នឹងអូសបន្លាយពេលច្រើនសប្ដាហ៍ ប្រសិនមិនចង់និយាយថា ច្រើនខែ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT