ការបិទនូវសេវាកម្មគេហទំព័រចែករំលែកឯកសារលើប្រព័ន្ធអ៊ីនធើណែតនាំមុខគេក្នុងពិភព
លោក បានកើតមានឡើងនៅក្រោយពេលដែលមានការប្តឹងចោទប្រកាន់ថាគេហទំព័រនោះ
បានប្រព្រឹត្តល្មើសរំលោភលើកម្មសិទ្ធិដោយធ្វើការចែករំលែករាល់ឯកសារដោយខុសច្បាប់
នៅលើប្រព័ន្ធអ៊ីនធើណែត។ តើប្រវត្តិរបស់ស្ថាបនិកគេហទំព័រ Megaupload អស្ចារ្យយ៉ាង
ណា? តាមដានជាមួយយើងខ្ញុំដូចតទៅ៖
លោក Kim Dotcom គឺជាម្ចាស់របស់សេវាកម្មចែករំលែកឯកសារលើប្រព័ន្ធអ៊ីនធើណែតដែល
មានឈ្មោះថា Megaupload.com ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២
គឺនៅចំថ្ងៃដែលលោកប្រារព្ធធ្វើពិធីខួបកំណើតរបស់ខ្លួនលើកទី ៣៨ នៅក្នុងវីឡាប្រណិតមួយ
មានទំហំផ្ទៃ ២៥.០០០ម៉ែត្រការ៉េនៅឯ Auckland ប្រទេស New Zealand។ ពេលដែលមាន
សមត្ថកិច្ចចំនួន ៧០នាក់បានសំរុកចូលទៅក្នុងវីឡាដើម្បីធ្វើយុទ្ធនាការចាប់ឃាត់ខ្លួន លោក
Kim Dotcom បានរត់គេចទៅពួននៅក្នុងបន្ទប់សំងាត់មួយដោយក្នុងដៃរបស់លោកមានកាន់
កាំភ្លើងមួយដើមដាក់គ្រាប់រួចជាស្រេច។
Kim Dotcom នៅក្បែររថយន្តប្រណិត និងឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន
ធំធាត់ឡើងនៅក្នុងប្រទេសអាល្លឺម៉ង់, Kim Dotcom មានឈ្មោះពិតប្រាកដថា Kim Schmitz,
មានឈាមជ័រជាអ្នកជំនួញតាំងពីនៅកុមារភាពមកម្ល៉េះ។ តាមប្រភពពត៌មានរបស់អាល្លឺម៉ង់
Die Welt បានពិពណ៌នាថា ខណៈពេលដែលនៅជាកុមារនៅឡើយ Kim Schmitz ចាប់ផ្តើម
ជំនួញរបស់ខ្លួនដោយការចំលងរាល់ល្បែងលេងអេឡិចត្រូនិចទាំងឡាយ រួចយកទៅលក់
អោយមិត្តភក្តិរបស់ខ្លួន។ សករាជ Internet ចាប់ផ្តើមផ្ទុះឡើង, Kim Schmitz ក៏បានប្រឡូក
ជាមួយនឹងបណ្តាសកម្មភាព hack ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ។
សកម្មភាពមួយចំនួនដែលល្បីឈ្មោះរហូតដល់សព្វថ្ងៃរបស់ Kim Schmitz ត្រូវបានគេស្គាល់
ច្បាស់គឺតាមរយៈការវាយលុក (Hack) ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ និងការវាយលុកចូលទៅ
ក្នុងគណនីរបស់ធានាគារធំៗមួយចំនួនក្នុងពិភពលោក, ការវាយលុកចូល NASA និងបណា្ត
ប្រព័ន្ធកុំព្យូទ័រនៅសេតវិមានដើម្បីទស្សនាដោយផ្ទាល់នូវរូបភាពពីផ្កាយរណបស្តីអំពីទីតាំង
របស់វិមានដ៏ស្កឹមស្កៃរបស់ Saddam Hussein នៅក្នុងប្រទេស Iraq កាលពីឆ្នាំ ១៩៩៤ ។
ពេលនោះលោក Schmitz ត្រូវបានចាប់ដាក់គុកអស់រយៈពេលបីខែនៅឯ Munich ប្រទេស
អាល្លឺម៉ង់សំរាប់សកម្មភាពទាំងអស់ខាងលើនេះ។
យោងតាមទស្សនាវដ្តី Der Spiegel របស់អាល្លឺម៉ង់អោយដឹងថាលោក Kim Schmitz ធ្លាប់បាន
អួតអាងថាខ្លួនវៃឆ្លាតជាង Bill Gates ទៅទៀត និងអាចក្លាយជាមនុស្សម្នាក់ដែលមានទ្រព្យ
សម្បត្តិច្រើនជាងគេក្នុងពិភពលោកទៀតផង។
ឆ្នាំ ១៩៩៨ លោក Kim Schmitz ត្រូវបានតុលាការកាត់ទោសអោយនៅក្រៅឃុំចំនួនពីរឆ្នាំ
ព្រោះតែសកម្មភាពធ្វើការវាយលុកចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រដើម្បីចូលលួចយកអាថ៌កំបាំង
ពាណិជ្ជកម្ម។ ក្រោយមកលោក Kim ក៏បានប្តូរទៅខាងផ្នែកវិស័យពិគ្រោះនិងការការពារ
សុវត្ថិភាពកុំព្យូទ័រ និងបើកមូលនិធិវិនិយោគ Kimvestor ។
នៅកំឡុងពេលនៃឱកាសមាសរបស់ខ្លួន Kim Schmitz ត្រូវបានគេស្គាល់ថាគឺជាអ្នកជំនួញ
កំពស់ ២ម៉ែត្រ ទំងន់ជាង ១៣០គីឡូក្រាម និងជានិច្ចកាលតែងតែបង្ហាញខ្លួននៅក្នុងរថយន្ត
ប្រណិតៗមានតំលៃថ្លៃបំផុតនិងជាពិសេសតែងតែ"ដៃក្នុងដៃ" ជាមួយស្រីស្អាតមកជាមួយ
ផងដែរ។ នៅក្នុងកម្មវិធីជប់លាងធំៗ ការបង្ហាញវត្តមានរថយន្តប្រណិតៗក៏ដូចជាឧទ្ធម្ភាចក្រ
របស់ខ្លួន បានចូលរួមចំណែកដ៏សំខាន់ក្នុងការជួយធ្វើអោយកេរ្តិ៍ឈ្មោះរបស់ Kim Schmitz
កាន់តែល្បីរន្ទឺខ្លាំងឡើង។
ឆ្នាំ ២០០២ លោក Kim Schmitz ត្រូវបានតុលាការវិនិច្ឆ័យកាត់ទោសពីព្រោះបានធ្វើអោយ
តំលៃភាគហ៊ុនពាណិជ្ជកម្មលើប្រព័ន្ធអ៊ីនធើណែតមានការកើនឡើងខ្ពស់ហួសប្រមាណ ដែល
ករណីនេះត្រូវបានចាត់ទុកថា" ជំនួញខ្មៅងងឹត" ធំបំផុតក្នុងប្រទេសអាល្លឺម៉ង់។
ព្រះរាជអាជ្ញាមួយចំនួនបានអោយដឹងថា Schmitz បានទិញភាគហ៊ុនពីក្រុមហ៊ុន Online មាន
ឈ្មោះថា Letsbuyit.com និងបានជំរុញអោយតំលៃភាគហ៊ុននោះមានតំលៃកើនឡើងយ៉ាង
ខ្ពស់តាមរយៈការប្រកាសពីរាល់គំរោងធ្វើវិនិយោគរាប់លានដុល្លាអាមេរិកដើម្បីសង្គ្រោះក្រុម
ហ៊ុនអោយចៀសផុតពីវិបត្តិក្ស័យធន។ ក្រោយមក Schmitz បានលក់ភាគហ៊ុនរបស់ខ្លួននិង
បានប្រាក់ចំណេញហើយក៏ភាសខ្លួនចូលទៅក្នុងប្រទេសថៃ។ នៅទីនេះ Schmitz ត្រូវបាន
ចាប់ខ្លួននឹងធ្វើការបណ្តេញចេញ។ តុលាការអាល្លឺម៉ង់បានកាត់ទោសលោកដាក់គុកនៅក្រៅ
ឃុំរយៈពេល ២០ខែនិងផាកពិន័យជាប្រាក់ចំនួន ១០០.០០០ អឺរ៉ូ ចំពោះបទល្មើសនោះ។
យោងតាមសេចក្តីរាយការរបស់ស្ថាប័នស៊ើបអង្កេតរបស់អាមេរិក (FBI) បានអោយដឹងថា នៅ
ក្នុងកំឡុងពេលឱកាសមាសរបស់ខ្លួនកាលពីកំឡុងឆ្នាំ ២០១០ ក្នុងមួយថ្ងៃ Kim Dotcom អាច
រកប្រាក់ចូលហោរប៉ៅបានរហូតដល់ ១១៥.០០០ដុល្លាអាមេរិក។
Kim Schmitz ស្ងប់ស្ងាត់បាត់វត្តមានអស់រយៈពេលជាច្រើនឆ្នាំគិតចាប់តាំងពីពេលដែលត្រូវ
បានតុលាការកាត់ទោសរហូតដល់ពេលដែលលោកប្តូរឈ្មោះត្រកូលទៅជា Kim Dotcom
វិញនៅក្រោយពេលដែលលោកប្តូរទីលំនៅទៅកាន់ប្រទេស New Zealand និងដើម្បីគេចវេះពី
Interpol អាស្រ័យលើពាក្យសន្យាថានឹងធ្វើវិនិយោគយ៉ាងតិចបំផុតចំនួន ៨លានដុល្លាអាមេរិក
ចូលទៅកាន់ប្រទេសនេះ។ ជាមួយបរិវេណគេហដា្ឋនទំហំ ២០ហិចតានិងមានបឹងបាញ់ទឹកដ៏
ធំ ទីវាលស្មៅធំទូលាយ ដងផ្លូវក្រាលដោយថ្ម បឹងសំរាប់ហែលទឹកកំសាន្ត និងការការពារ
សុវត្ថិភាពដ៏តឹងរ៉ឹងនៅឯ Auckland របស់ Kim Dotcom បានក្លាយជាវិមានដ៏ស្កឹមស្កៃមួយក្នុងចំ
ណោមវិមានស្កឹមស្កៃនឹងមានតំលៃថ្លៃបំផុតក្នុងប្រទេស New Zealand ។
មហាសេដ្ឋី Kim Dotcom បានចំណាយប្រាក់ចំនួន ៥០០.០០០ដុល្លាអាមេរិកសំរាប់ពិធីដុតកាំ
ជ្រួចនៅក្នុងថ្ងៃអបអរឆ្នាំថ្មីនៅឯ Auckland ដោយឡែកប្តីប្រពន្ធ Kim Dotcom ទស្សនានូវទិដ្ឋ
ភាពនោះពីលើឧទ្ធម្ភាចក្ររបស់ខ្លួន។
Megaupload ស្រុតចុះ,គុក New Zealand
សហស្ថាបនិកគេហទំព័រ Megaupload ពីររូបគឺ Kim Dotcom និង Mathias Ortmann រួមជាមួយ
បុគ្គលិករួមការងារពីររូបផ្សេងទៀតត្រូវបានចាប់ឃាត់ខ្លួននៅឯ Auckland កាលពីថ្ងៃទី ១៩ខែ
មករា នៅក្នុងយុទ្ធនាការធ្វើចំណាត់ការលើទោសរំលោភលើប័ណ្ណកម្មសិទ្ធិបញ្ញាធំបំផុតដែល
អនុវត្តដោយក្រសួងយុត្តិធម៌អាមេរិក ក្នុងទិសដៅសំដៅលើបណ្តាគេហទំព័ររក្សាទុកឯកសារ
ទិន្នន័យទាំងឡាយនិងការផ្គត់ផ្គង់ដោយខុសច្បាប់ល្មើសទៅនឹងច្បាប់កាន់កាប់កម្មសិទ្ធិបញ្ញា
របស់អាមេរិក។
សាលក្រមតុលាការជាង ២០ ត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួន ៩ និងទ្រព្យសម្បត្តិមាន
តំលៃជាង ៥០លានដុល្លាអាមេរិកត្រូវបានរឹមអូស។ នៅក្នុងចំណោមទ្រព្យសម្បតិ្តរបស់លោក
Kim Dotcom ដែលត្រូវបានរឹមអូសនោះ រួមមានរថយន្តប្រណិតៗចំនួន ១៨គ្រឿង ឧទ្ធម្ភាចក្រ
មួយគ្រឿង។ ការកាត់ក្តី Kim Dotcom នឹងប្រព្រឹត្តធ្វើឡើងនៅក្នុងតុលាការ New Zealand និង
ត្រូវប្រឈមមុខនឹងបត្យាប័នទៅកាន់អាមេរិកផងដែរ។
ចំណតរថយន្តជាមួយនឹងរថយន្តប្រណិតៗជាច្រើនតំរៀបជាជួរអមជាមួយនូវផ្លាកលេខគួរ
អោយចាប់អារម្មណ៍បំផុតដែលរួមមានដូចជាឈ្មោះ Mafia របស់ Kim Dotcom និងមានផ្លាក
លេខផ្សេងៗទៀតដូចជា "CEO", "Hacker", "Evil"...ត្រូវបានអនុញ្ញាតអោយ Kim Dotcom
ប្រើប្រាស់នៅក្នុងប្រទេស New Zealand ។
ទន្ទឹមនឹងគ្នានោះដែរ FBI បានបិទគេហទំព័រចែករំលែកឯកសារ Megaupload របស់លោក
Kim ដែលមានប្រព័ន្ធម៉ាស៊ីន Server នៅក្នុងទីក្រុងហុងកុង ពីព្រោះតែរងពាក្យចោទប្រកាន់
ថាបានបង្កអោយមានការខាតបង់ឡើងរហូតដល់ចំនួនកន្លះពាន់លានដុល្លាអាមេរិកខាង
ផ្នែកប័ណ្ណកម្មសិទ្ធិបញ្ញានៃវិស័យឧស្សាហកម្មកំសាន្ត។ យោងតាម FBI, Kim Dotcom អាច
រកប្រាក់បានចំនួនរហូតដល់ ១៧៥លានដុល្លាអាមេរិកត្រឹមតែរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ
ដោយការថតចំលងនិងចែកចាយដោយខុសច្បាប់ នូវរាល់ទិន្នន័យផ្សេងៗដូចជា ចំរៀងតន្រ្តី
វីដេអូ និងបណ្តាឯកសារផ្សេងៗទៀត។
Megaupload.com ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៥ ជាមួយសកម្មភាពពាណិជ្ជកម្មជា
ចំបងរួមមានការអនុញ្ញាតអោយអ្នកប្រើប្រាស់រក្សាទុកទិន្នន័យឯកសារ ចែករំលែករាល់ឯក
សារផ្សេងៗដូចជាចំរៀង និងវីដេអូជាលក្ខណៈឯកជនជាដើម។ មិនយូរប៉ុន្មាន Megaupload
ក៏បានក្លាយជាប្រភពចែករំលែករាល់ឯកសារគ្រប់ប្រភេទរួមមានទាំងឯកសារដែលមានកម្ម
សិទ្ធិផងដែរ។ Website នេះមានជាង ១៥០លានគណនីដែលបានចុះឈ្មោះប្រើប្រាស់ និង
មានប្រហែលជា ៥០លាននាក់ចូលប្រើប្រាស់ជារៀងរាល់ថ្ងៃ៕
ប្រភព៖ HL
ដោយ៖ រស្មី