ក្រោយពេលទទួលបានជោគជ័យនៅក្នុងកិច្ចការទិញបន្ត Ericsson រួចមក ក្រុមហ៊ុន Sony
បានអនុវត្តធ្វើការផ្លាស់ប្តូរផ្លាកសញ្ញាដោយស្ងៀមស្ងាត់ដោយការផ្លាស់ប្តូរឈ្មោះគេហទំព័រ
ពី Sony Ericsson ទៅជា Sony Mobile វិញ។ ហើយបើតាមការអោយដឹងពីអ្នកតំណាង
របស់ក្រុមហ៊ុន Sony បានអោយដឹងថាជំហ៊ានដំបូងចំពោះកិច្ចការផ្លាស់ប្តូរផ្លាកសញ្ញានេះ
ត្រូវបានធ្វើឡើងកាលពីយប់ម្សិលម៉ិញនេះ។ និងអាស្រ័យហេតុដូច្នេះ ចាប់តាំងពីពេលនេះ
តទៅអាស័យដ្ឋាន sonyericsson.com នឹងមិនមានវត្តមានទៀតនោះទេ ដោយជំនួសមក
វិញនូវទំព័រដើមរបស់ Sony Mobile ដែលមានអាស័យដ្ឋាន sonymobile.com។
គេហទំព័រថ្មីនេះមានការរចនាមានលក្ខណៈបែបសាមញ្ញបំផុតដែលប្រហាក់ប្រហែលគ្នានឹង
គេហទំព័ររបស់ Sony ដែរ និងនៅផ្នែកកណ្តាលនៃទំព័រគឺជារូបភាពទូរស័ព្ទ Xperia S ប្រភេទ
ថ្មីរបស់ Sony ដែលត្រៀមធ្វើចរាចរនៅក្នុងទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែក
ក៏នៅមានកម្មសិទ្ធិមួយចំនួននៅមានឈ្មោះជា Sony Ericsson ផងដែរ តួយ៉ាងដូចជាគណនី
YouTube ជាដើម...។ ប៉ុន្តែ Sony ប្រហែលជានឹងធ្វើការកែសម្រួលរាល់បណ្តាពត៌មានទាំង
នោះនៅក្នុងខែមីនាខាងមុខនេះ៕
ប្រភព៖ SonyMobile
ដោយ៖ រស្មី