CamNews

បច្ចេកវិទ្យា 

Hacker "មួកស" ទាំងប្រាំរូបមានឈ្មោះល្បីបំផុត

អ្នក Hacker ដែលបានប្រើប្រាស់ទេពកោសល្យរបស់ខ្លួននៅក្នុងគោលបំណងល្អគេអោយ
ឈ្មោះថា " Hacker មួកស"។ មិនតែប៉ុណ្ណោះពួកគេថែមទាំងត្រូវបានបណ្តាក្រុមហ៊ុនបច្ចេក
វិទ្យាជាច្រើនជួលអោយទៅធ្វើការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំរាប់បណ្តាក្រុមហ៊ុនទាំង
នោះទៀតផង។ ចំពោះការងារជាអ្នក Hacker នេះទៀតសោត មាន Hacker មួយចំនួនចូល
ចិត្តធ្វើការងារមានលក្ខណៈឯករាជ្យ, ចូលចិត្តធ្វើការច្នៃប្រឌិតបង្កើតនូវបច្ចេកវិទ្យាអស្ចារ្យ
ផ្សេងៗ , រឺការនាំមកនូវផ្នត់គំនិតអស្ចារ្យផ្សេងៗដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យជាដើម...។
អត្ថបទខាងក្រោមនេះនឹងធ្វើការឧទ្ទេសនាមបង្ហាញវត្តមាន Hacker ទាំង ៥រូបដែលមាន
កេរ្តិ៍ឈ្មោះល្បីបំផុត និងការចូលរួមចំណែកដ៏ធំធេងរបស់ពួកគេនៅក្នុងសង្គម៖

១. Stephen Wozniak

Stephen Wozniak សហស្ថាបនិកបង្កើតក្រុមហ៊ុន Apple,លោកធ្លាប់ទទួលបានពានរង្វាន់មេ
ដាយថ្នាក់អន្តរជាតិស្តីអំពីវិស័យបច្ចេកវិទ្យា គាត់ទទួលសញ្ញបត្រកិត្តិយសថ្នាក់បណ្ឌិតនៅ
សាលកវិទ្យាល័យ Kettering University និង Nova Southeastern University...។ Wozniak
បានចាប់ផ្តើមការងារជាអ្នក hacker ដំបូងបង្អស់តាមរយៈការបង្កើតប្រអប់ពណ៌ខៀវជួយ
ក្នុងការហៅទូរស័ព្ទផ្លូវឆ្ងាយបានដោយឥតគិតថ្លៃដោយសហការគ្នាជាមួយលោក Steve
Jobs និងលក់បន្តទៅអោយមិត្តភក្តិ។ លោកទាំងពីរថែមទាំងបានធ្វើការហៅទូរស័ព្ទទៅកាន់
សម្តេចសង្ឃ Henry Kissinger ដែលជាអតីតមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកធ្លាប់
ទទួលបានពានរង្វាន់សន្តិភាពទៀតផង។

មិនយូរប៉ុន្មានលោក Wozniak ក៏បានបោះបង់ការសិក្សារបស់ខ្លួនចោលដោយងាកមកតោង
ក្តីស្រម៉ៃរបស់គាត់ដែលស្រលាញ់ខាងកុំព្យូទ័រ និងបានមកនៅក្បែរលោក Steve Jobs។ ពួក
គាត់ទាំងពីរក៏បានបង្កើត Apple ឡើង, ​ហើយសញ្ញាវិជ្ជមានដំបូងគឺពួកគាត់អាចលក់បាន
ផលិតផលកុំព្យូទ័រ Apple I បានចំនួន ១០០គ្រឿងជាមួយតំលៃ ៦៦៦,៦៦ដុល្លាអាមេរិក។
នៅពេលចាកចេញពី Apple, Wozniak ជានិច្ចកាលតែងតែបានទៅចូលរួមជាមួយសកម្មភាព
សប្បុរសធម៌ជាច្រើនក្នុងនោះរួមមានដូចជាការជួយដល់កុមារកំព្រាអោយចេះប្រើប្រាស់នូវ
ប្រព័ន្ធបច្ចេកវិទ្យាជាដើម...។

២. Tim Berners-Lee

Tim Berners-Lee គឺជាអ្នកដែលបានរកឃើញនូវប្រព័ន្ធ Word Wide Web ដែលជាប្រព័ន្ធ
ប្រើប្រាស់សំរាប់ចូលទៅកាន់ពិភពអ៊ីនធើណែតនេះឯង។ អាស្រ័យដូច្នេះហើយទើបលោក
ទទួលបានពានរង្វាន់កិត្តិយសជាច្រើន ហើយក្នុងចំណោមពានរង្វាន់ទាំងនោះមានពានរង្វាន់
មួយដែលគួរចាប់អារម្មណ៍បំផុតគឺពានរង្វាន់បច្ចេកវិទ្យាសហសវត្សរ៍។

កំឡុងពេលដែលកំពុងតែបន្តការសិក្សានៅសាកលវិទ្យាល័យ Oxford,លោក Tim មានឈ្មោះ
ល្បីនៅក្នុងរឿងដែលថាគាត់ត្រូវបានគេធ្វើការហាមប្រាមមិនអោយប្រើប្រាស់កុំព្យូទ័រនៅក្នុង
សាលារៀននោះឡើយដោយខ្លាចគាត់ជាអ្នក hacker ។ លុះក្រោយមកគាត់ក៏បានបង្កើតនូវ
កុំព្យូទ័រផ្ទាល់ខ្លួនមួយជាមួយនឹង Chip ប្រភេទ M6800 និងកាមេរ៉ាសេរីចាស់។ ឪពុកម្តាយ
របស់លោក Tim ជាអ្នកគណិតសាស្រ្តពីររូបក៏គឺជាអ្នកដែលបានប្រើប្រាស់ Manchester
Mark1 �ដែលជាប្រភេទកុំព្យូទ័រអេឡិចត្រូនិចមួយក្នុងចំណោមកុំព្យូទ័រអេឡិចត្រូនិចដំបូងគេ
ក្នុងពិភពលោក។

នៅក្នុងកំឡុងពេលធ្វើការនៅឯ CERN គំនិតធ្វើការតភ្ជាប់ hypertext ដែលជួយក្នុងការធ្វើការ
ចែករំលែកឯកសារជាមួយប្រព័ន្ធអ៊ីនធើណែតបានបង្កើតឡើងនូវ World Wide Web សព្វថ្ងៃ
នេះ។ ក្រោយមកលោកក៏បានបង្កើត World Wide Web Consortium នៅឯ MIT ដែលជាស្ថា
ប័នអន្តរជាតិមួយដែលមានគណៈកម្មការចំរុះ បុគ្គលិកផ្លូវការ និងសាធារណៈ ធ្វើការសហ
ការជាមួយគ្នាដើម្បីធ្វើការអភិវឌ្ឍន៍បង្កើតឡើងនូវវែបសាយមានលក្ខណៈជាស្តង់ដា។

៣. Linus Torvalds

ជាការពិតលោក Linus Torvalds គឺជាអ្នកបង្កើតឡើងប្រព័ន្ធប្រតិបត្តិការ Linux ដោយផ្អែក
លើមូលដា្ឋនគ្រឹះ Unix ។ លោកបានចាត់ទុកខ្លួនឯងគឺជាវិស្វករម្នាក់ដែលមានមហិច្ឆិតាដ៏
សាមញ្ញបំផុត៖" ខ្ញុំគ្រាន់តែចង់បង្កើតឡើងនូវមូលដ្ឋានគ្រឹះប្រព័ន្ធប្រតិបត្តិការដ៏អស្ចារ្យមួយ
ដែលខ្លួនអាចធ្វើបានប៉ុណ្ណោះ" ។

Linus បានចាប់ផ្តើមការងាររបស់ខ្លួនជាមួយកុំព្យូទ័រឯកជន 8-bit Commodore VIC-20 បន្ទាប់
មកជាមួយ Sinclair QL ។ តាមគេហទំព័រ Wikipedia, Linus ធ្វើអន្តរាគមន៍យ៉ាងស្និទ្ធិនិងស៊ី
ជំរៅជាមួយ Sinclair តាមរយៈការបើកចំហរអោយកាន់តែមានលក្ខណៈទូលំទូលាយបន្ថែម
ទៀតលើ utility និងប្រព័ន្ធប្រតិបត្តិការ។ លោក Linus បាន Hack កម្មវិធី text editor មួយ
ចំនួន, assembler និង game ផ្សេងៗជាច្រើនទៀត។

Linus Torvalds បានបង្កើតឡើងនូវប្រព័ន្ធប្រតិបត្តិការ Linux កាលពីឆ្នាំ ១៩៩១ និងបានធ្វើ
ការឧទ្ទេសនាមយ៉ាងទូលំទូលាយទៅដល់អ្នកប្រើប្រាស់ទូទៅ។ Linux បច្ចុប្បន្នមានត្រឹមតែ
២% ប៉ុណ្ណោះដែលសរសេរឡើងដោយលោក Linus ហើយប្រព័ន្ធនេះក៏បានក្លាយជា
platform open source ដែលលេចធ្លោបំផុតផងដែរ។

៤. Richard Stallman

Richard Stallman ត្រូវបានគេចាត់ទុកលោកដូចជា"បិតា" របស់ Software ឥតគិតថ្លៃជាមួយ
គំរោង GNU ធ្វើការផ្គត់ផ្គង់នូវប្រព័ន្ធប្រតិបត្តិការមួយដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាច
ធ្វើការផ្លាស់ប្តូរបានដោយសេរីនិងការប្រើប្រាស់កុំព្យូទ័រសេរីផងដែរ។ ការងារជាអ្នក hacker
របស់ Richard បានចាប់ផ្តើមឡើងកាលពីកំឡុងពេលដែលលោកធ្វើការនៅឯ MIT ក្នុងតួនា
ទីជា" បុគ្គលិក hacker " ជាមួយគំរោង Emacs និងកម្មវិធីផ្សេងៗជាច្រើនទៀត។

ដោយឡែកក្នុងកំឡុងពេលដែលលោកធ្វើការនៅឯ MIT នោះ លោក Richard តែងតែស្អប់
ការចូលទៅកាន់ប្រព័ន្ធមានការកំណត់ណាស់នៅឯមជ្ឈមណ្ឌល MIT នោះ។ ហើយពេល
ដែលប្រព័ន្ធត្រូវបានចាក់សោរ លោកនឹងធ្វើការបំផ្លាញចោលនូវ password ទាំងនោះភា្លម
និងជំនួសមកវិញនូវតួលេខដែលឥតមានដែនកំណត់ រួចក៏ផ្តល់ពត៌មាននេះទៅអោយមិត្ត
ភក្តិផ្សេងទៀតដើម្បីងាយស្រួលប្រើប្រាស់។ លោកធ្លាប់ hack ម៉ាស៊ីន Print ប៉ុន្តែការងារនេះ
មិនយូរប៉ុណ្ណោះក៏លែងមានប្រសិទ្ធិភាពដោយសារតែ model ម៉ាស៊ីន Print ថ្មីត្រូវបានដាក់
ជំនួសនិងវាគឺជាមូលហេតុមួយក្នុងការរារាំងរាល់កិច្ចការរបស់លោក។ អាស្រ័យដោយមូល
ហេតុនេះហើយទើបផ្នត់គំនិតធ្វើការផ្តល់ជូននូវកម្មវិធី Software ឥតគិតថ្លៃបានផ្ទុះឡើង
នៅក្នុងគំនិតរបស់លោក Richard ។

ចាប់តាំងពីពេលនោះមក ឆាកជីវិតរស់នៅរបស់លោកពោរពេញដោយផ្នត់គំនិតធ្វើការជំរុញ
លើកទឹកចិត្តនិងការបង្កើតឡើងនូវកម្មវិធីឥតគិតថ្លៃផ្សេងៗគ្មានដែនកំណត់។ Richard បាន
ចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការធ្វើការទប់ស្កាត់ចំពោះការគ្រប់គ្រងធនធាន Digital
តាមរយៈការចូលរួមជាមួយស្ថាប័នអន្តរជាតិនានា...។ ចំពោះការចូលរួមចំណែកដ៏ធំធេងនេះ
លោក Richard កាន់តែមានកេរ្តិ៍ឈ្មោះល្បីរន្ទឺឡើងនិងទទួលបានពាន់រង្វាន់កិត្តិយសជាច្រើន
និងថែមទាំងទទួលសញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិតទៀតផង។

៥. Tsutomu Shimomura
លោក Shimomura គឺជា hacker ដ៏ពិសេសម្នាក់ពីព្រោះតែល្បីឈ្មោះមានលក្ខណៈបែបចៃ
ដន្យពេក។ សាច់រឿងរបស់លោកបានដំណាលថា Shimomura ត្រូវបានរងការវាយលុក
ដោយសារតែ Hacker ម្នាក់ឈ្មោះថា Kevin Mitnick ។ ដោយខឹងខ្លាំងពេកលោកក៏បាន
សហការគ្នាជាមួយFBI ដើម្បីចាប់ខ្លួន Hacker រូបនោះ។

ក្នុងទិដ្ឋភាពជាក់ស្តែងទង្វើរបស់លោក Shimomura ប្រៀបបាននឹង hacker ដ៏ស្ទាត់ជំនាញ
ម្នាក់យ៉ាងដូច្នោះ គឺនៅពេលដែលលោកបានវាយលុកចូលទៅក្នុងប្រព័ន្ធទូរស័ព្ទ ដោយមាន
ការសហការគ្នាជាមួយបុគ្គលិកធ្វើការនៅប្រៃណីយ៍ម្នាក់ក្នុងទិសដៅស្វែងរកហ្វេ្រកង់ និង
កំណត់ទីតាំងរបស់ Kevin ។ ហើយកិច្ចការទាំងនោះត្រូវបានអនុវត្តន៍ឡើងនៅលើ laptop មួយគ្រឿងនិងឧបករណ៍អង់តែនកំណត់ទិសដៅពិសេសមួយ។

ក្រោយពេលករណីនេះត្រូវបានបញ្ចប់, Shimomura បានសហការគ្នាជាមួយអ្នកយកពត៌មាន
ម្នាក់ឈ្មោះ John Markoff ដើម្បីនិពន្ធជាសៀវភៅឡើង។ លុះក្រោយមកក៏បានយកសាច់រឿង
ទាំងនោះទៅនិពន្ធជាខ្សែវីដេអូផងដែរ។ មិនតែប៉ុណ្ណោះខ្សែវីដេអូនេះក៏បានក្លាយជាខ្សែវីដេអូ
ដែលទាក់ទាញអ្នកទស្សនាមានចំនួនច្រើនបំផុតទៀតផង៕

ប្រភព៖ MASK
ដោយ៖ រស្មី

Tags: electronictechnologyhackerwhite hat hackerstephen wozniaktim berners-leelinus torvaldsrichard stallmantsutomu shimomura