ប្រទេសជប៉ុនគឺជាប្រទេសដែលល្បីល្បាញថា ប្រជាជនជាមានចរិតរឹងប៉ឹង ឧស្សាព្យាយាម មាន
ភាពឆ្លាតវៃ និងមានវិន័យល្អ។ ប៉ុន្ដែទន្ទឹមនឹងនោះ ប្រទេសជប៉ុនក៏ត្រូវបានគេមើលឃើញថា ជា
កន្លែងដែលមានសម្ពាធជីវភាពខ្ពស់ជាងគេក្នុងពិភពលោកផងដែរ ហើយនេះគឺជាមូលហេតុ
ដែលធ្វើអោយប្រជាជនរហូតដល់ ១/៤ ធ្លាប់មានបំណងធ្វើអត្តឃាត។
លទ្ធផលនៃការស្ទង់មតិមួយដែលត្រូវបានធ្វើឡើងកាលពីខែមករា ឆ្នាំ ២០១២ ទៅលើមនុស្ស
ចំនួន ៣.០០០នាក់ ដែលមានអាយុចាប់ពី ២០ឆ្នាំឡើងទៅបានបង្ហាញថា ក្នុងចំណោមមនុស្ស
២.០១៧នាក់ដែលបានឆ្លើយ គឺមាន ២៣,៤% ឆ្លើយថា ធ្លាប់គិតដល់រឿងធ្វើអត្តឃាត គឺកើតឡើង
៤,៣% ធៀបនឹងការស្ទង់មតិដំបូងដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០០៨។
ក្នុងចំណោមអ្នកដែលធ្លាប់មានបំណងធ្វើអត្តឃាតគឺមានស្រ្ដី ២៧,១% ចំណែកបុរសគឺ ១៩,១%។
មនុស្សដែលមានវ័យប្រហាក់ប្រហែល ២០ឆ្នាំ តែងធ្លាប់មានគំនិតសម្លាប់ខ្លួនច្រើនជាងមនុស្ស
ស្ថិតក្នុងវ័យផ្សេងៗ។ ជាក់ស្ដែង ២៨,៤% ក្នុងចំណោមមនុស្សដែលស្ថិតក្នុងវ័យនេះធ្លាប់ចង់ស្លាប់
និង ៣៦,២% ក្នុងចំណោមពួកគេមានបំណងសម្លាប់ខ្លួនកាលពីឆ្នាំទៅ។
អត្រានៃអ្នកចង់ស្លាប់ក្នុងវ័យ ៣០ គឺមានចំនួន ២៥% រីឯវ័យ ៤០ឆ្នាំ គឺ ២៧,៣% ខណៈដែលវ័យ
៥០ឆ្នាំ មានអ្នកចង់ស្លាប់ ២៥,៧% និង៦០ឆ្នាំ គឺ ២០,៤% ចំណែកវ័យ ៧០ឆ្នាំគឺមានចំនួន១៥,៧%។