បណ្តាក្រុមហ៊ុនផលិតទាំងឡាយនឹងធ្វើការដាក់តាំងបង្ហាញវត្តមានសមិទ្ធិផល ultrabook ថ្មី
របស់ខ្លួនដែលប្រើប្រាស់ Chip Ivy Bridge ជំនាន់ថ្មីបំផុតរបស់ Intel នៅក្នុងពិធីតាំងពិព័រណ៌
Computex ២០១២ ដែលនឹងប្រារព្ធធ្វើឡើងនៅទីក្រុង Taipei ក្នុងខែ មិថុនាខាងមុខនេះ។
យោងតាមប្រភពពត៌មានពីទំព័រ DigiTimes របស់តៃវ៉ាន់ បានអោយដឹងថា រាល់សមិទ្ធិផល
កុំព្យូទ័រដែលស្ថិតក្នុងស្រឡាយ Ultrabook ជាមួយ Chip Ivy Bridge នឹងត្រូវធ្វើការដាក់តាំង
បង្ហាញវត្តមាននៅក្រោយរយៈពេលពីរខែបន្ទាប់ពី Intel ធ្វើការដាក់តាំងបង្ហាញសមិទ្ធិផល
Chip ជំនានថ្មីបំផុតរបស់ខ្លួននេះ។ ទន្ទឹមនឹងនោះដែរស្ទើរតែសមិទ្ធិផល ultrabook ដំបូង
បង្អស់សុទ្ធតែប្រើប្រាស់ chip Ivy Bridge លំដាប់ខ្ពស់គឺ Core i5 ទាំងអស់ផងដែរ។ ក្នុងនោះ
Acer និង Asus គឺជាក្រុមហ៊ុនចំនួនពីរដែលនឹងធ្វើជាអ្នកត្រួសត្រាយផ្លូវមុនគេក្នុងការបង្ហាញ
វត្តមានសមិទ្ធិផល ultrabook នេះនៅក្នុងកម្មវិធីតាំងពិព័រណ៌ Computex ដែលនឹងធ្វើឡើង
ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមិថុនា ក្នុងទីក្រុងតៃប៉ិ។
ស្របពេលជាមួយគ្នានោះ Microsoft ក៏បានប្រាប់អោយដឹងដែរថាខ្លួននឹងធ្វើការបញ្ជាក់លំអិត
បន្ថែមស្តីពីពត៌មានដែលទាក់ទងនឹងប្រព័ន្ធប្រតិបត្តិការ Windows 8 នៅក្នុងពិធីតាំងពិព័រណ៌
Computex ២០១២ នេះផងដែរ។ ក្រុមហ៊ុន Software ធំជាងគេរបស់អាមេរិកមួយនេះត្រូវបាន
គេជឿជាក់ថានឹងធ្វើការសហការគ្នាជាមួយបណ្តាក្រុមហ៊ុនផលិតកុំព្យូទ័រទាំងឡាយដើម្បីធ្វើ
ដាក់តាំងបង្ហាញវត្តមានគំរូសមិទ្ធិផលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 8 ផងដែរ
និងជាពិសេសនោះ យោងតាម Digitimes, Microsoft នឹង"លាតត្រដឹងអោយដឹង" ពីគំរោង
ដែលខ្លួននឹងបំពាក់ Windows នៅលើ platform chip ARM ទៀតផង។
Computex ២០១២ ជាមួយក្រុមហ៊ុនចំនួន ១៨០០ ដែលបានចូលរួមនិងមាន booth ទាំងអស់
ចំនួន ៥៤០០ ក្នុងនោះមាន booth ចំនួន ៥០ ដែលត្រូវបាន Intel, Acer និង Asus ជួលដោយ
ឡែក។ នេះបើយោងតាមប្រភពពី DigiTimes លើកឡើង។
Chip Ivy Bridge ជាកំណែជំនាន់ថ្មីបន្ទាប់ពីស្រឡាយ chip Sandy Bridge ដែលកំពុងតែដាក់
ប្រើប្រាស់នៅក្នុងសមិទ្ធិផល ultrabook ទូទៅបច្ចុប្បន្ននេះ។ ក្រុមហ៊ុន Intel បានអោយដឹង
ថា Ivy Bridge នឹងបង្កើនកំលាំងប្រតិបត្តិការចំនួន ២០% បន្ថែមទៀតសំរាប់ PC ទូទៅ បើ
ធៀបជាមួយនឹង chip Sandy Bridge និងធ្វើអោយកាន់តែមានភាពប្រសើរឡើងរហូតដល់
៦០% ផ្នែកខាងដំណើរការក្រាហ្វិកដោយសារតែមាន L3 cache។ Chip នេះដំណើរការបាន
ជាមួយបច្ចេកវិទ្យា DirectX 11 និងមានសមត្ថភាពអាចបង្ហាញទិន្នន័យក្នុងពេលតែមួយលើ
អេក្រង់ ៣ ផ្សេងគ្នាទៀតផង។
អ្នកពិភពបច្ចេកវិទ្យាទាំងឡាយបានធ្វើការព្យាករណ៍ថា chip Ivy Bridge នេះនឹងជួយធ្វើអោយ
បណ្តាក្រុមហ៊ុនផលិតទាំងឡាយអាចបញ្ចុះតំលៃសមិទ្ធិផល ultrabook របស់ខ្លួនមកសល់
ត្រឹមតែ ៧៩៩ ទៅ ៨៩៩ ដុល្លាអាមេរិកក្នុងមួយគ្រឿងផងដែរ។
កន្លងមកអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Intel លោក Sean Maloney បានអោយដឹងថានឹង
ធ្វើការពន្យាពេលក្នុងការដាក់បង្ហាញវត្តមាន chip Ivy Bridge ចាប់ពីខែមេសា ដល់ខែមិថុនា។
ប៉ុន្តែថ្មីៗនេះប្រភពពត៌មានពីទំព័រ VR-Zone បានអោយដឹងថា chip ជំនាន់ថ្មីរបស់ Intel នឹង
នៅតែត្រូវបានធ្វើការផលិតអោយបានរួចរាល់តាមគំរោងនៅក្នុងខែមេសាខាងនេះ៕
ប្រភព៖ PCMag
ដោយ៖ រស្មី