ទីភ្នាក់ងារអវកាសអាមេរិក ប្រើប្រាស់បច្ចេកវិទ្យាភ្លើងពណ៌ ក្នុងបន្ទប់ដាំបន្លែលើអវកាស ដើម្បី បង្កលក្ខណៈងាយស្រួលដល់ដំណើរការនៃការសំយោគកាំរស្មីរបស់បន្លែ និងជួយឱ្យអវកាសចរ
មានបន្លែស្រស់ ទទួលទាន។
កាលពីថ្ងៃទី ៤ឧសភា កន្លងទៅ ទីភ្នាក់ងារ NASA បានប្រកាសថា ខ្លួនបានបញ្ជូនសួនបន្លែមួយ
ឡើងទៅស្ថានីយអវកាសអន្ដរជាតិ។ ដូច្នេះ ក្រុមអវកាសចរ នឹងមានឱកាស បរិភោគបន្លែស្រស់
ដែលពួកគេដាំនៅលើ “មេឃ”។
ទំព័រ Live Science បានឱ្យដឹងថា NASA បានប្រើកាំជ្រួច SpaceX នាំទំនិញ ២,៥តោន ឡើងទៅ
កាន់ស្ថានីយអវកាសអន្ដរជាតិ ISS ដើម្បីបម្រើដល់ក្រុមអវកាសចរ ដែលកំពុងបំពេញបេសកកម្ម
នៅទីនោះ។ ក្នុងចំណោមទំនិញនោះ ក៏មានបន្ទប់ដាំបន្លែ ដែលមានឈ្មោះថា Veggie ។
បន្ទប់ដាំបន្លែលើអវកាសនេះ ប្រើប្រាស់ប្រព័ន្ធភ្លើង LED ពណ៌ក្រហម ខៀវ និងបៃតង បង្កើត
បានជាពន្លឺពណ៌ស្វាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការនៃការសំយោគកាំរស្មី
របស់បន្លែ។
អ្នកជំនាញការ ឱ្យដឹងថា Veggie នឹងជួយដល់ក្រុមអវកាសចរ ក្នុងការពិសោធអំពីលទ្ធភាព
ដាំដុះ នៅលើអវកាស។
គ្រាប់ពូជដែលត្រូវបាននាំយកទៅដាំនៅលើ ISS គឺជា ប្រភេទសាឡាត និង ផ្កា zinnia ។ ក្រុម
អវកាសចរ នៅលើ ISS នឹងត្រូវផ្ញើបន្លែដែលពួកគេបានប្រមូលផលលើកដំបូង មកកាន់ផែនដី
ឱ្យ NASA ធ្វើការពិសោធ ដើម្បីដឹងថា តើវាមានសុវត្ថិភាពដែរទេ នៅពេលទទួលទាន។ ក្រោយ
មក ទើបក្រុមអវកាសចរ អាចទទួលទានបន្លែដែលពួកគេដាំដោយខ្លួនឯង។
ទំព័រ Guardian ដកស្រង់សម្ដីរបស់សាស្ដ្រាចារ្យ Ian Crawford មកពីសកលវិទ្យាល័យអង់គ្លេស
ឱ្យដឹងថា លទ្ធភាពនៃការដាំដុះនៅលើលំហអាកាស នឹងមានសារសំខាន់ខ្លាំង ចំពោះបេសកកម្ម
អវកាសដែលមានរយៈពេលយូរ ពិសេស នៅពេលមនុស្សបង្កើតមូលដ្ឋាន នៅលើព្រះចន្ទ ឬ
ភពអង្គារ។
ប្រែសម្រយលដោយ ៖ តារា
ប្រភព ៖ theguardian/sciencerecorder