(ពិភពលោក)៖ បច្ចុប្បន្នចំនួនអ្នកប្រើប្រាស់ Internet បានកើនឡើងយ៉ាងគំហុក ដោយសារតែតម្លៃនៃសេវាកម្ម Internet និងស្មាតហ្វូនមានតម្លៃទាប ដែលជាហេតុនាំឲ្យមនុស្សជាច្រើន មានលទ្ធភាពក្នុងការប្រើប្រាស់។តើលោកអ្នកមានដឹងទេថា ប្រទេសណា ដែលមានចំនួនអ្នកប្រើ Internet ច្រើនជាងគេបំផុត?
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះប្រទេស ដែលមានចំនួនអ្នកប្រើ Internet ច្រើនជាងគេបំផុត ដែលត្រូវបានចេញផ្សាយដោយទស្សនាវដ្ដី Forbes៖
០១) ប្រទេសចិន
គិតត្រឹមខែមិថុនា ឆ្នាំ២០១៦នេះ ចំនួនអ្នកប្រើប្រាស់ Internet នៅក្នុងប្រទេសចិន បានកើនដល់ជាង៧២០លាននាក់ ស្មើនឹងជាង ៥២ភាគរយនៃប្រជាជនចិនសរុប។ បើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលបណ្ដាញ Internet ចិន (CNNIC) បានឲ្យដឹងថា ក្នុងចំណោមអ្នកប្រើ Internet ទាំងអស់ មាន៩២ភាគរយប្រើនៅលើទូរស័ព្ទ។
០២) ប្រទេសឥណ្ឌា
មិនត្រឹមតែជាប្រទេសដែលមានប្រជាជនច្រើនលំដាប់ទី២ប៉ុណ្ណោះទេ សូម្បីតែចំនួនអ្នកប្រើប្រាស់ Internet ក៏ជាប់លេខ២ផងដែរ។ យោងតាមការចេញផ្សាយ របស់ទស្សនាវដ្ដីខាងលើ បានឲ្យដឹងថា ចំនួនអ្នកប្រើ Internet នៅឥណ្ឌា មានរហូតដល់ទៅជាង ៤៦២លាននាក់ ស្មើនឹង ៣៤.៨ភាគរយនៃប្រជាជនសរុប។ ចំនួនអ្នកប្រើប្រាស់ Internet នៅឥណ្ឌាសម្រាប់ឆ្នាំនេះ បានកើនឡើងជាង ៣០ភាគរយ បើធៀបនឹងឆ្នាំមុន។
០៣) សហរដ្ឋអាមេរិក
បើទោះបីជាសហរដ្ឋអាមេរិក ជាប្រទេសជឿនលឿន និងរីកចម្រើនខ្លាំង ជាពិសេសគឺវិស័យបច្ចេកវិទ្យាក្ដី ប៉ុន្តែចំនួនអ្នកប្រើប្រាស់ Internet នៅចាញ់ប្រទេសចិន និងឥណ្ឌា។ យោងតាមការរបាយការណ៍បានបង្ហាញឲ្យដឹងថា អ្នកប្រើប្រាស់ Internet នៅអាមេរិកមានចំនួនជាង ២៨៦លាននាក់ ស្មើនឹងជាង ៨៨ភាគរយនៃប្រជាជនសរុប ហើយបើធៀបនឹងឆ្នាំមុន កើនឡើងត្រឹមតែ ១.១ភាគរយប៉ុណ្ណោះ។
០៤) ប្រទេសប្រេស៊ីល
ជាប្រទេសដែលធំជាងគេនៅអាមេរិកខាងត្បូង និងអាមេរិកឡាទីន ហើយក៏ជាប្រទេសដែលមានផ្ទៃដី និងចំនួនប្រជាជនច្រើនជាងគេលំដាប់ទី៥ផងដែរ។ ប្រទេសដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Olympic Games 2016 មួយនេះ មានចំនួនអ្នកប្រើប្រាស់ Internet ជាង ១៣៩លាននាក់ ស្មើនឹងជាង ៦៦ភាគរយនៃប្រជាជនសរុប។ ការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ Internet នេះ បើធៀបនឹងឆ្នាំមុន កើនឡើង៥ភាគរយ។
០៥) ប្រទេសជប៉ុន
ជាប្រទេសដីកោះមួយ ដែលមានការរីកចម្រើនខ្លាំងលើវិស័យបច្ចេកវិទ្យា។ យោងតាមការចេញផ្សាយរបស់ទស្សនាវដ្ដីខាងលើបានឲ្យដឹងថា អ្នកប្រើប្រាស់ Internet នៅជប៉ុន មានចំនួនជាង ១១៥លាននាក់ ស្មើនឹង៩១ភាគរយនៃប្រជាជនសរុប ដែលកើនឡើងត្រឹមតែ ០.១ភាគរយប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុន។
០៦) ប្រទេសរុស្ស៊ី
ប្រទេសអតីតសហភាពសូវៀតមួយនេះ ត្រូវបានគេបញ្ជាក់ឲ្យដឹងថា មានចំនួនអ្នកប្រើប្រាស់ Internet រហូតដល់ជាង ១០២លាននាក់ ស្មើនឹងជាង ៧១ភាគរយនៃប្រជាជនសរុប។ អត្រានៃការកើនឡើងនៃចំនួន អ្នកប្រើប្រាស់ Internet របស់ប្រទេសដែលគ្រប់គ្រង់ដោយបុរសខ្លាំង Vladimir Putin នេះ មានត្រឹមតែ ០.៣ភាគរយប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុន។
០៧) ប្រទេសនីហ្សេរីយ៉ា
ជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងលិច ដែលត្រូវបានគេដាក់ឈ្មោះឲ្យថា «យក្សអាហ្វ្រិក»។ គិតត្រឹមតែមិថុនាកន្លងទៅនេះ ចំនួនអ្នកប្រើប្រាស់ Internet នៅនីហ្សេរីយ៉ា មានជាង ៨៦លាននាក់ ស្មើនឹង ៤៦ភាគរយនៃប្រជាជនសរុប ដោយនៅឆ្នាំនេះ ចំនួនអ្នកប្រើប្រាស់ Internet បានកើនឡើង៥ភាគរយ បើធៀបនឹងឆ្នាំមុន។
០៨) ប្រទេសអាល្លឺម៉ង់
ជាប្រទេសមួយស្ថិតនៅក្នុងតំបន់អឺរ៉ុប ហើយក៏ជាសមាជិកនៃសហភាពអឺរ៉ុប ដែលសកម្មជាងគេបំផុត ក្នុងការចូលរួមដោះស្រាយបញ្ហានៅអឺរ៉ុប។ បច្ចុប្បន្នប្រទេសមួយនេះ មានចំនួនអ្នកប្រើ Internet ជាង ៧១លាននាក់ ស្មើនឹងជាង៨៨ភាគរយនៃប្រជាជនសរុប។ បើនិយាយពីអត្រានៃការកើនឡើងវិញ បើធៀបនឹងឆ្នាំមុន កើនឡើងត្រឹមតែ ០.៦ភាគរយប៉ុណ្ណោះ។
០៩) ចក្រភពអង់គ្លេស
ជាប្រទេសមួយ ដែលទើបតែបោះឆ្នោតប្រជាមតិចាកចេញពី សហភាពអឺរ៉ុបបានសម្រេចកាលពីខែមិថុនា និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនៅអឺរ៉ុបផងដែរ។ យោងតាមរបាយការណ៍បានឲ្យដឹងថា នៅចក្រអង់គ្លេសមានចំនួនអ្នកប្រើ Internet ៦០លាននាក់ ស្មើនឹងជិត ៩៣ភាគរយនៃចំនួនប្រជាជនសរុប។
១០) ប្រទេសម៉ិកស៊ិក
ជាប្រទេសដែលមានព្រំដែនជាប់សហរដ្ឋអាមេរិក និងជាប្រទេសដែលល្បីខាងគ្រឿងញៀនមួយផងដែរ។ បច្ចុប្បន្ននេះ ចំនួនអ្នកប្រើ Internet នៅម៉ិកស៊ិក មានជាង៥៨លាននាក់ ស្មើនឹងពាក់កណ្ដាលនៃប្រជាជនសរុប ដោយនៅឆ្នាំនេះកើនតឡើងជាង ២ភាគរយបើធៀបនឹងឆ្នាំមុន៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី