CamNews

ជីវិត និងការងារ 

អគ្គនាយករបស់ Starbucks ទទួលបៀវត្ស ជាង ១៣៧ លានដុល្លារ

ចំនួនប្រាក់បៀវត្សនេះ គឺខ្ពស់បំផុត ក្នុងចំណោមបណ្ដា អគ្គនាយកក្រុមហ៊ុន ដែលស្ថិតក្នុងវិស័យ
លក់រាយ ពាណិជ្ជកម្មផ្នែកអាហារ និងភេសជ្ជៈ នៅអាមេរិក។

អគ្គនាយករបស់ Starbucks លោក Howard Schultz


យោងតាមសេចក្ដីរាយការណ៍ដែលទើបតែបានប្រកាសថ្មីៗនេះ របស់វិទ្យាស្ថានគោលនយោបាយ
សេដ្ឋកិច្ចអាមេរិក (EPI) ឱ្យដឹងថា ក្នុងចំណោមបណ្ដាញក្រុមហ៊ុនទាំង ២៥ ដែលរកស៊ីខាងអាហារ
និងភេសជ្ជៈនៃប្រទេសនេះ គេរកឃើញថា អគ្គនាយករបស់ Starbucks គឺលោក Howard Schultz ទទួលបានប្រាក់បៀវត្សខ្ពស់ជាងគេបង្អស់ គឺ ១៣៧,៥ លានដុល្លារអាមេរិក កាលពីឆ្នាំទៅ។ ប្រាក់
បៀវត្សនេះ ខ្ពស់ជាង ៦ដង ធៀបនឹងអគ្គនាយករបស់ Yum Brands Inc ដែលកំពុងគ្រប់គ្រង KFC
និង Pizza Hut ។

មេដឹកនាំដែលមានប្រាក់បៀវត្សតិចជាងគេបំផុតក្នុងបញ្ជីរបស់ វិទ្យាស្ថានគោលនយោបាយសេដ្ឋ
កិច្ចអាមេរិក (EPI) គឺ អគ្គនាយករបស់ BJ’s Restaurants Inc ដែលទទួលបាន ៨៥០.០០០ ដុល្លារ
អាមេរិក។ BJ’s Restaurants Inc គឺជាក្រុមហ៊ុនដែលធ្វើជំនួញក្នុងវិស័យភេសជ្ជៈមានជាតិអាកុល
កំពុងគ្រប់គ្រង ហាងចំនួន ១៤៨ កន្លែង។

អគ្គនាយករបស់ Starbucks នៅ​ក្នុង​ហាង​មួយ​ដែល​ស្ថិត​ក្នុង​បណ្ដាញ​របស់​គាត់


ទំព័រ Business Insider បានគន់គូរឃើញថា ប្រាក់ចំណូលជាមធ្យម រវាងបណ្ដាអគ្គនាយកក្នុង
បញ្ជីខាងលើនេះ គឺប្រហែល ១០,៩លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៣។ ចំណែកប្រាក់ចំណូល
ជាមធ្យមរបស់បុគ្គលិក បម្រើការនៅក្នុងបណ្ដាភោជនីយដ្ឋានខាងលើ ទទួលបានត្រឹមតែ ពី
៧,២៥ ទៅ ៩,០៨ដុល្លារអាមេរិក ក្នុងមួយម៉ោង។

ចែករំលែកព័ត៌មាន​ នៅលើទំព័រទស្សនាវដ្ដី Mother Jones អគ្គនាយករងរបស់ EPI គឺ លោក
Ross Eisenbrey សម្ដែងការភ្ញាក់ផ្អើលចំពោះលទ្ធផលដែលមានភាពខុសគ្នាឆ្ងាយបែបនេះ។
លោក Ross Eisenbrey ថ្លែងថា ៖ “ត្រឹមតែកន្លះថ្ងៃ បណ្ដាអគ្គនាយកទាំងនេះ អាចរកបានប្រាក់
យ៉ាងច្រើន ខណៈដែលបុគ្គលិករបស់ពួកគេ ត្រូវធ្វើការហត់នឿយពេញមួយឆ្នាំ ក៏មិនស្មើនឹងខ្ទស់
ប្រាក់កន្លះថ្ងៃរបស់ CEO ទាំងនោះ។ ហេតុអ្វី CEO ទាំងនេះ មិនព្រមដំឡើងប្រាក់ខែដល់បុគ្គលិក
របស់ពួកគេ?”។

បញ្ជី​ឈ្មោះ​របស់​បណ្ដា​អគ្គនាយក​ភោជនីយ​ដ្ឋាន​ ដែល​ទទួល​បៀវត្ស​ច្រើន​បំផុត​ នៅ​អាមេរិក


លោក Eisenbrey ក៏បានបង្ហើបឱ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៧៨ ដល់ ឆ្នាំ ២០១៣ ប្រាក់ចំណូល
ជាមធ្យមរបស់បណ្ដាអគ្គនាយក គឺ (សុទ្ធតែត្រូវបានដំឡើងទៅតាមអតិផរណា) កើនឡើងដល់
១.០០០% ចំណែកបុគ្គលិកវិញ ត្រូវបានដំឡើងត្រឹមតែ ១០% ប៉ុណ្ណោះ។ យោងតាមទិន្នន័យរបស់
សមាគមភោជនីយដ្ឋានជាតិ ឱ្យដឹងថា ជាមធ្យម ក្នុងចំណោមជនជាតិអាមេរិក ១០នាក់ គឺមាន
ម្នាក់ ធ្វើការក្នុងវិស័យអាហារ និងភេសជ្ជៈ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Business Insider


Tags: CEO Starbucks EPI Yum Brands Inc