CamNews

យល់ដឹង 

វិធីសង្រ្គោះជីវិតខ្លួនឯង ពេលកប៉ាល់ ឬ​ទូកលិច

រក្សាភាពនឹងនរ ដើម្បីអាចរត់ចេញពីកប៉ាល់ គេចឱ្យឆ្ងាយពីជាយកប៉ាល់ដែលកំពុងតែលិច ស្វែង រកវិធីផ្ដល់សញ្ញាសុំជំនួយសង្គ្រោះ គឺជាប្រការចាំបាច់​បំផុត​ដែល​ត្រូវធ្វើ នៅពេលអ្នកជួបនឹង​បញ្ហា​លិចកប៉ាល់។ ខាងក្រោមនេះ គឺជាបណ្ដា​ប្រការមួយចំនួន ដែលត្រូវធ្វើ ពេលជួបឧបទ្ទវហេតុ លិច​កប៉ាល់។

ជម្រើសសេវាកម្ម

មុនពេលសម្រេចធ្វើដំណើរទេសចរណ៍តាមកប៉ាល់នៅលើទន្លែធំ ឬសមុទ្រ អ្នកត្រូវពិនិត្យ​ឱ្យដឹង​ច្បាស់ថា តើសេវាកម្ម ឬកប៉ាល់នោះ មានសុវត្ថិភាពខ្ពស់ដែរ ឬអត់ និង​មានមធ្យោបាយ​សង្គ្រោះ​បន្ទាន់គ្រប់គ្រាន់ដែរ ឬទេ។

រក្សាភាពនឹងនរ ពេលកប៉ាល់លិច

ការរក្សាភាពនឹងនរ គឺជាកត្តាសំខាន់ដើម្បីរកវិធីដោះស្រាយ នៅពេលកប៉ាល់ ឬទូក កំពុងតែ
លិច។ ប្រសិនជាកប៉ាល់ធំ នោះវានឹងត្រូវចំណាយពេលច្រើនដើម្បីលិចទាំងស្រុង ដូច្នេះ អ្នកក៏​មានពេលច្រើន ដើម្បីរៀបចំសម្រាប់ការប្រឈមនឹងគ្រោះថ្នាក់នេះ។ ករណីមានមនុស្សច្រើន គឺត្រូវតែបែងចែកការងារភ្លាមៗ ក្នុងនោះ មួយក្រុមត្រូវស្វែងរកឧបករណ៍បណ្ដែតទឹក មួយក្រុម​ត្រូវទប់រន្ធទឹក មួយក្រុមត្រៀមអាហារដែលមានស្រាប់។

អ្នកត្រូវមានឧបករណ៍បណ្ដែតទឹកមួយសម្រាប់ខ្លួន ដូចជាពោង អាវពោង ក្ដារឈើធំ ធុងបណ្ដែត
ទឹក។ល។ ក្នុងករណីចាំបាច់ អ្នកក៏អាចប្រើប្រាស់ស្បោង ផ្លុំខ្យល់ឱ្យវាប៉ោង ធ្វើជាពោងបណ្ដែត
លើទឹក។

យកអាហារតាមខ្លួន

ចូរយកតាមខ្លួន នូវអាហារ និងទឹកឱ្យបានគ្រប់គ្រាន់សម្រាប់ ៣-៤ ថ្ងៃ។ ប្រសិនជាអាច អ្នកត្រូវ
យក​តាមខ្លួន នូវឧបករណ៍បញ្ចេញពន្លឺ ដើម្បីទុកធ្វើជាសញ្ញាសុំជំនួយសង្គ្រោះ រួមនឹងខ្សែ កញ្ចក់
កាំបិត។

ទម្លាក់ទូកសង្គ្រោះបន្ទាប់

នៅពេលកប៉ាល់ត្រូវលិចបន្ដិចម្ដងៗ ចូរដាក់ទូកសង្គ្រោះបន្ទាន់ចុះទឹក ដាក់របស់របរ និងអាហារ​
ចាំបាច់ ទៅក្នុងទូកនោះ ហើយចុះទៅកាន់ទូកម្ដងម្នាក់ៗ ដោយភាពនឹងនរ មិនដណ្ដើមគ្នា។

ចែវទូកចេញទៅឱ្យឆ្ងាយ

បន្ទាប់ពីចុះទូកសង្គ្រោះបន្ទាប់ភ្លាម អ្នកត្រូវចែវទូកចេញឆ្ងាយពីតំបន់កប៉ាល់ដែលកំពុងលិច ដើម្បី​ចៀសវាងទឹកគួច ឬរលកបោក ពេលកប៉ាល់លិច។

អ្នកក៏មិនត្រូវចែវទូកទៅឆ្ងាយពេកពីតំបន់ជុំវិញនៃកន្លែងកើតហេតុ   ដើម្បីរង់ចាំជំនួយសង្គ្រោះ។​ ក្រោយមក អ្នកទាំងអស់គ្នា ត្រូវប្រមូលផ្ដុំទូកមកជុំគ្នា ដើម្បីងាយស្រួលដល់ការ​ស្វែង​រក​របស់​ក្រុមអ្នកជួយសង្គ្រោះ។ ម្យ៉ាងទៀត ត្រូវគេចចេញពីខ្សែប្រេងដែលហូរចេញពីកប៉ាល់ដែលលិច និងត្រូវផ្ដល់សញ្ញាសុំជំនួយ នៅពេលឃើញយន្ដហោះ កប៉ាល់ ឬទូកដទៃ។


ក្នុងករណីគ្មានទូកតូច ឬមិនអាចចុះទូកតូចបាន

ករណីគ្មានទូកតូច ឬមិនអាចចុះទូកតូចបាន អ្នកត្រូវលោតចុះទឹក ប៉ុន្ដែមុននឹងលោត គឺត្រូវមាន
អាវពោង ឬរបស់ដែលអាចអណ្ដែតលើទឹក។ មុននឹងលោតទៅក្នុងទឹក អ្នកត្រូវជ្រើសរើស​ទិស​ដើម្បីលោត គឺត្រូវលោតដោយត្រង់ជំហរ លោតតាមបណ្ដោយខ្យល់ និងនៅត្រង់ទិសដែល​អ្នក​មើលឃើញថា មិនត្រូវរងគ្រោះដោយសារកប៉ាល់ដែលកំពុងលិច។

ពេលនេះ អ្នកត្រូវស្វែងរកទិសដែលអាចឆ្ពោះទៅកាន់ដីគោក។ ចូរមើលទៅបក្សីសមុទ្រ នៅពេល​ឃើញវាហោះសំដៅទៅទិសខាងណា នោះមានន័យថា ដីគោកនឹងត្រង់នោះ។

ទន្ទឹមនឹងនេះ អ្នកត្រូវប្រើប្រាស់អាហារដែលយកទៅតាមខ្លួន ឱ្យបានត្រឹមត្រូវ ចៀសវាងខ្វះខាត នៅពេលទៅមិនទាន់ដល់ត្រើយ។ ពេលមានភ្លៀង ចូរយកស្បោងដែលបានយកមកជាមួយ ដើម្បី​ត្រងយកទឹកសាបទុកសម្រាប់ផឹក ព្រោះអ្នកមិនអាចផឹកទឹកសមុទ្របាន។

ករណីដែលអស់អាហារមុនពេលដល់ត្រើយ ចូរស្វែងរកសារាយសមុទ្រ ដែលអណ្ដែតនៅលើទឹក។
វិធីហែលដើម្បីមិនឱ្យអស់កម្លាំងច្រើន  នោះគឺការហែលតាមពីក្រោយរលកទឹក។   ចូរប្រើប្រាស់
កម្លាំង​ខ្យល់ និងរលកសមុទ្រដើម្បីអាចហែលមកដល់ច្រាំង៕

 

អត្ថ​បទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ណាត់ជួបមិត្តប្រុសដំបូង មិនគួរស្លៀកពាក់ បែបណា?

សូកូឡា ៖ កំពូលអាហារសម្រាប់ ថ្ងៃ​១៤​កុម្ភៈ

សមត្ថភាពទាយដឹងពីអនាគត គឺគ្រាន់តែជា ដំណើរការ នៃខួរក្បាល


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ time/telegraph/kh


Tags: survive shipwreck ship sinking how to