បើទោះជាត្រូវបានគេមើលឃើញថា ទទួលបានរបបប្រាក់ខែ និងសេវាកម្មល្អបំផុត ប៉ុន្ដែ កីឡាករ កីឡាការិនី នៅកូរ៉េខាងជើង ក៏នឹងអាចក្លាយជាអ្នកទោសគ្រប់ពេល ប្រសិនប្រកួតចាញ់។
ក្រុមកីឡាករ ប្រកួតចាញ់ គ្រូបង្វឹកត្រូវទទួលទោសពលកម្មធ្ងន់
ក្នុងអំឡុងពេលដឹកនាំក្រុមកីឡាករបាល់ទាត់ជម្រើសជាតិ ប្រកួតនៅ World Cup ២០១០ លោក Kim Jong Hun ដែលជាប្រធានក្រុមគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិ កូរ៉េខាងជើង បានអះអាងថា “ខ្ញុំតែងទទួលបានការចង្អុលបង្ហាញអំពីយុទ្ធសាស្ដ្រ ក្នុងរយៈពេលនៃការប្រកួត ពីមេដឹកនាំ Kim Jong-il តាមរយៈទូរស័ព្ទ” ។ នោះគឺជាយុទ្ធសាស្ដ្រដែលមេដឹកនាំរូបនេះ មិនអាចមើលឃើញ ហើយវាក៏ត្រូវបានមេដឹកនាំកំពូលនេះ បង្កើតឡើងដោយគំនិតគាត់ផ្ទាល់។
ប៉ុន្ដែ ប្រការអាក្រក់បានកើតឡើង នោះគឺក្រុមជម្រើសជាតិកូរ៉េខាងជើង ទទួលបរាជ័យ មិនមានលទ្ធភាពប៉ះពាល់ដល់ពាន់រង្វាន់ជើងឯក។ បន្ទាប់ពីបានបរាជ័យ ៣ប្រកួត ពិសេសគឺចាញ់ ព័រទុយហ្គាល់ ៧ ទល់នឹង ០ ទាំងគ្រូបង្វឹក ទាំងកីឡាករបាល់ទាត់ជម្រើសជាតិកូរ៉េខាងជើង ត្រូវបានចោទប្រកាន់ពីបទក្បត់ឧត្តមគតិជាតិ។
នៅក្នុងសាលមួយ ក្នុងវិមានវប្បធម៌ព្យុងយ៉ាង បណ្ដាកីឡាករដែលបានចូលរួមប្រកួត World Cup ២០១០ ត្រូវបានគេស្ដីបន្ទោសនៅចំពោះមុខមន្ដ្រីរដ្ឋាភិបាល កីឡាករ និងនិស្សិតផ្នែកកីឡា ចំនួន ៤០០រូប។ លោក Ri Dong Kyu អ្នកអធិប្បាយផ្នែកកីឡារបស់ស្ថានិយទូរទស្សន៍ជាតិកូរ៉េខាងជើង បានធ្វើការរិះគន់លើចំណុចខ្សោយ របស់កីឡាករម្នាក់។
ក្រៅពីនេះ គ្រូបង្វឹក លោក Kim Jung Hun ត្រូវបានគេបណ្ដេញចេញពីបក្ស និងត្រូវបានដាក់ទោសឱ្យទៅធ្វើពលកម្មធ្ងន់ នៅការដ្ឋានសាងសង់មួយ រយៈពេល ១៤ម៉ោង/ថ្ងៃ។
អតីតប្រធានគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិ លោក Kim Jong Hun
ជាងនេះ មូលហេតុមួយ ក្នុងចំណោមកត្តាជាច្រើនធ្វើឱ្យក្រុមកីឡាករទាំងនេះ មានកំហុសធំ គឺដោយសារពួកគេបណ្ដោយឱ្យចាញ់ ១ទល់ ២ ពេលប្រកួតជាមួយប្រេហ្សីល។ នេះគឺជាការប្រកួតដែលត្រូវបានចាក់ផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ជាតិ។
ឈ្នះក្លាយជាអ្នកក្លាហាន ចាញ់ធ្វើជាអ្នកទោស
នៅក្នុងវ័យ ៤៥ឆ្នាំ អតីតកីឡាករក្បាច់គុន judo របស់កូរ៉េខាងជើង គឺលោក Lee Chang Soo បច្ចុប្បន្ន រស់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានចាកឆ្ងាយពីក្ដីស្រមៃទទួលបានជ័យជំនះនៅ Olympic ប៉ុន្ដែលោកនៅតែជឿថា ម្នាក់ក្នុងចំណោមកូនប្រុសទាំងបីនាក់របស់គាត់នឹងទទួលបានជោគជ័យជំនួសគាត់ ក្នុងការដណ្ដើមយកមេដាយនៅ Olympic និងវ៉ៃឈ្នះកីឡាករកូរ៉េខាងជើង។
លោក Lee Chang Soo ថ្លែងថា ៖ “នោះគឺត្រូវតែជាមេដាយមាស Olympic ។ ខ្ញុំចង់ឱ្យពួកគេ (កូរ៉េខាងជើង) ឃើញថា មនុស្សម្នាក់ដែលធ្លាប់បានចាញ់ បានចិញ្ចឹមកូនឱ្យមានកំណើតបែបណា ហើយនឹងមិនត្រូវបានគេផ្ដួលឱ្យដួល។ នោះគឺជាការចាប់ផ្ដើមនៃការសងសឹករបស់ខ្ញុំ ” ។
ក្រុមកីឡាករកូរ៉េខាងជើង នៅព្រលានយន្ដហោះព្យុងយ៉ាង
ក្នុងអំឡុងពេលនៃការដណ្ដើមបានមេដាយមាសចំនួនបី នៅក្នុងការប្រកួតនៅ Olympic ឆ្នាំ ១៩៨៥ ក្នុងប្រទេសជប៉ុន លោក Lee Chang Soo ទទួលបានសិទ្ធិពិសេសៗជាច្រើនដែលរដ្ឋបានកំណត់សម្រាប់កីឡាករឆ្នើមរបស់កូរ៉េខាងជើង ក្នុងនោះមានដូចជា បានក្លាយបក្សជន ទទួលបានរថយន្ដ Mercedes Benz ទូរទឹកកក ប្រាក់រង្វាន់ និងផ្ទះ។ល។ ជាងនេះ កីឡាករឆ្នើមដូចគាត់ ក៏ត្រូវបានតែងតាំងជាវិរបុរស និង ជា កីឡាករប្រជាជន។
ប៉ុន្ដែ ប៉ុន្មានឆ្នាំក្រោយមក នៅពេលលោក Lee Chang Soo បានប្រកួតចាញ់កីឡាករកូរ៉េខាងត្បូង ជីវិតរបស់គាត់ក៏បានឈានដល់ទំព័រថ្មី។ លោកថ្លែងថា ៖ “ខ្ញុំត្រូវបានគេបញ្ជូនទៅធ្វើពលកម្មនៅតំបន់រ៉ែធ្យូងមួយ ក្រោយពីប្រកួតចាញ់កីឡាករកូរ៉េខាងត្បូង ជាលើកទីមួយ នៅ Beijing Asian Games”។
ដោយសារតែរស់នៅក្នុងស្ថានភាពបាត់បង់ភាពម្ចាស់ការជាកីឡាករ លោក Lee Chang Soo ក៏បានបណ្ដោយឱ្យចាញ់ដោយចេតនា ក្នុងការប្រកួតនៅអេស្ប៉ាញ ឆ្នាំ ១៩៩១ ៖ “ខ្ញុំបានគិតថា ហេតុអ្វីក៏ខ្ញុំត្រូវឈ្នះ? ប្រសិនដណ្ដើមបានមេដាយមាស វាបានទៅកូរ៉េខាងជើង មិនមែនខ្ញុំនោះទេ។ ដើម្បីខ្លួនឯង ខ្ញុំក៏ធ្វើជាចាញ់ និងស្វែងរកវិធីរើខ្លួន” ។
ដោយមិនអាចដាក់ទោសដល់លោក Lee Chang Soo ក្រុមមន្ដ្រីបក្សកុម្មុយនិស្ដកូរ៉េខាងជើង ក៏ងាកមកធ្វើបាបក្រុមគ្រួសាររបស់លោក។ បងប្រុសរបស់លោក ត្រូវបានបញ្ជូនទៅធ្វើពលកម្មនៅក្នុងរោងម៉ាស៊ីនឈើមួយកន្លែង ចំណែកសមាជិកដទៃក្នុងគ្រួសារលោក សុទ្ធតែត្រូវបានបញ្ជូនទៅធ្វើការយ៉ាងលំបាក នៅតំបន់រ៉ែធ្យូង។
ចាញ់កូរ៉េខាងត្បូង គឺក្បាត់
Woo Young Lee សាស្ដ្រាចារ្យនៅមហាវិទ្យាល័យកូរ៉េខាងជើង ធ្លាប់រៀននៅក្រុង Seoul បានឱ្យដឹងថា ៖ “ក្នុងសង្គមកូរ៉េខាងជើង កីឡាករត្រូវបានគេគោរពដូចជាវរជន ហើយពួកគេត្រូវបានគ្រប់គ្រង ហ្វឹកហាត់ និងទទួលការឧបត្ថម្ភ ខ្នាតជាតិ” ក្នុងបំណងនាំមកនូវភាពអស្ចារ្យជូនប្រទេស។
លោក Bang Gu Kyeong អតីតសិស្ស Taewondo ជនជាតិកូរ៉េខាងជើង នៅកូរ៉េខាងត្បូង និយាយថា កីឡាករកូរ៉េខាងជើង ត្រូវបាននាំចូលសិក្សានៅតាមបណ្ដាសាលាពិសេស តាំងពីពួកគេនៅក្មេង ហើយពួកគេទទួលបានប្រាក់ខែ និងអាហារប្រចាំថ្ងៃ។
គ្រូបង្វឹកអត្ដពលកម្មកូរ៉េខាងជើង នាង Jong Sun Yong កំពុងណែនាំសិស្ស នៅព្យុងយ៉ាង
ប៉ុន្ដែ សម្រាប់កីឡាករទាំងអស់ ប្រសិនបានប្រកួតចាញ់ ពិសេសចាញ់ អាមេរិក និងកូរ៉េខាងត្បូង គឺមានន័យស្មើនឹងការត្រូវបានគេចោទថា ក្បត់នឹងឧត្តមគតិប្រយុទ្ធរបស់បក្ស មិនស្មោះត្រង់នឹងមេដឹកនាំ។
បន្ទាប់ពីចាញ់ការប្រកួត បណ្ដាកីឡាករបរាជ័យនឹងត្រូវបានបញ្ជូនទៅឃុំខ្លួន រង់ចាំកិច្ចប្រជុំមួយដើម្បីកំណត់ទោស។ ប្រសិនត្រូវបានកំណត់ទោសថា “មិនស្មោះត្រង់” ពួកគេនឹងត្រូវបណ្ដេញចេញពីវិស័យកីឡា ហើយត្រូវបានបញ្ជូនទៅពលកម្មយ៉ាងវេទនា ឬក៏ត្រូវជាប់ពន្ធនាគារក៏មាន។
អត្ថបទប្លែកៗសំខាន់ៗដែលគួរចាប់អារម្មណ៍ ៖
កូរ៉េខាងជើង ៖ មិនយំស្រណោះមេដឹកនាំប្រទេស គឺត្រូវមានទោស
ស្រីស្អាតសាច់ដុំកង់ៗ ធ្វើឱ្យបុរសទាំងឡាយ ប្រាថ្នាផង ច្រណែនផង
រំជួលចិត្ត៖ ឆ្កែមួយក្បាល ប្រើច្រមុះ ឈ្មួសកាយដីកប់ខ្មោច កូនឆ្កែមួយក្បាលទៀត (មានវីដេអូ)
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH