(វ៉ាស៊ីនតោន)៖ ថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០១៦ នេះ គឺជាខួបទី ០៥ឆ្នាំ នៃមរណៈភាពរបស់បិតាស្ថាបនិក ក្រុមហ៊ុន Apple លោក Steve Jobs ហើយថ្វីត្បិតតែគ្មានបុរសម្នាក់នេះ ក៏ក្រុមហ៊ុន Apple នៅតែខ្លាំង និង រឹងមំាដដែល ក៏ប៉ុន្តែការសង្ស័យនៅតែមាន ចំពោះអានាគតរបស់ក្រុមហ៊ុនម៉ាកសញ្ញាផ្លែប៉ោមកញ្ឆែប ខណៈទីផ្សារប្រកួតប្រជែងនៅលើពិភពលោករឹតតែខ្លាំងក្លា។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មានបារំាង Express នៅព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។
កាលពីចុងខែកញ្ញា ឆ្នាំ២០១៥ ប្រាក់ចំណេញដុលរបស់ក្រុមហ៊ុន Apple បានកើនឡើងដល់ ៥៣ពាន់លានដុលា្លរ ជាមួយនឹងប្រាក់ចំណូលសរុបជាង ២៣៤ពាន់លានដុល្លារ ដែលតួលេខនេះ បានកើនឡើងទ្វេដងចាប់តំាងពីលោក Steve Jobs ទទួលមរណៈភាពដោយសារជំងឺមហារីកលំពែង នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១។
ទោះជាយ៉ាងណាក៏ដោយ អវត្តមានរបស់លោក Steve Jobs បានបង្កជាការសង្ស័យដែលនៅតែ កើតមានឡើង ចំពោះអានាគតក្រុមហ៊ុន Apple និងនាយកប្រតិបត្តិលោក Tim Cook។ តួរយ៉ាង អ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Jackdaw Research លោក Jan Dawson បាននិយាយថា លោក Tim Cook ត្រូវបានទទួលស្វាគមន៍ពេលលោកមកគ្រប់គ្រងក្រុមហ៊ុន Apple ក៏ប៉ុន្តែគ្មាននរណាម្នាក់ មើលឃើញថាគាត់ដូចលោក Steve Jobs នោះទេ។
អ្នកជំនាញរូបនេះបន្ថែមថា លោក Cook គឺជាអ្នកទទួលខុសត្រូវលើផ្នែកប្រតិបត្តិការ ហើយនេះពិតជា ល្អសម្រាប់បណ្ដាញអ្នកផ្គត់ផ្គង់ក្នុងការផលិត។ គាត់ស្គាល់ពីសមត្ថភាពរបស់ខ្លួនឯង និង ក៏ដឹងថាលោកមិនមែនជាលោក Steve Jobs នោះដែរ។
គួរបញ្ជាក់ថា លោក Steve Jobs កើតនៅថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ១៩៥៥ នៅក្នុងទីក្រុង សាន់ហ្រា្វន់ស៊ីស្កូ នៃរដ្ឋកាលីហ្វរញ៉ា ហើយលោកបានបង្កើតក្រុមហ៊ុន Apple នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៦ និង បានទទួល មរណៈភាពដោយសារជំងឺមហារីកលំពែង នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១១៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង