CamNews

ព័ត៌មានបច្ចេកវិទ្យា 

បញ្ឈប់លោក Steve Jobs ពីការងារ គឺជាកំហុស ដ៏ធំមួយ

នៅក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ លោក John Sculley អតីតនាយកប្រតិបត្តិរបស់ Apple បានទទួលស្គាល់ថា ការបញ្ឈប់ការងារស្ថាបនិក Steve Jobs ចេញពី Apple កាលពីឆ្នាំ ១៩៨៥ គឺជា កំហុសដ៏ធំមួយ។

ឆ្លើយតបជាមួយនឹងកាសែត Times of India លោក Sculley បានទទួលស្គាល់ដោយស្មោះពីចិត្ត នូវ កំហុសនេះ ដែលបង្កឲ្យមានការខាតបង់ជាច្រើនដល់ក្រុមហ៊ុន រហូតដល់ក្រោយមក បានធ្លាក់ក្នុងស្ថាន ភាពស្ទើរតែក្ស័យធនតែម្តង។ ជាក់ស្តែង លោក Sculley ក៏បានឲ្យដឹងថា ការសម្រេចចិត្តបញ្ឈប់ការងារ លោក Steve Jobs គឺមានហេតុផលច្រើនដែរ នៅក្នុងពេលវេលានោះ ព្រោះថាអត្តចារឹករបស់ Jobs គ្រានោះ ពិបាកជាង (ពិបាកធ្វើការជាមួយ) កាលពេលគាត់នៅវ័យក្មេងទៅទៀត។

"ខ្ញុំគិតថា កាលពីអតីតកាល ការដែលឲ្យស្ថានិក Jobs ចាកចេញពីក្រុមហ៊ុន គឺជាកំហុសឆ្គងមួយ ហើយខ្ញុំក៏មានចំណែកខុសមួយ ក្នុងកំហុសឆ្គងនោះ", Sculley ចែករំលែកជាមួយកាសែត Times of India។ Sculley បានបន្តឲ្យដឹងថា "ជាក់ស្តែង Steve Jobs នៅឆ្នាំ ១៩៨៥ គឺមិនមែនជា Steve Jobs នៅឆ្នាំ ១៩៩៧ ឡើយ។ ពេលត្រលប់មកវិញ គាត់បានក្លាយទៅជាមេដឹកនាំ ដ៏អស្ចារ្យម្នាក់ ក្នុងពេល ដែលកាលពីបណ្តាឆ្នាំក្នុងទស្សវត្សរ៍ទី៨០ គាត់គ្រាន់តែជាអ្នកដឹកនាំវ័យក្មេងម្នាក់ ដែលកំពុងរៀនសូត្រ ការងារប៉ុណ្ណោះ "។

បន្ទាប់ចាកចេញពី Apple, Jobs បានប្រើពេលវេលាជាច្រើនក្នុងការដែលនាំ Pixar ដែលជាក្រុមហ៊ុន មួយត្រូវបានទិញពីសាខាក្រាហ្វិកកុំព្យូទ័ររបស់ LucasFilm ឲ្យក្លាយទៅជាក្រុមហ៊ុនផលិតរឿងកុត្តតា ល្បីឈ្មោះដូចជា Toy Story, Monster Inc. និង Finding Nemo។ គាត់បានត្រលប់មក Apple វិញធ្វើជា នាយកប្រតិបត្តិ ក្នុងពេលដែលក្រុមហ៊ុន កំពុងស្ថិតក្នុងស្ថានភាពជិតក្ស័យធនទៅហើយ។

បើទោះជាចុងក្រោយ Jobs ក៏បានប្រែក្លាយ Apple ទៅជាក្រុមហ៊ុនទទួលបានផលចំណេញច្រើនជាង គេនៅលើពិភពលោកក៏ដោយ ក៏លោក Sculley នៅតែមានអារម្មណ៍សោកស្តាយ ដែលពីដំបូងឡើយ Apple បានឆ្លងកាត់នូវព្យុះភ្លៀងច្រើនដល់ថ្នាក់ហ្នឹង។ គាត់បាននិយាថា: "ខ្ញុំគិតឡើងវិញ គឺអាចមានវិធី ដើម្បីឲ្យខ្ញុំ និង Steve Jobs មិនចាំបាច់ប្រឈមមុខដាក់គ្នា ហើយពួកយើងអាចធ្វើការងារ ជាមួយគ្នា បាន"។

បច្ចុប្បន្នលោក Sculley គឺជាស្ថានិកម្នាក់របស់ Obi Mobiles ដែលជាក្រុមហ៊ុនទូរស័ព្ទតំលៃថោកមួយ ដំណើរការនៅតាមបណ្តាទីផ្សារ កំពុងអភិវឌ្ឍ៕ 

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: Steve Jobs big mistake CEO Apple Hightech