Google កំពុងតែធ្វើការបង្រ្កាបលើការផ្សាយពាណិជ្ជកម្មទាក់ទងនឹងរូបិយប័ណ្ណ Digital ។ ក្រុមហ៊ុន Google នឹងមិនអនុញ្ញាតឲ្យមានការផ្សាយពាណិជ្ជកម្មទាក់ទងនឹងរូបិយប័ណ្ណ Digital ដែលរួមបញ្ចូលទាំង (ICOs) កាបូបលុយ (រូបិយប័ណ្ណDigital)និងពាណិជ្ជកម្មណាមួយទាក់ទងនឹងរូបិយប័ណ្ណ Digital ។ ហើយការផ្លាស់ប្តូរនេះគឺស្រដៀងជាមួយករណីរបស់ Facebook កាលពីដើមឆ្នាំនេះដែរ ។
លោក Scott Spencer បានប្រាប់ CNBC ថា ក្រុមហ៊ុនបច្ចុប្បន្នកំពុងធ្វើគោលនយោបាយពាណិជ្ជកម្មទាក់ទងនិងសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីហាមឃាត់ការផ្សាយពាណិជ្ជកម្មណាមួយ ដែលទាក់ទងនឹងមាតិការូបិយប័ណ្ណ Digital ។
នេះគឺមានន័យថា សូម្បីតែក្រុមហ៊ុនស្របច្បាប់ក៏មិនត្រូវបានអនុញ្ញាតឲ្យផ្សាយពាណិជ្ជកម្មតាមរយៈ Google ដែរ ប្រសិនបើវាទាក់ទងជាមួយនឹងរូបិយប័ណ្ណ Digital ។ ហើយព័ត៌មានមួយនេះនឹងចូលជាធរមាន នៅខែមិថុនា ឆ្នាំ ២០១៨ ខាងមុខនេះ ។
ក្រុមហ៊ុន Google បាននិយាយថា ខ្លួនបានកាត់បន្ថយការផ្សាយពាណិជ្ជកម្មជាង ៣,២ ពាន់លាន នៅក្នុងឆ្នាំ ២០១៧ ដែលបានរំលោភលើគោលនយោបាយរបស់ខ្លួន ។ ហើយស្ទើរតែទ្វេដងនៃចំនួន ១,៧ ពាន់លាន ដែលមិនត្រឹមត្រូវតាមលក្ខខណ្ឌ ដែលខ្លួនបានដកចេញកាលពីឆ្នាំមុន ។
គួរបញ្ជាក់ឲ្យដឹងថា ព័ត៌មាននេះបានចេញផ្សាយ ខណៈពេលដែលក្រុមហ៊ុន Google បានបញ្ចេញនូវទំនុកចិត្តនិងសុវត្ថិភាព "trust and safety" ប្រចាំឆ្នាំរបស់ខ្លួន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ cnbc